ដោយ​៖ ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​/ភ្នំពេញៈសិក្ខាសាលា​អប់រំ​ស្តីអំពី​ការទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រៀបចំ​ឡើងជា​បី​វគ្គ​ផ្សេងគ្នា​សម្រាប់​ចុងឆ្នាំ​២០២១ និង​ដើមឆ្នាំ​២០២២ ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង ការិយាល័យ​ទីប្រឹក្សា​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ក្រោម​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID)​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​។ សិក្ខាសាលា​លើក​ទី​១ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ គឺជា​សិក្ខាសាលា​តាម​ប្រព័ន្ធ​អន​ឡាញ និង​មានការ​ចូលរួម​ពី​សិក្ខាកាម​ដែលជា​គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​មកពី​ប្រទេស​កម្ពុជា វៀតណាម និង​ថៃ​។ សិក្ខាសាលា​លើក​ទី​២ ប្រព្រឹត្តទៅ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​៦​ដល់​៨ ខែធ្នូ ឆ្នាំ​២០២១ គឺជា​សិក្ខាសាលា​រយៈពេល​៣​ថ្ងៃ ដែលមាន​សិក្ខាកាម​ចូលរួម​ដោយផ្ទាល់​គឺជា​គ្រូបង្រៀន​កម្ពុជា​មកពី​ខេត្ត​ត្បូងឃ្មុំ កណ្តាល និង​ព្រៃវែង ហើយ​សិក្ខាសាលា​លើក​ទី​៣ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៣​ដល់ទី​១៥ ខែធ្នូ ឆ្នាំ​២០២១ នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​សិក្ខាកាម​ចូលរួម​ជា​គ្រូបង្រៀន​មកពី​ប្រទេស​កម្ពុជា វៀតណាម និង​ថៃ​។

រូបថតៈ​សិក្ខាសាលា​អប់រំ​«​ស្ដីអំពី​ការទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ »
​នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ កាលពី​ថ្ងៃទី​១៣​ដល់ទី​១៥ ខែធ្នូ ឆ្នាំ​២០២១​។ (​សុភ័ក្ត្រ ភា​ណា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​សិក្ខាសាលា​នេះ មាន​គោលបំណង​បណ្តុះបណ្តាល​គ្រូបង្រៀន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ យល់ច្បាស់​អំពី​និយមន័យ​នៃ​ឧក្រិដ្ឋកម្ម​ឃោរឃៅ កត្តា​គ្រោះថ្នាក់​នានា​ដែល​នាំ​ដល់​ការកកើត​ឧក្រិដ្ឋកម្ម​ឃោរឃៅ និង សារសំខាន់​នៃ​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​។ លោក គ្រីស្តូហ្វ័រ ឌៀ​រីង គឺជា​គ្រូឧទ្ទេស​អន្តរជាតិ ដែលជា​អ្នកធ្វើ​បទ​បង្ហាញ​និង​ពន្យល់​អំពី​និយមន័យ កត្តា​គ្រោះថ្នាក់ និង​វិធី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឃោរឃៅ ដូចជា​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​មិន​ឲ្យ​កើតឡើង​។ នៅ​វគ្គ​សិក្សា​នេះ​គ្រូឧទ្ទេស​ជាតិ​និង​អន្តរជាតិ បាន​បែង​ចែកជា​៣​ក្រុម​ឲ្យ​មានការ​ពិ​ភ្សា​គ្នា ហើយ​ក្រុម​នីមួយៗ​បានលើកឡើង​រៀងៗ​ខ្លួន​អំពី​កត្តា​មួយ​ក្នុងចំណោម​កត្តា​ទាំង​៨ រួមមាន ៖ ១. ស្ថានភាព​ជម្លោះ​ប្រដាប់អាវុធ​ឬ​ទម្រង់​អស្ថិរភាព​ផ្សេងៗ ,២. កំណត់ត្រា​នៃ​ការរំលោភ​ធ្ងន់ធ្ងរ​នៃ​សិទ្ធិមនុស្ស​អន្តរជាតិ​និង​ច្បាប់, ៣. ចំណុចខ្សោយ​នៃ​រចនាសម្ព័ន្ធ​រដ្ឋ ,៤. កត្តា​ជំរុញ​ឬ​ការលើកទឹកចិត្ត​ដែល​សម​ហេតុផល​អាច​ប្រើប្រាស់​អំពើហិង្សា​លើ​ក្រុម​ប្រជាជន ឬ បុគ្គល​ដែល​ត្រូវបាន​ការពារ ,៥. សមត្ថភាព​ក្នុងការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ, ៦. ន​ត្តិ​ភាព​នៃ​ស្ថាន​សម្រាល, ទី​៧. កាលៈទេសៈ​ជួយ​សម្រួល ឬ​វិធាន​ការត្រៀម, ៨. កត្តា​ជំរុញ​គ្រោះថ្នាក់​ជាក់លាក់ ដែល​ទាំងអស់នេះ​ជាស​ញ្ញា ឬ​អាច​នាំ​ឲ្យ​កើតមាន​អំពើ​ឧក្រិដ្ឋកម្ម​។

