ដោយៈ បូកគោ / កំពតៈ អាជ្ញាធរខេត្តកំពត កាលពីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានប្រើប្រាស់គ្រឿងចក្រ វាយកម្ទេចសំណង់ ព្រមទាំងកាយអាចម៍ដី ចេញពីក្នុងព្រែក ក្បាលរមាស ស្ថិតនៅភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ដែលជនខិលខូច មិនព្រម អនុវត្តតាមសេចក្តីជូនដំណឹង ហើយព្យាយាមសាងសង់ លើចំណីព្រែក និងចាក់ដីលុប ព្រែក ដើម្បីយកធ្វើជាកម្មសិទ្ធិ។
លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត បានបញ្ជាក់ថាៈ នៅទីតាំងនេះ អាជ្ញាធរ បានជូនដំណឹងជាច្រើនលើកមកហើយ ដោយតម្រូវឱ្យអ្នកប៉ុនប៉ង កាន់កាប់ដីរបស់រដ្ឋ រុះរើសំណង់ និងកាយអាចម៍ដី ចេញពីព្រែកវិញ។ ឱសាវាទនៃ សេចក្តីជូនដំណឹងចុង ក្រោយ គឺថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ ព្រោះតែអ្នកប្រព្រឹត្ត មិនអនុវត្តតាមសេចក្តីជូនដំណឹង ទើបថ្ងៃនេះ ក្រោមបទបញ្ជា ពីលោកអភិបាលខេត្ត និងមានតំណាងអយ្យការ អមសាលាដំបូង ខេត្តកំពត ចូលរួមផង កម្លាំងនៃគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក៏ចុះមករុះរើសំណង់ សង់លើចំណីព្រែក ធ្វើឡើងដោយជនខិលខូច ពីរ គ្រួសារ ព្រមទាំងកាយអាចម៍ដី ដែលបានចាក់ចូលព្រែកចេញវិញ។
លោកអភិបាលរងខេត្ត បានបន្តថាៈ បន្ទាប់ពីបានអនុវត្ត នៅទីនេះរួច រដ្ឋបាលខេត្ត នឹងបង្ក្រាបគ្រប់ទីតាំង ដែលបាននិងកំពុងបំពានយកដីរដ្ឋ បំណងកាន់កាប់ ជាកម្មសិទ្ធិ បន្តទៀត។ ម្ល៉ោះហើយ សេចក្តីជូនដំណឹង នឹងធ្វើឡើង សម្រាប់ទីតាំង ដែលកំពុងបំពាន លើដីសាធារណៈរបស់រដ្ឋ។ បើម្ចាស់មិនអនុវត្តនោះ រដ្ឋបាលខេត្ត នឹងចាត់វិធានការ ដូចគ្នានេះដែរ។
លោក សេង សិរីបុត្រ បានអំពាវនាវថាៈ ដើម្បីបញ្ចៀស ការខាតបង់ផ្សេងៗ សូមប្អូនដែល កំពុងសាងសង់ សំណង់គ្រប់ប្រភេទ លើដីរបស់រដ្ឋ ផ្អាកសកម្មភាពជាបន្ទាន់ ព្រោះដីសាធារណៈ ត្រូវតែរក្សាឱ្យនៅជាទ្រព្យសម្បត្តិរបស់រដ្ឋ ដោយមិនអាចនរណាម្នាក់ យកទៅកាន់កាប់បានឡើយ។
លោក នៃ គង់ អភិបាលរងខេត្តកំពត ទទួលបន្ទុកកិច្ចការឆ្នេរ បានបញ្ជាក់ថាៈ ទីតាំងដែល រដ្ឋបាលខេត្ត ចុះមករុះរើ នាពេលនេះ គឺពាក់ព័ន្ធនឹងច្បាប់ ស្តីពីដីចំណីព្រែកចំណីទន្លេ ដែលភូមិបាលបានកំណត់រួចរាល់។
លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថាៈ ពេលឃើញមាន ការសាងសង់ នៅទីនេះ រដ្ឋបាលស្រុក បានហាមឃាត់ និងឱ្យអ្នកធ្វើនោះ ផ្អាកតាំងពីដើម ឆ្នាំ២០២០ ពោលគឺ ពេលចាប់ផ្តើមបោះបង្គោលរបងឈើម្ល៉េះ។ ប៉ុន្តែក្រោយ អាជ្ញាធរឃុំ តម្រូវឱ្យដកបង្គោលឈើចេញ ស្រាប់តែជននោះ ចាក់ដីលុបចូលដល់ព្រែក និងប្រើ គ្រឿងចក្រ បុកបង្គោលបេតុង លួចធ្វើរបងថ្មតែម្តង។
លោកអភិបាលស្រុក បានបន្តថាៈ ទោះស្រុកបានចេញ សេចក្តីជូនដំណឹង ឱ្យរុះរើរបង និងកាយអាចម៍ដី ចេញពីព្រែកជាច្រើនលើក ក៏អ្នកប្រព្រឹត្ត មិនព្រមអនុវត្តតាមដែរ។ ដោយសារខ្វះទាំងមធ្យោបាយ និងកម្លាំងសម្រាប់ រុះរើសំណង់ដ៏ធំធេងបែបនោះ អាជ្ញាធរស្រុក ក៏ធ្វើរបាយការណ៍ ជូនរដ្ឋបាលខេត្ត រហូតមានចំណាត់ការ នាពេលនេះ។
លោកនាក់ សុវណ្ណារី បានបញ្ជាក់ឱ្យដឹង ពីគម្រោងសម្រាប់ថ្ងៃក្រោយ តទៅ សម្រាប់ទីតាំង ដែលបានរឹបអូស ជាសម្បត្តិរដ្ឋវិញនេះ រដ្ឋបាលស្រុក នឹងគោរពជូនលោក អភិបាលខេត្ត ដោយស្នើសុំស្ថាបនាផ្លូវ និងសួនច្បារ ឱ្យបានល្អប្រសើរ ដើម្បីបម្រើឱ្យ វិស័យទេសចរណ៍៕/V