ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ មនុស្ស​ជំនិត​លោក​កឹម សុខា បាន​ទម្លាយ​អំពី​ការដាក់ចេញ​យុទ្ធសាស្ត្រ​របស់​ទណ្ឌិត សម រង្ស៊ី មេ​ចលនា​ឧទ្ទាម​ក្រៅច្បាប់ក្នុងការ​ច្បាម​យក​គណបក្ស​សង្គ្រោះ​ជាតិ និង គណបក្ស​ភ្លើងទៀន ដើម្បី​យកមក​ត្រួតត្រា និង​បានកំណត់​ទិសដៅ និង​បេសកកម្ម​សម្រាប់​គណបក្ស​ភ្លើងទៀន ជា​ចលនានយោបាយ​ស្របច្បាប់​មួយ ដើម្បី​វាយ​ដណ្តើមយក​សមរភូមិ​ន​យោ​បាយ​នៅ​កម្ពុជា​ឡើងវិញ​ដើម្បី​ត្រួសត្រាយ​បើកផ្លូវ​នយោបាយ​ឱ្យ​គាត់ ។

លោក មុត ចន្ថា (រូបថតឯកសារ)

​នៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ នេះ លោក មុត ចន្ថា សរសេរថា លោក​បានទទួល​ព័ត៌មាន​ថា លោក សម រ​ង្ស៉ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ចាត់ទុកជា​ចលនា​ឧទ្ទាម​ក្រៅច្បាប់ (outlawed guerrillas movement) បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចំនួន​បី ដើម្បី​ធ្វើឱ្យ​ខ្លួន​គាត់​មាន​ទម្ងន់ និង​ឥទ្ធិពល​នយោបាយ​ឡើងវិញ សំដៅ​ឱ្យ​សហគមន៍​អន្តរជាតិ​ទាញ​គាត់​ចូលទៅក្នុង​កញ្ចប់​ដំណោះ​នយោបាយ​តាមផ្លូវ​ការទូត ប្រសិន​ជាមាន​ជាយ​កថា​ហេតុ ឬ​មានបំណង​ទាញ​ចំណាប់អារម្មណ៍​អំពី​សារសំខាន់​របស់គាត់​។ ប្រសិនជា​យើង​ពិនិត្យមើល​យុទ្ធសាស្ត្រ​ចំនួន​បី របស់លោក សម រ​ង្ស៉ី គឺជា «​យុទ្ធសាស្ត្រ​ចាញ់ៗ​ៗ​ៗ​» រួចទៅហើយ​»​។​

​លោក​មុត ចន្ថា បាន​ទម្លាយ​ពី​យុទ្ធសាស្ត្រ​ចំនួន​បីរបស់​ទណ្ឌិត សម រ​ង្ស៉ី មានដូចជាៈ
* យ​ទ្ធ​សា​ស្ត្រី​ទី​១. លោ ក សម រ​ង្ស៉ី កំណត់​ទិសដៅ​ច្បាម​យក​គណបក្ស​ទាំងពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​» និង «​គណបក្ស​ភ្លើងទៀន​» ដើម្បី​យកមក​ត្រួតត្រា ព្រោះ​គាត់​ចាត់ទុកថា គណបក្ស​ទាំងពីរ​គឺជា​ស្ថាប័ន​ផ្សេងគ្នា ដូច្នេះ​ត្រូវមាន​ទិ​ដៅ និង​បេសកកម្ម​ផ្សេងគ្នា​។​

* យ​ទ្ធ​សាស្ត្រ​ទី​២. លោក សម រ​ង្ស៉ី បានកំណត់​ទិសដៅ និង​បេសកកម្ម​សម្រាប់​គណបក្ស​ភ្លើងទៀន ជា​ចលនានយោបាយ​ស្របច្បាប់​មួយ ដើម្បី​វាយ​ដណ្តើមយក​សមរភូមិ​ន​យោ​បាយ​នៅ​កម្ពុជា​ឡើងវិញ ដើម្បី​ត្រួសត្រាយ​បើកផ្លូវ​នយោបាយ​ឱ្យ​គាត់ មាន​ទម្ងន់ និង​អំណាច​នយោបាយ​ឡើង ក្នុង​គោលបំណង​ស្វែងរក​ការចរចា​ទ្វេភាគី ឬ​ពហុភាគី​ដោយមាន​សហគមន៍​អន្តរជាតិ​ចូលរួម​សម្របសម្រួល​។​

