ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការនាយក គណបក្សហ្វ៊ុនស៊ិនប៉ិច បានបើកអង្គប្រជុំវិសាមញ្ញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិគ្រោះពិភាក្សា រកមធ្យោបាយ សម្របសម្រួល ដោះស្រាយបញ្ហាផ្ទៃក្នុង និងត្រៀមបេក្ខភាព ដែលមានលក្ខណៈសម្បត្តិ ដើម្បីជ្រើសតាំង ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មី ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយព្រះទិវង្គត។
បើតាមបញ្ជីឈ្មោះ គណៈកម្មាធិការនាយក គណបក្សហ្វ៊ុនស៊ិនប៉ិច គឺលំដាប់លេខរៀង បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលនឹងត្រូវជ្រើសតាំង ជាប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច គឺព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ដែលជាបងប្អូនបង្កើត ជាមួយសម្តេចក្រុមព្រះ ម្តាយទីទៃពីគ្នា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ស្តីពីលទ្ធផល នៃអង្គប្រជុំវិសាមញ្ញ គណៈកម្មាធិការនាយក គណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថាៈ បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយ ព្រះទិវង្គត គណបក្សហ្វ៊ុនស៊ិនប៉ិច ជួបវិបត្តិគ្មានអ្នកដឹកនាំ ពីព្រោះក្នុងលក្ខន្តិកៈ បានតម្រូវ ឲ្យគ្រប់សកម្មភាពការងារ និងការប្រជុំផ្សេងៗ ស្ថិតនៅក្រោមអធិបតីភាព របស់ប្រធាន គណបក្ស។ ក្នុងស្ថានភាពនេះ គណៈកម្មាធិការនាយក បានបើកអង្គប្រជុំវិសាមញ្ញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិគ្រោះពិភាក្សា រកមធ្យោបាយសម្របសម្រួល ដោះស្រាយបញ្ហាផ្ទៃក្នុង ដោយអនុវត្ត តាមស្មារតីលិខិតលេខ ៣២៤១ សជណ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ និងត្រៀមបេក្ខភាព ដែលមានលក្ខណៈ សម្បត្តិ ស្របតាមប្រការ២៦ នៃលក្ខន្តិកៈ ដើម្បីជ្រើសតាំង ជាប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច។
ដើម្បីចៀសវាងការភ័ន្តច្រឡំ អំពីនីតិវិធីសម្រាប់ការជ្រើសតាំង ប្រធានគណបក្ស ដូចដែលបុគ្គលខ្លះ ធ្លាប់បានសម្ភាសន៍ ជាមួយសារព័ត៌មាន នាពេលថ្មីៗនេះ គណៈកម្មាធិការនាយក សូមបញ្ជាក់ថា ការតែងតាំង ប្រធានស្ដីទីកន្លងមក ត្រូវបាន ក្រសួងមហាផ្ទៃ ចេញលិខិតលេខ ១៥២៥ សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ តម្រូវឲ្យអនុវត្តបានត្រឹមត្រូវ តាមលក្ខន្តិកៈ។ រហូតមកទល់បច្ចុប្បន្ននេះ គណបក្សហ្វ៊ុន ស៊ិនប៉ិច ពុំទាន់បានចាត់ចែងអនុវត្តតាមស្មារតី នៃលិខិតរបស់ ក្រសួងមហាផ្ទៃ នៅឡើយទេ។
