ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជួបពិភាក្សាការងារ តាមរយ: Zooming ជាមួយក្រុមបេសកកម្មធនាគារ ពិភពលោក ដើម្បីរាយការណ៍ពីវឌ្ឍនភាពស្តីពីការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី៣ (Land Allocation for Social and Economic Development LASED III) និងលទ្ធផលនៃការបំពេញបេសកកម្ម។
លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានសហការជាដៃគូយ៉ាងល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយ: ការគាំទ្រគម្រោងអភិវឌ្ឍជាច្រើនក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងធនាគារពិភពលោកបានគាំទ្រគម្រោង LASED បានអនុវត្តចប់២ជំហ៊ាន និងកំពុងបន្តជាមួយគម្រោង LASED III ដែលបានគិតគូរយ៉ាងយកចិត្តទុកដាក់លើការបង្កើនជីវភាពកសិករដែលមានជីវភាពខ្វះខាត ព្រមទាំងសហគមន៍ជនជាតិដើមភាគតិច ដើម្បីចូលរួមកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។
លោកស្រី ចំរើន មុទិតា ប្រធានប្រតិភូបេសកកម្ម និងជាអ្នកដឹកនាំគម្រោង LASED III របស់ធនាគារពិភពលោក បានថ្លែងអំណរគុណចំពោះ លោក រដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីបានជួបពិភាក្សាការងារតាមរយ: ប្រព័ន្ធពីចម្ងាយ ហើយបានមានប្រសាសន៍ថា តាមរយ:លទ្ធផលដែលក្រុមបេសកកម្ម បានជួបជាមួយភ្នាក់ងារអនុវត្តគម្រោង របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អស់រយ:ពីរសប្តាហ៍រួចមក បានសង្កេតឃើញថា ភ្នាក់ងារអនុវត្តទាំងពីរក្រសួងបានខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្ត ទោះបី ឆ្នាំ២០២១ ជាឆ្នាំមួយដែលពិភពលោក ក៏ដូចជាកម្ពុជាបានរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីត ១៩។
លោកស្រីបានបន្ថែមថា បើពិនិត្យលើវឌ្ឍនភាពជារួម អាចវាយតម្លៃបានថាការអនុវត្តសម្រេចបានក្នុងកម្រិតទាប តែបើធៀបនឹងស្ថានភាពជាក់ស្តែងដែលរងផលប៉ះពាល់ពីជំងឺកូវីត គឺបេសកកម្មធនគារពិភពលោកអាចទទួលយកបាន និងមានការពេញចិត្តចំពោះភាពខិតខំរបស់ក្រុមការងារទាំងពីរក្រសួង។ លោកស្រីបានបញ្ជាក់ថា ចំពោះរយ:ពេលនៃការអនុវត្តក្នុងឆ្នាំបន្តបន្ទាប់ ធនាគារពិភពលោក នឹងសហការឱ្យបានកាន់តែប្រសើរឡើងជាមួយក្រុមការងារនៃក្រសួងទាំងពីរ ដើម្បីជំរុញការរៀបចំផែនការសកម្មភាព ឱ្យមានភាពជាក់ស្តែងនិយម បុរេសកម្ម និងឆ្លើយតបទៅនឹងសភាពជាក់ស្តែង ក្នុងន័យពន្លឿនការងារអនុវត្តឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
នា ឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ត្រីក្រោមឱវាទ ខិតខំរៀបចំចាត់ចែងការងារឱ្យបានម៉ត់ចត់បន្ថែមទៀត ដើម្បីបង្កើនល្បឿននៃការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលា។ លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ក្រុមការងារនៃធនាគារពិភពលោក ក្នុងការសហការគ្នាឱ្យបានល្អជាមួយមន្ត្រីពាក់ព័ន្ធ និងស្នើឱ្យពិនិត្យមើលការងារដែលជាអាទិភាព ដែលអាចជួយជំរុញពន្លឿនការងារសម្រាប់ឆ្នាំក្រោយៗចាប់ផ្តើមបានលឿន។
គួររំលឹកថា គម្រោង LASED IIIគឺជាគម្រោងមួយមាន រយៈពេល ពីឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២៦ មាន ថវិកា ១០៧ លានដុល្លារ នៅក្នុងនោះ ៩៣លានដុល្លារជា កម្ចីពីធនាគារពិភពលោក និង ១៤ លាន ថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ ជួយខេត្តគោលដៅ មួយចំនួន ដូចជា ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ផ្តល់សេវាគាំទ្របច្ចេកទេស សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន កសិករទទួលផលសរុប ១៥.០០០ គ្រួសារ។