* យ​ទ្ធ​សាស្ត្រ​ទី​៣. លោក សម រ​ង្ស៉ី បន្ត​ឱប​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​នៅក្រៅ​ប្រទេស ក្រោម​ឆ័​ត្រ​ពីរ គឺជា «​ប្រធានស្តីទី​លើក​បន្តុប​ខ្លួន​គាត់​ដោយ​រំលោភ​លក្ខន្តិកៈ​» និង​ជា «​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​ចាត់ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​» ដើម្បី​បន្តធ្វើ​សកម្មភាព នូវ​អ្វីដែល​គាត់​អះអាងថា​បន្តធ្វើ​កិច្ច​ការទូត​ជាមួយ​អន្តរជាតិ​។​

​ជាមួយនឹង​ការ​ចោទ​សួរថា ហេតុអ្វី​ត្រូវ​ចាត់ទុកជា​យុទ្ធសាស្ត្រ​ចាញ់ៗ​ៗ​ៗ​? លោក មុត ចន្ថា បាន​បញ្ជាក់ថា ៖ ចាញ់​ទី​១. ការ​ដែល​លោក សម រ​ង្ស៉ី កំណត់​គណបក្ស​ភ្លើងទៀន និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ ជា​ស្ថាប័ន​ពីរ​ដាច់ពីគ្នា គឺជា​បង្ហាញ​ពី​ការបែកបាក់​យ៉ាងច្បាស់​ក្រឡែត ព្រោះ​គណបក្ស​ភ្លើងទៀន ដែល​បាន​ប្តូរ​ឈ្មោះ​មកពី​គណបក្ស​សមរ​ង្ស៉ី ធ្លាប់​ត្រូវបាន​ច្របាច់​បញ្ចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស បង្កើតបានជា «​គណបក្ស​សង្គ្រោះ​ជាតិ​» នៅ​ខែកក្កដា ឆ្នាំ​២០១២​។ តាមពិត​បន្ទាប់ពី​ការច្របាច់បញ្ចូលគ្នា​រួច ទាំង​គណបក្ស​សមរ​ង្ស៉ី បច្ចុប្បន្ន​គណបក្ស​ភ្លើងទៀន និង​គណបក្ស​សិទ្ធិមនុស្ស បានប្រកាស​មិន​ធ្វើ​សកម្មភាព​នយោបាយ ឬ​ចូលរួម​ការបោះឆ្នោត ដោយ​គណបក្ស​ទាំងពីរ​ត្រូវ​រួម​កម្លាំង​គ្នា​ធ្វើ​សកម្មភាព​នយោបាយ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ តែមួយ​។ ឥឡូវ​លោក សម រ​ង្ស៉ី បានរៀបចំ​ឱ្យ​គណបក្ស​ភ្លើងទៀន ចេញ​ធ្វើ​សកម្មភាព​នយោបាយ និង​ចូលរួម​ក្នុងការ​បោះឆ្នោត ក្នុង​គោលបំណង​ដណ្តើមយក​សមរភូមិ​ន​យោ​បាយ​នៅ​កម្ពុជា​ឡើងវិញ គឺ​ស្មើនឹង​ការប្រកាស​ផ្តាច់ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​រួចទៅហើយ​។ ផ្តាច់ខ្លួន​ចេញ គឺ​បែកបាក់ ដូច្នេះ​សម្ព័ន្ធភាព​ទ្វេភាគី​កន្លងមក​ត្រូវបាន​បញ្ចប់​។​
ចាញ់​ទី​២. ការ​ដែល​លោក សម រ​ង្ស៉ី កំណត់​យុទ្ធសាស្ត្រ និង​បេសកកម្ម​ឱ្យ​គណបក្ស​ភ្លើង​ទៀង ធ្វើ​សកម្មភាព​នយោបាយ និង​ចូលរួម​ការបោះឆ្នោត ដើម្បី​ដណ្តើមយក​សមរភូមិ​ន​យោ​បាយ​ឡើងវិញ គឺ​រិត​តែ​ចាញ់​យ៉ាង​គ្រោះថ្នាក់​ថែមទៀត​។ ពាក្យ​ថា «​ដណ្តើមយក​សមរភូមិ​នយោបាយ​» អាចមាន​ន័យ​និង​គោលបំណង​ពី​រៈ (១)​ធ្វើសង្គ្រាម ឬ (២)​ធ្វើការ​បះបោរ ដែល​លោក សម រ​ង្ស៉ី ធ្លាប់បាន​ប្រកាស​ចេញ​ជា​ផែនការ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ ដែល​«​គាត់​បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ បែរ​ចុង​កាណុង​សំដៅទៅ សម្តេច​តេ​ជោ ហ៊ុន សែន វិញ ប្រសិនជា សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​បាញ់ប្រហារ​មកលើ​ប្រជាពលរដ្ឋ​ដែល​គាត់​អះអាងថា​នឹង​មក​ទទួល​គាត់ នៅ​ថ្ងៃ ០៩ វិច្ឆិកា ២០១៩»​។​
ចាញ់​ទី​៣. លោក សម រ​ង្ស៉ី បានកំណត់​យុទ្ធសាស្ត្រ​ចូលរួម​ការបោះឆ្នោត​។ ការដណ្តើម​សមរភូមិ​នយោបាយ​ឡើងវិញ​នេះ​គ្រាន់តែ​ចំណុច​ចាប់ផ្តើម​មួយ ដើម្បី​ឈានទៅ​អនុវត្ត​ផែនការ​ហិង្សា​ផ្សេងៗ ដូចជាៈ «​បង្ក​សង្គ្រាម​» ឬ «​ធ្វើការ​បះបោរ​» នៅក្រោម​រូបភាព​បាតុក​ម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត ដូចដែល​លោក សម រ​ង្ស៉ី ធ្លាប់​បានធ្វើ​នៅក្រោយ​ការបោះឆ្នោត ឆ្នាំ​១៩៩៨, ឆ្នាំ​២០០៣, ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៣-២០១៤​។ គេ​នៅ​ចាំបាន​ថា ផែនការ​មាតុភូមិនិវត្តន៍ លើក​ទី​១ «៩​វិច្ឆិកា​ឆ្នាំ​២០១៩» លោក សម រ​ង្ស៉ី បានប្រកាស​ចូលមក​ចាប់ខ្លួន សម្តេច​តេ​ជោ ហ៊ុន សែន និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។ ដូច្នេះ លោក សម រ​ង្ស៉ី និង​អ្នកនយោបាយ​ជំនិត​របស់គាត់​នៅក្រៅ​ប្រទេស អាច​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទម្លាក់​មកឱ្យ​អ្នក​នៅក្នុង​ប្រទេស​អនុវត្ត​ផែនការ​បះបោរ​។ គេ​អាច​សួរថា​ផែនការ​បះបោរ​ក្នុង​គោល​ណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នេះ​ទៅរួច​ទេ ចម្លើយ​គឺ​មិនអាច​ទៅរួច​ជាដាច់ខាត ព្រោះ​រាជរដ្ឋាភិបាល​ប្រាកដជា​បង្ក្រាប​យ៉ាង​ដាច់ខាត ដូចដែល​រាជរដ្ឋាភិបាល​ធ្លាប់បាន​ដាក់ចេញ​ផែនការ​បង្ក្រាប​ចំពោះ​ផែនការ «៩​វិច្ឆិកា​២០១៩» ដូច្នេះ​ដែរ​។​

