ដោយៈ សុផល / ភ្នំពេញៈ រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ ចៃ​កា (JICA) បាន ផ្តល់ជំនួយ ឥត​សំណង ចំនួន ១២.២០០.០០០ ដុល្លារ​អាម៉េរិក ជូន​ដល់​រាជរដ្ឋាភិបាល កម្ពុជា សម្រាប់​ការអនុវត្ត គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ ទិន្នន័យ​អេឡិចត្រូនិក​នៅ​កំពង់ផែ (Port EDI)​។ គម្រោង​នេះ ចាប់ផ្តើម​ដំណើរការ នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​។ បច្ចុប្បន្ន មាន​វឌ្ឍនភាព ប្រមាណ ៨០ ភាគរយ​ហើយៗ គ្រោង​នឹង​បញ្ចប់ និង​ដាក់ឱ្យ ដំណើរការ​ប្រព័ន្ធ ជា​ផ្លូវការ នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​ដោយឡែក នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ទីភ្នាក់ងារ​ចៃ​កា បានប្រគល់​-​ទទួល សម្ភារៈប្រើប្រាស់ ក្នុង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ អេឡិចត្រូនិក នៅ​កំពង់ផែ (Port EDI) ទៅដល់​ស្ថាប័ន​អនុវត្ត​គម្រោង ដោយមាន ការចូលរួម​ពី​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន តំណាង​ទីភ្នាក់ងារ JICA តំណាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តំណាង​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ តំណាង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ តំណាង​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង ផងដែរ​។​

​សម្ភារៈ​ដែល​បាន​ចែកជូន អង្គភាព​ក្រោម​ឱវាទ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នាឱកាស​នោះ រួមមានៈ នាយកដ្ឋាន​នាវា​ជំនួញ​សមុទ្រ នៃ​អគ្គនាយកដ្ឋាន ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួលបាន​កុំព្យូទ័រ​យួរដៃ ប្រាំបួន គ្រឿង ម៉ាស៊ីនបោះពុម្ព បី គ្រឿង ម៉ាស៊ីនបោះពុម្ព​ធំ មួយគ្រឿង ទូរទស្សន៍​ខា្ន​ត​ធំ ពីរ​គ្រឿង នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួលបាន​កុំព្យូទ័រ យួរដៃ ប្រាំពីរ​គ្រឿង ម៉ាស៊ីនបោះពុម្ព ពីរ​គ្រឿង​។ ដោយឡែក កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ ទទួលបាន​កុំព្យូទ័រ​យួរដៃ ១០ គ្រឿង ម៉ាស៊ីនបោះពុម្ព បួន​គ្រឿង ទូរទស្សន៍​ខា្ន​ត​ធំ មួយគ្រឿង កំពង់ផែ​ស្វយ័ត​ភ្នំពេញ ទទួលបាន​កុំព្យូទ័រ​យួរដៃ ១២ គ្រឿង ម៉ាស៊ីនបោះពុម្ព ប្រាំ​គ្រឿង ទូរទស្សន៍​ខា្ន​ត​ធំ ពីរ​គ្រឿង តំណាង​គយ និង​រដ្ឋាករ​កម្ពុជា ទទួលបាន​កុំព្យូទ័រ​យួរដៃ ប្រាំបី​គ្រឿង ម៉ាស៊ីនបោះពុម្ព បួន​គ្រឿង តំណាង​អន្តោប្រវេសន៍ ទទួលបាន​កុំព្យូទ័រ​យួរដៃ ១០ គ្រឿង ម៉ាស៊ីនបោះពុម្ព ប្រាំ​គ្រឿង តំណាង​ច​ត្តា​ឡី​ស័ក ទទួលបាន​កុំព្យូទ័រ​យួរដៃ ១០ គ្រឿង និង​ម៉ាស៊ីនបោះពុម្ព ប្រាំ​គ្រឿង​។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ JICA ដែល​បាន​ខិតខំ ប្រឹងប្រែង សហការ​ជាមួយ ក្រុមការងារ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ដាក់ឱ្យ ដំណើរការ ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ អេឡិចត្រូនិក នៅ​កំពង់ផែ (Port EDI) នេះ និង បាន​គូសបញ្ជាក់ អំពី​សារៈសំខាន់ នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្លាស់ ប្តូរ​ទិន្នន័យ អេឡិចត្រូនិក នៅ​កំពង់ផែ (Port EDI) ក្នុង​ការជួយ​សម្រួល ដល់​នីតិវិធី​ចេញ​-​ចូល កំពង់ផែ​កម្ពុជា សម្រាប់​នាវា​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​ធំៗ សំដៅ​គ្រប់គ្រង​សេវា​ដឹក ជញ្ជូន​តាមផ្លូវ​ទឹក ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ ជាពិសេស​ជួយ​បង្កើន​ការទាក់ទាញ ការវិនិយោគ​ផ្ទាល់ ពី​បរទេស និង​បង្កើត​ការងារ ធ្វើ​ជូន​ពលរដ្ឋ​កម្ពុជា ផងដែរ​។​

​ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថាៈ នៅ​ថ្ងៃ​អនាគត ក្នុងដំណាក់កាល រីកចម្រើន យើង​អាច​សហការគ្នា ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី ត​ភ្ជាប់​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ អេឡិចត្រូនិក នៅ​កំពង់ផែ (Port EDI) របស់​យើង ជាមួយ​ប្រព័ន្ធ ASYCUDA របស់​គយ ដើម្បី​បង្ក​ភាព​ងាយ ស្រួល​បន្ថែម ដល់​ធុរកិច្ច​ជន​។​

​គួរ​កត់សម្គាល់ថា កំណើនសេដ្ឋកិច្ច​កម្ពុជា មានការ​រីកចម្រើន យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង ក្រោយនេះ ដែល​ធ្វើឱ្យ​បរិមាណ នៃ​ការ​នាំចូល និង​ការនាំចេញ បាន​កើនឡើង ជា​រៀងរាល់ឆ្នាំ ដែល​ទាមទារ​ឱ្យមាន ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​បរិក្ខារ​កំពង់ផែ​ជាបន្ទាន់​។ បច្ចុប្បន្ននេះ កម្ពុជា មាន​កំពង់ផែ​ធំៗ ចំនួន​ពីរ​គឺៈ កំពង​ផែ ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ សម្រាប់​បម្រើសេវា​ដឹកជញ្ជូន តាម ផ្លូវទឹក ផ្លូវ​សមុទ្រ ក្នុងប្រទេស និង​អន្តរជាតិ ហើយ​កំពង់ផែ​ទាំងពីរ បាន​ដំណើរ​ការធ្វើ បែបបទ​នាវា ចូល​-​ចេញ តាម​នីតិវិធី​រដ្ឋបាល ដោយ​ដៃ ដែល​ងាយ​ជួបប្រទះ បញ្ហា​ប្រឈម នៅពេលដែល​ចំនួន​នាវា និង​ទំនិញ កើនឡើង យ៉ាងច្រើន នាពេលខាងមុខ​។​

​យោងតាម​របាយការណ៍​របស់ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ បានឱ្យដឹងថាៈ មកដល់​ពេលបច្ចុប្បន្ន​នេះ គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ អេឡិចត្រូនិក នៅ​កំពង់ផែ (Port EDI) សម្រេច​វឌ្ឍនភាព​ការងារ បាន​ប្រមាណ ៨០% ហើយ ក្នុងនោះ​៖ គម្រោង​បានបញ្ចប់ វគ្គ​បណ្តុះបណ្តាល ជូន​ដល់​មន្ត្រី​អនុវត្ត​គម្រោង និង​គ្រោង ដាក់ឱ្យ​ធ្វើតេស្ត សាកល្បង​ជា បី វគ្គ ដោយ​សមាជិក​គណៈកម្មកា​រ ធ្វើ​បែបបទ​នាវា ចូល​-​ចេញ ចាប់ផ្តើម​ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២២ ក្រោម​ការបណ្តុះបណ្តាល ដោយផ្ទាល់​ពី​ក្រុមការងារ​បច្ចេកទេស របស់​ក្រុមហ៊ុន KYOWA EXEO,.inc និង​ពិនិត្យ​វាយតម្លៃ ដោយ​ទីប្រឹក្សា នៃ​ក្រុមហ៊ុន Mitsubishi Research Institute, INC និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ នៅ​ខែសីហា ឆ្នាំ​២០២២ ៕/V​៊.សរ