ដោយៈ ប.ជ័យ / ឧត្តរមានជ័យៈ មកទល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះ កសិករ នៅឧត្តរមានជ័យ បាននឹងកំពុងមមាញឹក ក្នុងការប្រមូលផលស្រូវ ។ ក្នុងនោះ ទិន្នផល ល្អជាងឆ្នាំមុនៗ បើទោះបីជា នៅកណ្តាលដៃនេះ ជើងកំពង់ តម្លៃស្រូវ បានធ្លាក់ចុះ ជាងកាលពីដើមទី នៃរដូវប្រមូលផល ក៏ដោយ។
កសិករមួយចំនួន បានប្រាប់កាលពីថ្ងៃទី១៤ ខែធ្នូថាៈ ឆ្នាំនេះ ដំណាំស្រូវរបស់ពួកខ្លួន ភាគច្រើន ទទួលបានទិន្នផល ល្អប្រសើរជាងបណ្តា ឆ្នាំមុនៗ ។ ប៉ុន្តែគួរស្តាយ ដែលតម្លៃវា នាកណ្តាលរដូវ ប្រមូលផលនេះ បានធ្លាក់ចុះបន្តិច ជាងកាលពីដើមទី ។
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានអោយដឹងថ្ងៃទី១៤ ខែធ្នូថាៈ ដំណាំស្រូវរដូវវស្សា របស់កសិករ ឆ្នាំ២០២១ នេះ ក្នុងភូមិសាស្រ្ត ក្នុងក្រុង-ស្រុកទាំង ប្រាំរបស់ខេត្ត ទទួលបានទិន្នផលល្អ (ក្នុង១ហិកតាៗ) ជាងបណ្តាឆ្នាំមុនៗ ដោយសារមានរបបរបាយទឹកភ្លៀង គ្រប់គ្រាន់ពីដើម កណ្តាល និងចុងរដូវ បូកផ្សំនឹងការប្រើពូជ ប្រើជី ការបច្ចេកទេសធ្វើ ។
ក្នុងនោះ ជំនន់ទឹកភ្លៀងចុងរដូវ មិនបង្ករឲ្យមាន ការខូចខាតដំណាំស្រូវ តែបែរជាជម្រុញ អោយដើមដងស្រូវ ប្រែជាល្អឡើង ដុះលូតលាស់ បែកគុម្ពល្អប្រសើរ ហើយហុចផ្លែផ្កា ផលធារទិន្នផលល្អ។
លោកបានបន្តថាៈ បញ្ចប់ការងារបង្កបង្កើនផល ដំណាំស្រូវរដូវវស្សា ឆ្នាំ២០២១នេះ ប្រជាកសិករ ក្នុងខេត្តឧត្តរមានជ័យអនុវត្តបានលើផ្ទៃដី ចំនួន ៩៧.២២០ ហិកតា ក្នុងនោះ ប្រភេទស្រូវស្រាល ២.៧៥៥ ហិកតា ស្រូវកណ្តាល ៨៨.៦៩៥ ហិកតា និងស្រូវធ្ងន់ ៥.៥៧០ ហិកតា ព្រមទាំងស្រូវចំការ ២៦០ ហិកតាផងដែរ ដោយសារមាន ប្រព័ន្ធធារាសាស្រ្ត កសិករមួយចំនួន អាចធ្វើបាន ពីរដង ក្នុង ១ឆ្នាំ ។
លោកបានបន្តថាៈ ចំពោះតម្លៃស្រូវវិញ នាចុងរដូវនេះ ហាក់ធ្លាក់បន្តិច បើធៀបនឹងដើមរដូវ នាឆ្នាំនេះ ពោលគឺ ដូចនិន្នការ នាឆ្នាំកន្លងទៅដែរ ។ ក្នុងតម្លៃស្រូវចម្រុះ ឬចាប់ឆាយ អាចលក់បានក្នុងតម្លៃ លើទីផ្សារ ថ្លៃជាង ៨០០ រៀល ក្នុង១ គ.ក្រ ។ រីឯស្រូវល្អ ឬក្រអូប គ្រាប់វែង តម្លៃជាង ១.០០០ រៀល ក្នុង១គ.ក្រ៕/V