ចាញ់​ទី​៤. គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​សភា​នៅ​ឆ្នាំ​២០២៣ ដែល​ត្រូវគេ​ដឹង​ពី​លទ្ធផល​ជាមុន គឺ «​ចាញ់​» ព្រោះ​លទ្ធផល​បោះឆ្នោត​នៅមុន​ការរួបរួម​គ្នា នៅ​ខែកក្កដា ឆ្នាំ​២០១២ គណបក្ស​សមរ​ង្ស៉ី​កើន​បានតែ ២​អាសនៈ​សភា ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​២០០៨ ដែល​ខុសពី​ការរំពឹងទុក​របស់លោក សម រ​ង្ស៉ី នៅពេល​គាត់​ផ្តួចផ្តើម​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី​សម្លេង​ពីរភាគបី (២/៣) មក​ត្រឹម​ហាសិប​ភាគរយ​បូក​មួយ (៥០% + ១) នៃ​សមាជិកសភា​ទាំងមូល ក្នុង​ការបង្កើត​រដ្ឋាភិបាល គឺ​គាត់​រំពឹង​ឈ្នះ​សម្លេង ៥០ភាគរយ​។ ឥឡូវ​ទម្រាំ គាត់​បាន​ក្បត់​ឆន្ទៈ​របស់​អ្នកគាំទ្រ ឬ​ម្ចាស់ឆ្នោត​ខ្លួន សម្លេងឆ្នោត​អាច​នឹង​ដាំ​ក្បាល​ចុះក្រោម​ថែមទៀត​។ ទោះបី​គណបក្ស​ភ្លើងទៀន​បាន​ខិតខំ​រៀបចំ​សមាជ​វិសាមញ្ញ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ដើម្បី​ជ្រើសតាំង​ថ្នាក់ដឹកនាំ​ថ្មី​ដែលមាន​ចេតនា​បង្ហាញ​ពី​ការមិន​ជាប់​ពាក់​ពន្ធ​ជាមួយ​លោក សម រ​ង្ស៉ី ក៏ដោយ ក៏​មិនអាច​លាង​ជ្រះ​ពី​ការសង្ស័យ ព្រោះ​គណបក្ស​ភ្លើងទៀន​មិនអាច​ចៀស​ផុតពី​ការប្រើប្រាស់​បារមី​របស់លោក សម រ​ង្ស៉ី បានឡើយ​។ ប្រសិនជា​គណបក្ស​ភ្លើងទៀន​ងើប​សន្ទុះ​កម្លាំង​នយោបាយ គណបក្ស​នេះ​ស្ថិតក្នុង​ដង្កាប់​ស្រាប់​ដែល​ងាយ​ខ្យល់​បក់​ឱ្យ​រលត់ទៅវិញ ព្រោះ​មូលដ្ឋាន​ច្បាប់​មាន​គ្រប់គ្រាន់ ដើម្បី​ភ្ជាប់​ដាក់បន្ទុក ជាង​គណបក្ស​ថ្មីស្រឡាង​មួយ​។​
ចាញ់​ទី​៥. សហគមន៍​អន្តរជាតិ​ពុំដែល​ទទួលស្គាល់​លោក សម រ​ង្ស៉ី ក្នុងនាម​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅប្រទេស​ឡើយ​។ ម្យ៉ាងទៀត​សហគមន៍​អន្តរជាតិ​ពុំ​ភ្ជាប់​ខ្លួន ឬ​សហការ​ជាមួយ​មេដឹកនាំ​ចលនា​ខុសច្បាប់​ដែលមាន​គោលបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​នៃ​រដ្ឋ​អធិបតេយ្យ​ឡើយ​។ លោក ឈុន យ៉ា​សិ​ដ្ឋ មេ​ចលនា​អ្នក​ប្រយុទ្ធ​កម្ពុជា​ដើម្បី​សេរីភាព​ដែល​បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៅ​ខែវិច្ឆិកា ឆ្នាំ​២០០០ ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត នៅ​សហរដ្ឋអាម៉េរិក​។​