រូបថតៈ​សិក្ខាសាលា​អប់រំ​«​ស្ដីអំពី​ការទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ »
​នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ កាលពី​ថ្ងៃទី​១៣​ដល់ទី​១៥ ខែធ្នូ ឆ្នាំ​២០២១​។ (​សុភ័ក្ត្រ ភា​ណា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅក្នុង​សិក្ខាសាលា​នេះ ហឹម ហ៊ុយ គឺជា​អតីត​កងពល​៧០៣ ដែល​ធ្លាប់​ធ្វើការ​នៅក្នុង​មន្ទីរ​ស​-២១ ត្រូវបាន​អញ្ជើញ​ឲ្យ​មក​ចែករំលែក​រឿងរ៉ាវ​រប​ស់​ខ្លួន​ចាប់តាំងពី​ការជ្រើសរើស​ឲ្យ​ចូលធ្វើ​ទាហាន​ខ្មែរក្រហម​ក្នុ​តំបន់​រំដោះ រហូតដល់​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។

​គ្រូបង្រៀន​ប្រវត្តិសាស្ត្រ មកពី​ប្រទេស​ថៃ​បាន​លើក​សំណួរ​ទៅកាន់ ហឹម ហ៊ុយ ថា​« ហេតុអ្វី​បានជា​អ្នក​អាច​ស៊ូទ្រាំ​រស់​មកដល់​សព្វថ្ងៃ​នេះ​? តើ​យុវជន​បច្ចុប្បន្ន​ត្រូវ​ធ្វើខ្លួន​យ៉ាងដូចម្ដេច​ដែល​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ធ្លាប់​កើតមាន​អំពើ​ប្រល័យពូជសាសន៍​?» ហ៊ឹម ហ៊ុយ បាន​ឆ្លើយតប​ថា​៖ «​ខ្ញុំ​អាច​រស់​ជីវិត​បាន​ដោយសារ​ខ្ញុំ​ស៊ូទ្រាំ ខ្ញុំ​គ្រាន់តែ​ចង់​រស់​មិន​ចង់​មានបុណ្យ​ស​ក្ក័​ទេ​ហើយ​មានតែ​ការអប់រំ​ប៉ុណ្ណោះ​ដែល​យុវជន​អាច​ទទួលបាន ចូលរួម​ចង់ចាំ​និង​ទប់ស្កាត់​»​។

