ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ធ្វើការសម្អាតមហាវិថីឈ្នះឈ្នះ និងរៀបចំ សណ្តាប់ ធ្នាប់សាធារណៈ បរិស្ថាន ឲ្យបានល្អ ដើម្បីទទួលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសម្ដេចទាំងទ្វេ នឹងអញ្ជើញជាអធិបតី ក្នុងពិធី សម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានធ្វើការណែនាំទៅក្រុមហ៊ុនប្រមូល និងដឹកជញ្ជូន សំរាម ធ្វើការបោស កើប ប្រមូល និងដឹកជញ្ជូនសំរាម អោយបានស្អាត ហើយធុងសំរាម ដែលមានសភាពចាស់ៗ ក៏ត្រូវតែប្តូរថ្មី ឲ្យបានស្អាត ដើម្បីលើក សោភ័ណភាព នៅលើ កំណាត់ផ្លូវនេះ ឲ្យបានល្អប្រសើរ ។
បន្ថែមពីលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ត្រូវសម្អាត បាញ់ទឹក លាងផ្លូវ កើបអាចម៌ដី និងជួសជុលផ្លូវ ផងដែរ ដើម្បីឱ្យស្ថានភាព មហាវិថីឈ្នះឈ្នះនេះ មានសោភ័ណភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អប្រសើរ។
ក្រោយពីបញ្ចប់ការពិនិត្យ មហាវិថីឈ្នះឈ្នះហើយ លោក ឃួង ស្រេង ក៏បានបន្ត ដំណើរ ចុះទៅពិនិត្យស្ថានភាពផ្លូវ ក៏ដូចជា សណ្ដាប់ធ្នាប់សាធារណៈនៅលើកំណាត់ ផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បន្តទៀត ដោយសម្ដេចតេជោ ហ៊ុន សែននឹងអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើកសម្ពោធសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh Hotel) នៅព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។
គួរបញ្ជាក់ផងដែរថា ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំង បញ្ចៀសបាន នូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ ចំពោះយានយន្ត គ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ១៧៨ (ចន្លោះផ្លូវ១៧៨ កែងផ្លូវ១៩ និងផ្លូវ១៧២ កែងផ្លូវ១៣) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់ បញ្ចប់កម្មវិធី។ បន្តមកទៀតនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មា ធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នឹងរៀបចំ ពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលស្ថិត នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយដើម្បីឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ជាពិសេស ដើម្បីកាត់បន្ថយនូវ ការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹង ដល់បងប្អូន ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋាន សំណង់នានា ម្ចាស់អាជីវកម្ម ក្រឡុកស៊ីម៉ង់ត៍ម្ចាស់រថយន្ត ដឹកទំនិញ គ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក គ្រប់ប្រភេទ ហាមធ្វើចរាចរឆ្លងកាត់ កំណាត់ មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពី វេលាម៉ោង ០៥:០០នាទី រហូតដល់ បញ្ចប់កម្មវិធី៕/V-PC