​រដ្ឋាភិបាល​សហរដ្ឋអាម៉េរិក​មិនអាច​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ្នកនយោបាយ​ណា ដែលមាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ដែលមាន​សន្តិភាព​ជាមួយ​ខ្លួន​ឡើយ ដោយសារ​មូលហេតុ​នេះហើយ​ទើប​កន្លងមក​ក្នុង​រយៈពេល​ជាង ៤​ឆ្នាំ​មកនេះ ពុំមាន​មន្ត្រី ឬ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​អាមេរិក នៃ​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី លោក ដូ ណា​ល់​ត្រាំ និង​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ជួប​លោក សម រ​ង្ស៉ី​។ លោក សម រ​ង្ស៉ី បាន​ជួប​ត្រឹម​មន្ត្រី ឬ​សមស​ជិ​ក​សភា ២-៣​រូប ប៉ុណ្ណោះ ដែល​មិន​តំណាងឱ្យ​រដ្ឋបាល​អាមេរិក​។ បើសិនជា​សហគមន៍​អន្តរជាតិ​ចង់​សហការ ឬ​ជួបពិភាក្សា​ការងារ គឺ​ពួកគេ​តែងតែ​ជួប​តំណាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​លោក កឹម សុខា ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​។ គេ​នៅ​ចាំបាន​ថា លោកស្រី រ៉ូ​ណា ស្មី​ត អតីត​អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប​ចាំ​កម្ពុជា ធ្លាប់បាន​ថ្កោលទោស​លោក សម រ​ង្ស៉ី នៅ​កិច្ចប្រជុំ​កំពូល​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ចំពោះ​អំពើ​និង​ការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​មុត ចន្ថា បាន​បញ្ជាក់ជាចុងក្រោយថា ទាំងនេះ​ជា​យុទ្ធសាស្ត្រ​មិនដែល​ឈ្នះ គឺ​ចាញ់ ចាញ់ ចាញ់ ជា​រៀងរហូត​!»៕ សរន