ក្នុងស្ថានភាពដែលគណបក្សហ្វ៊ុនស៊ិនប៉ិច គ្មានប្រធានដឹកនាំគណបក្ស បានស្ថិតក្នុងករណី ប្រធានសក្តិ ដូចមានចែង ក្នុងប្រការ ២៤ នៃលក្ខន្តិកៈ ដូច្នេះមានតែ គណៈកម្មាធិការនាយក ប៉ុណ្ណោះ ដែលមានសមត្ថកិច្ច កោះប្រជុំសមាជ ស្របតាមនីតិវិធី ដូចមានចែងក្នុងលក្ខន្តិកៈ។ យោងតាមមាត្រា១៨.ថ្មី នៃច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ បានអនុញ្ញាត ឲ្យគណបក្សនយោបាយ ចាត់នីតិវិធី ដើម្បីជំនួសប្រធាន គណបក្ស ដែលបាត់បង់តួនាទី ក្នុងរយៈពេលយ៉ាងយូរ ៩០ ថ្ងៃ គិតពីថ្ងៃបាត់បង់តួនាទីនោះ។ ដោយឡែកប្រការ ២៤ វាក្យខណ្ឌបី នៃលក្ខន្តិកៈគណបក្ស ហ្វ៊ុនស៊ិនប៉ិច ចែងថា “ ក្នុងករណីប្រធានសក្ដិ គណៈកម្មាធិការនាយក ត្រូវរៀបចំកោះ ប្រជុំសមាជ ដើម្បីជ្រើសតាំង ប្រធានគណបក្ស ក្នុងរយៈវេលា ៦០ ថ្ងៃ យ៉ាងយូរ ”។
ដោយហេតុថា គណៈកម្មាធិការនាយក ពុំទាន់បានចាត់នីតិវិធី ដើម្បីកោះប្រជុំសមាជ ជ្រើសតាំង ប្រធានគណបក្សបាន សមាជិកគណៈកម្មាធិការនាយក ចំនួន ៩ រូប លើ ១៣ រូប ដែលនៅមានសុពលភាព បានសម្រេច ក្នុងអង្គប្រជុំវិសាមញ្ញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដូចខាងក្រោម៖
ទី១ – កំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ រៀបចំពិធីថ្វាយព្រះកុសល និងគោរពវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធាន គណបក្ស ហ្វ៊ុនស៊ិនប៉ិច។
ទី២ – ធ្វើបច្ចុប្បន្នភាព គណៈកម្មាធិការនាយក ដែលនៅសុពលភាព មានចំនួន ១៣ រូប។
ទី៣ – ផ្តល់នីត្យានុកូលភាព នៃមុខតំណែងថ្នាក់ដឹកនាំ ក្នុងរចនាសម្ព័ន្ធរបស់ គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលមានមុនខែមិថុនា ឆ្នាំ២០១៨។
ទី៤ – ប្រគល់ភារកិច្ចជូន អនុប្រធានគណបក្សមួយរូប ធ្វើជាតំណាង គណៈកម្មាធិការ នាយក ដើម្បីចុះហត្ថលេខា លើឯកសារ ពាក់ព័ន្ធនឹងអង្គប្រជុំវិសាមញ្ញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
ទី៥ – ប្រគល់ភារកិច្ច ជូនគណៈកម្មការដោះស្រាយកិច្ចការទូទៅ “គក.ទ” ដើម្បីដឹកនាំ គណបក្ស ជាបណ្តោះអាសន្ន ដោយធ្វើការពិគ្រោះ យោបល់ជាមួយ គណៈកម្មាធិការ នាយក រហូតដល់គណបក្ស បានជ្រើសតាំង ប្រធានគណបក្ស ស្របតាមលក្ខន្តិកៈ គណបក្សហ្វ៊ុនស៊ិនប៉ិច។
ទី៦ – រៀបចំបេក្ខភាពថ្នាក់ដឹកនាំមួយរូប ដែលមានលេខរៀង បន្ទាប់ពី សម្តេចក្រុមព្រះ ឬព្រះញាតិវង្ស របស់ព្រះអង្គ ដើម្បីជ្រើសតាំង ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។
ទី៧ – បញ្ចប់សុពលភាព នៃការប្រើប្រាស់ត្រាមូល របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានឆ្លាក់អក្សរ សម្ដេចព្រះប្រធាន ចាប់ពីថ្ងៃដែល សម្តេចក្រុមព្រះ ទ្រង់សោយព្រះទិវង្គត។
ទី៨ – អនុញ្ញាតឲ្យប្រើប្រាស់ត្រាមូល របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដូចមានគម្រូ ដែលបានជូនដំណឹង ទៅក្រសួងមហាផ្ទៃ និងចម្លងជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ទី៩ – ប្រគល់ភារកិច្ចជូនសហជីវិន ផាន់ សិទ្ធី ទទួលបន្ទុកជាអ្នកនាំពាក្យ របស់គណៈកម្មាធិការនាយក គណបក្សហ្វ៊ុនស៊ិនប៉ិច៕/v