ដោយៈ ភ្នំ​សន្ទុក – ភ្នំ​ស្វាយ / កំពង់ធំៈ ក្រុម​ប្រជាពលរដ្ឋ ប្រមាណ​ជា ២០០ នាក់ ដែល​អះអាងថា បាន​អាស្រ័យ​ផល លើដី​ស្រែ នៅ​តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប និង​តាម​ដង​ស្ទឹងសែន ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​កំពង់ស្វាយ ស្រុក​ស្ទោង ក្រុង​ស្ទឹងសែន កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១.​បាននាំគ្នា​មក​សាលា ខេត្តកំពង់ធំ បាន​លើកគ្នា​មក​តវ៉ា នៅមុខ​សាលាខេត្ត​កំពង់ធំ ដើម្បី​សុំ​ការអន្តរាគមន៍ ពី​អភិបាល និង​ជា​ប្រធាន​គណៈបញ្ជាការ កងឯកភាព​រដ្ឋបាល ខេត្តកំពង់ធំ ដើម្បី​ព​ន្លឿ​ន នៃ​ការ​ដោះ ស្រាយ និង​កំណត់​តំបន់ហាមឃាត់ នៃ​តំបន់​ទាំង ពីរ​ប្រភេទ ឲ្យ​បាន​ឆាប់រហ័ស​។ ពួកគាត់ បាន​និយាយថា បាន​ត្រៀម​ពូជស្រូវ សម្ភារៈ​កសិកម្ម ផ្សេងៗ ក្នុងការ​ធ្វើស្រែ​ប្រាំង ក្រោយ​ទឹកសម្រក នាពេលនេះ និង​ខាងមុខនេះ ។

​ក្រុម​ប្រជាពលរដ្ឋ បាន​ប្រាប់​ស្រដៀង​គ្នា​ថាៈ រដូវ​ធ្វើស្រែ​ប្រាំង ខណៈពេល​ទឹកទន្លេ ទឹកស្ទឹង​សែន ស្រក​បណ្ដើរៗ​ហើយ ហើយ​ពេលនេះ ពួកគាត់​បាននាំគ្នា ត្រៀម​ស្រូវពូជ ម៉ាស៊ីនបូមទឹក គោយន្ត ត្រាក់ទ័រ ថ្នាំ​សម្លាប់​សត្វល្អិត និង​ជី ដើម្បី​នាំគ្នា​ធ្វើ​ស្រូវប្រាំង សម្រាប់​ចិញ្ចឹម​ក្រុមគ្រួសារ ។

​ពួកគាត់​បាន​យោង​ប្រសាសន៍ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ដែល​បាន​សម្រេចយក ចំណុច​នៃ​ផ្នែក​របស់​តំបន់​២ និង​តំបន់​៣ បឹង​ទន្លេ សាប មួយចំនួន ដើម្បី​ជា​កន្លែង​រក្សា​ត្រី​ពង មច្ឆជាតិ ។ ពួកខ្លួន សូម​ចូលរួម​ត្រេកអរ គោរព អនុវត្ត ជាមួយនឹង​ចំណាត់ការ​មួយ​នេះ​។ ក៏ប៉ុន្តែ​ពួកខ្លួន ក៏​ប្រឈម​នឹង​ការបាត់បង់​ស្រែ​បាត់បង់​ការបង្កបង្កើន​ផល អាជីវកម្ម មាន​ធ្វើស្រែ​ប្រាំង ស្រែវស្សា ឬ​របរ​បន្ទាប់បន្សំ​ហើយ​។​ ​ក្នុងនោះ ពួកគាត់​មួយចំនួនទៀត ក៏បាន​ជំពាក់​បំណុល កម្ចី​ធនាគារ ឬ​ម្ចាស់បំណុល ឯកជន វ័ណ្ឌ ក​ផងដែរ​ហើយ​។ ហេតុនេះ សូម​ស្នើ​សុំឱ្យ​លោក ងួន រតនៈ អភិបាលខេត្ត និង​ជា​ប្រធាន​គណ​:​គណបញ្ជាការ កងឯកភាព​រដ្ឋបាល ខេត្តកំពង់ធំ ព​ន្លឿ​ន​នៃ​ការ កំណត់​ព្រំប្រទល់ កំណត់​តំបន់ កន្លែង​ហាមឃាត់ ថា​តើ​គោលដៅ​ណាខ្លះ​? ព្រោះ រាល់ថ្ងៃនេះ ពួកគាត់​រំពឹង ក្នុង​ការធ្វើ​ស្រូវប្រាំង ប៉ុន​នឹង​។​

