ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ កុមារី ពីរ​នាក់ នាំគ្នា​ចុះ​ងូតទឹក​ស្រះ សង្ស័យ​លេង​ដល់ កន្លែង​ជ្រៅ លង់​ស្លាប់​ទាំង ពីរ​នាក់​។ ករណីនេះ បានកើត​ឡើង នៅ​រសៀល ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុច​ឆ្អោ​ង ក្នុងភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថាៈ កុមារី​រងគ្រោះ ឈ្មោះ សាន សយ​ដាវ អាយុ ៧​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ធី រី​យ៉ា អាយុ ៦ ឆ្នាំ ទាំង ពីរ​នាក់ រស់នៅ​ក្បែរ​ទីតាំង កន្លែងកើតហេតុ ខាងលើ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បានបញ្ជាក់​ថាៈ ក្មេង​ជនរងគ្រោះ ទំនង​នាំ​ដើរមក​លេង មាត់​ស្រះ​ទឹក ហើយក៏​នាំគ្នា​ចុះ​ងូតទឹក​លេង​តែ ពីរ​នាក់ ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់ រហូតដល់​មួយសន្ទុះ​ធំ ទើប​បង្ក​ការភ្ញាក់ផ្អើល ឳ​ពុក​ម្តាយ និង​អ្នកជិតខាង នាំគ្នា​ដើររក ទើប​ប្រទះឃើញ ស្បែកជើង រួច​ចុះ​រាវ​រុករក បាន​ប្រទះ​កុមារី​ទាំងនោះ ផុតដង្ហើម ស្លាប់​បាត់ទៅហើយ​។​

​ភ្លាមៗ នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ បាន​ពិនិត្យ​សាកសព បញ្ជាក់ថាៈ ក្មេង​ជនរងគ្រោះ ពិតជា​ស្លាប់ ដោយសារ​លង់ទឹក ពិតប្រាកដ​មែន ហើយក៏ បានប្រគល់​សាកសព ទៅ​ឲ្យ​ឳ​ពុក​ម្តាយ សាច់ញាតិ ធ្វើបុណ្យ​៕/V​