ចំណែក​អ្នកស្រី សេក សាយ គឺជា​កូនស្រី​របស់ ចាន់ គីម​ស្រ៊ុន អតីតជន​រងគ្រោះ​នៅ​មន្ទីរ​ស​-២១ ដែល​ត្រូវបាន​សម្លាប់​ជាមួយ​កូនស្រី​មាន​អាយុ​៥​ខែ បាន​រៀបរាប់​អំពី​រឿងរ៉ាវ​របស់ខ្លួន​បាន​ចង់ចាំ​ទាក់ទង​នឹង​ម្ដាយ​របស់ខ្លួន​។ សេក សាយ បាន​បន្តថា នៅពេល​របប​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​អាច​រស់​នៅបាន​ដោយសារ​មាន​ស្ត្រី​ម្នាក់​យកទៅ​ចិញ្ចឹម​។ សម វិចិត្រ គ្រូឧទ្ទេស​ថ្នាក់ជាតិ​របស់​កម្ពុជា បាន​លើក​សំណួរ​ថា «​តើ​លោកស្រី​មាន​អារម្មណ៍​ធូរស្បើយ​ទេ​នៅពេល​បាន​ចែករំលែក​រឿងរ៉ាវ​អំពើ​ឃោរឃៅ​ដែល​ខ្មែរក្រហម បាន​ប្រព្រឹត្ត​មកលើ​គ្រួសារ​របស់​អ្នកស្រី និង​ប្រជាជន​កម្ពុជា​?​។ សេក សាយ បាន​តប​ថា «​ខ្ញុំ​នៅតែ​ចងចាំ​អំពី​ម្ដាយ​របស់ខ្ញុំ​បើទោះជា​ខ្ញុំ​មានកូន​ប្រុស​ស្រី​ដែល​អាចធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ក៏ដោយ​។ ខ្ញុំ​សូមកុំ​ឲ្យ​របប​ឃោរឃៅ​នេះ​កើត ឡើង​ម្តងទៀត ហើយ​សូម​ឲ្យ​ប្រជាជន​កម្ពុជា​រស់នៅ​ដោយ​សន្តិភាព​»​។

​នៅក្នុង​សិក្ខាសាលា​លើក​ទី​៣ គ្រូឧទ្ទេស​ថ្នាក់ជាតិ​របស់​កម្ពុជា និង​គ្រូ​ប្រវត្តិសាស្ត្រ​មកពី​ប្រទេស​ថៃ​បានធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម និង​ប្រល័យពូជសាសន៍​បឹង​ជើងឯក​, មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម និង​ប្រល័យពូជសាសន៍​ទួលស្លែង​, សារមន្ទីរ​ជាតិ និង​បណ្ណាល័យ​សម្តេចម៉ែ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ សិក្ខាសាលា​នេះ មានការ​ចាប់អារម្មណ៍​ពី​គ្រូ​ប្រវត្តិសាស្ត្រ​មកពី​ប្រទេស​ថៃ វៀតណាម និង​គ្រូបង្រៀន​កម្ពុជា​ដែល​ភាគច្រើន​លើសលុប​បាន​យល់ដឹង​ពី​និយមន័យ​នៃ​អំពើ​ឧក្រិដ្ឋ​ឃោរឃៅ និង​ភាពច្បាស់លាស់​ក្នុងការ​កំណត់​ពី​កត្តា​គ្រោះថ្នាក់​នានា​ដែល​នាំ​ដល់​ការកកើត​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​កម្ពុ​ជានា​សម័យ​ខ្មែរក្រហម​។ សិក្ខាសាលា​នេះ បានផ្តល់​ចំណេះដឹង​ដល់​សិក្ខាកាម​ពី​កត្តា​គ្រោះថ្នាក់​នានា​ដែល​នាំ​ឲ្យ​កកើត​អំពើ​ឧក្រិដ្ឋ​នៅ​ប្រទេស​កម្ពុជា អាឡឺម៉ង់ និង​ប្រទេស​រ្វ៉ា​ន់​ដា​ទៀតផង​។ លើសពីនេះ​ទៀត គ្រូបង្រៀន​កម្ពុជា​ទាំងអស់ បានទទួល​ចំណេះដឹង​ថ្មីៗ​ទាក់ទង​នឹង​វិធីសាស្ត្រ​បង្រៀន​ថ្មី​ទំនើបៗ ក្នុងការ​ពាំនាំ​យកទៅ​បង្រៀន​សិស្ស​របស់ខ្លួន​ដោយ​ដើរ​តាម​គោល​វិធី​សិស្ស​មជ្ឈមណ្ឌល ដើម្បី​បង្កើន​ចំណេះដឹង និង​បង្កើន​ការគិតគូរ​យ៉ាង​ស៊ីជម្រៅ​របស់​សិស្ស​៕

រូបថតៈ​សិក្ខាសាលា​អប់រំ​«​ស្ដីអំពី​ការទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ »
​នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ កាលពី​ថ្ងៃទី​១៣​ដល់ទី​១៥ ខែធ្នូ ឆ្នាំ​២០២១​។ (​សុភ័ក្ត្រ ភា​ណា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)