​ពួកគាត់ បាន​បន្តថាៈ តំបន់​ដែល​ពួកគាត់ ធ្វើ​នោះ មាន​លំនៅឋាន តូចធំ​ជាច្រើន ហើយ​តំបន់​ខ្លះ ត្រូវបាន​ទទួលស្គាល់ ពី​ភូមិ ឃុំ ស្រុក ផង​ទៀត ។ រួមទាំង​មាន​លិខិត កាត់​ឆ្វៀល កាលពី​ឆ្នាំ​២០១៤ ពី​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ផងដែរ ហើយ​ពួកគាត់ បានរស់នៅ និង​អាស្រ័យ​ផល តាំងពី​សម័យ​ផ្តាច់ខ្លួន (​ខ្មែរក្រហម ធ្វើ​សមាហរណកម្ម ជាមួយ​រាជរដ្ឋាភិបាល​) ខ្លះទៀត តាំងពី​ឆ្នាំ​១៩៨៧ ឆ្នាំ​១៩៩៣ ១៩៩៦ ។ ហើយ​គាត់​មាន​ដី ស្រែ អ្នកខ្លះ មួយ​ហិតា ខ្លះ​ប្រាំ​ហិតា ។ ចំណែក​ការ​រុករាន​ដីព្រៃ​លិច​ទឹក មានតែ​អ្នកមាន អំណាច មាន​លុយ ក្រុម​ឈ្មួញ​ធំៗ ឯណោះ​ទេ ដែល​បាន​យក​គ្រឿងចក្រ ទៅ​ឈូសឆាយ ធ្វើ​ក្រវ៉ាត់​ព្រំ ធ្វើ​ប្រឡាយទឹក​ជាដើម ។

​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​ថាៈ បញ្ហា​ខាងលើនេះ បើ​ប្រជាពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​រួច ដូច​ជាការ​សាបព្រោះ​រួច ឬ​ជិត​ដល់​ថ្ងៃ ប្រមូល ផល គឺ​រដ្ឋបាលខេត្ត អនុញ្ញាតឱ្យ ប្រមូល​ផល​បាន​។ តែបើ​មិនទាន់​ធ្វើការ​សាប ព្រោះ​នោះ ទេ គឺ​រដ្ឋបាល​ខេត្តកំពង់ធំ មិន​អនុញ្ញាត​ទេ ។ នេះ​ជា​បទបញ្ជា​របស់ រាជរដ្ឋាភិបាល​។​

​លោក​អភិបាលខេត្ត បាន​បន្តទៀតថាៈ មកដល់ពេលនេះ កំពុងតែធ្វើការ​ងារ ជាមួយនឹង​មន្ត្រី​ជំនាញ ជាពិសេស អាជ្ញាធរ​បឹង​ទន្លេសាប ដើម្បី​ព​ន្លឿ​ន​ការងារ កំណត់​ព្រំ ឲ្យ​បានច្បាស់លាស់ កំណត់​តំបន់ ឲ្យ​បាន​ត្រឹមត្រូវ ។ បើជា​ដី​របស់​បងប្អូន ប្រជាកសិករ ត្រូវបាន​រដ្ឋ​ឆ្វៀល​យក គឺ​ត្រូវតែ​យក​។ នេះ​បើ​ដី​បងប្អូន ធ្លាប់​អាស្រ័យ​ផល មិន​ប៉ះពាល់ តំបន់ហាមឃាត់​ទេ គឺអាច​ប្រគល់ឱ្យ​បងប្អូន​វិញ​៕/V​