សម្តេច​តេ​ជោៈ​លើ​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខាងស្តាំ​ដៃ​,​ជួរ​ទី​២,​លេខ​រៀង​ទី​២០

2923
ចែករម្លែក


ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ថ្ងៃអាទិត្យ​ទី​៣​ខែមិថុនា​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលឹកថា​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​គឺ​កាន់តែ​ខិតជិត​មកដល់​ហើយ គឺ​នៅ​ថ្ងៃទី ២៩ ខែ កក្កដា ២០១៨ ខាងមុខនេះ​។

​សម្តេច​តេ​ជោ​បាន​សរសេរ​ក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​ទៀតថា​តាម​ធម្មតា​មុននឹង​ការបោះឆ្នោត​មកដល់ គឺ​គ្រប់​គណបក្សនយោបាយ​ទាំងអស់​នឹងចូលរួម​ឃោសនាបោះឆ្នោត ក្រោម​ការត្រួតពិនិត្យរ​បស់ គ​.​ជ​.​ប ចាប់ពី​ថ្ងៃទី ៧ កក្កដា ដល់ ២៧ កក្កដា ២០១៨ ដែលមាន​ចំនួន ២១​ថ្ងៃ​គត់​។​

​នៅក្នុង​ទម្រង់​សន្លឹកឆ្នោត​ថ្មី​ជា​ផ្លូវ​ការដែល​បានរៀបចំ​ដោយ គ​.​ជ​.​ប​.​គឺ​បងប្អូន​អាច​ឃើញ​ឈ្មោះ គណបក្ស​នយោបាយ​ទាំងអស់​រៀប​ជា​២​ជួរ គឺ​ជួរ​ខាងឆ្វេង​ដៃ​ដែលមាន​លេខ​រៀង​ពី​លេខ​១-១០ និង​ជួរ​ខាងស្តាំ​ដៃ​ដែល​មាន​លេខ​រៀង​ពី​លេខ ១១-២០​។ គណបក្ស​ប្រជាជន​កម្ពុជា​គឺ​នៅ​ខាង ស្តាំ​ដៃ​,​ជួរ​ទី​២,​លេខ​រៀង​ទី​២០ ក្រោម​គេ​បំផុត​ដែលមាន​រូប​ផ្លាកសញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា (​ទេវតា​បាចផ្កា​), ប្រអប់​គូសសញ្ញា​គាំទ្រ​ និង​ឈ្មោះ​​​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​បន្តថា​របៀប​គូស​សន្លឹកឆ្នោត​គឺ​គ​.​ជ​.​ប​.​បាន​លើកទឹកចិត្ត​ឲ្យ​អ្នកបោះឆ្នោត​គូសសញ្ញា​ធិ​ក​នៅក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង ។​

​សម្តេច​បន្ថែមថា​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ សមាជិក​សមាជិកា ក្មួយៗ​យុវជន និង​កូនក្មួយ​កម្មករ​កម្ម​កា​រ​នី​ទាំងអស់​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​គ្រប់ៗ​អាណត្តិ​កន្លងមកនេះ និង​នៅ​ថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ​៕​មន​