ដោយៈ សៅវ៉ានឌី / ព្រះវិហារៈ ជេលលាងដៃ ចំនួន ៩.១០៤ ដប ជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចែកជូន មណ្ឌលសុខភាព ចំនួន ៣០ និងប៉ុស្តិ៍សុខភាព ចំនួន ១៧ តាមបណ្តា ក្រុង ស្រុក ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានលោក វេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ។
លោក គួង ឡូ បានថ្លែងថាៈ ជេលលាងដៃ ដែលប្រគល់ជូន នៅពេលនេះ ជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់ផ្តល់ជូនដល់ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទូទាំងខេត្ត សម្រាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ។
លោកក៏បានថ្លែងណែនាំ ដល់មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលទទួលបាន ជែលលាងដៃ នៅពេលនេះ ពេលត្រឡប់ទៅវិញ ត្រូវយកទៅប្រើប្រាស់ ឲ្យចំទិសដៅ ពិសេសត្រូវបន្តអប់រំ ណែនាំ ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ជានិច្ច ពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍ ឲ្យបានទៀងទាត់ តាមការណែនាំ របស់សុខាភិបាល និងការណែនាំ របស់រាជរដ្ឋាភិបាល បី កុំ និង បី ការពារ៕/V