ដោយៈ ហ៊ាន ពិសី និង មេក វិ​ន អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​/ភ្នំពេញៈកាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១ សិស្សានុសិស្ស​ចំនួន​៩​នាក់ លោកគ្រូ​និង​អ្នកគ្រូ​ចំនួន​៧​នាក់ នៃ​វិទ្យាល័យ​នេ​ត​យ៉ង់ និង​វិទ្យាល័យ​សម្តេច​ឳ ព្រមទាំង​មន្ត្រី​ចំនួន​៣​នាក់ នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង និង​ព្រះសង្ឃ​ចំនួន​២​អង្គ បានធ្វើ​ទស្សនកិច្ច​សិក្សា​ស្តីអំពី​សន្តិភាព​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការសម្របសម្រួល​របស់​អង្គការ​វេទិកា​សេវា​ពលរដ្ឋ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សិស្សានុសិស្ស​និង​លោកគ្រូ​អ្នកគ្រូ បានធ្វើ​ដំណើរ​មកដល់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៅលើ​ខ្នងភ្នំ​ដងរែក នៅវេលា​ម៉ោង​៨​ព្រឹក ដែល​អាកាសធាតុ​មាន​ភាព​ត្រជាក់​បង្គួរ​និង​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ​។ អ្នកចូលរួម​ខ្លះ​បាន​ដើរ​តម្រង់​ទៅ​មើល​ពើយ​តា​ម៉ុក ដែល​បាននិងកំពុង​ក្លាយ​ជាទី​គយគន់ ឯ​អ្នក​ខ្លះទៀត​ក៏​ដើរមក​មើល​ពិព័រណ៍​រូបថត​ស្តីអំពី​ជីវភាព​របស់​ប្រជាជន​នៅក្នុង​ស្រុក​អន្លង់វែង និង​ពិធី​ផ្លូវការ​ន​ការធ្វើ សមាហរណកម្ម​នៃ​ចលនា​ខ្មែរក្រហម​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​១៩៩៨ មក​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​វិញ ព្រមទាំង​ផ្ទាំង​រូបថត​របស់​តា​ម៉ុក​និង​ផ្ទាំង​រូបថត​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រតិភូ​ចិន​ទៀតផង​។ ​ក្រោយពី​បាន​ដើរ​មើល​ផ្ទាំង​ពិព័រណ៍​និង​ទេសភាព​ដ៏​ស្រស់ស្អាត​នៅ​ជុំវិញ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ហើយ សិស្សានុសិស្ស​រួមទាំង​លោកគ្រូ​អ្នកគ្រូ​បាន​បន្ត​ចូលទៅ​សាលប្រជុំ ដែលជា​អតីត​ផ្ទះ​កណ្តាល​របស់ តា​ម៉ុក នៅលើ​ភ្នំ​ដងរែក​។

​ជា​កិច្ច​ចាប់ផ្ដើម បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់ បាន​ណែនាំ​ខ្លួន និង​ក្រុមការងារ​ទៅដល់​អ្នកចូលរួម ហើយ​បន្ទាប់មក​បានធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​។ បណ្ឌិត លី សុខ​ឃាង បានបង្ហាញ​តាមរយៈ​ផ្ទាំង​ស្លាយ​ឲ្យ​ឃើញ​ពី​ការធ្វើ​ពលកម្ម​ដោយ​បង្ខំ​របស់​ខ្មែរក្រហម​ទៅលើ​ប្រជាជន​ខ្មែរ មានដូចជា លើក​ទំនប់ និង​ជីក​ប្រឡាយ​។ ចំណែក​ផ្ទាំង​ស្លាយ​ខ្លះទៀត រំលេច​អំពី​ប្រវត្តិរូប​មេដឹកនាំ​កំពូលៗ​របស់​ខ្មែរក្រហម មានដូចជា សា​ឡុ​ត ស (​ហៅ ប៉ុល ពត​), ឈិ​ត ជឿន​(​ហៅ តា​ម៉ុក​) នួន ជា​, ខៀវ សំផន និង សុន សេន​។ បន្ទាប់មក បណ្ឌិត លី សុខ​ឃាង បាន​ចាក់​បញ្ចាំងភាពយន្ត​ឯកសារ​មួយ​ស្តីពី​ស្ថានភាព​គុក​ទួលស្លែង​នៅក្នុង​ឆ្នាំ​១៩៧៩ ដែលជា​គុក​ដ៏​អាថ៌កំបាំង​បំផុត​ក្នុងសម័យ​ខ្មែរក្រហម​។ ភាពយន្ត​ឯកសារ​នេះ បានបង្ហាញ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​រន្ធត់​និង​ព្រៃផ្សៃ​បំផុត​ដែល​ខ្មែរក្រហម​បានធ្វើ​ទារុណកម្ម​លើ​ប្រជាជន​ខ្មែរ​។

​ផ្ទាំង​ស្លាយ​បន្ទាប់ បានបង្ហាញ​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង ព្រមទាំង​រូបភាព​ស្តីពី​ជីវភាព​រស់នៅ​របស់​អតីត​សមាជិក​ខ្មែរក្រហម​លើទឹក​ដី​អន្លង់វែង រហូតដល់​មាន​ការធ្វើសមាហរណកម្ម​ក្នុង​ឆ្នាំ​១៩៩៨​។ ក្នុងពេលជាមួយគ្នា នេះដែរ វាគ្មិន​បានបង្ហាញ​ផ្ទាំង​ស្លាយ​អំពី​គម្រោង​សាងសង់​ដំបូល​គ្របពីលើ ទីតាំង​បូជាសព ប៉ុល ពត និង​របង​នៅលើ​ច្រាក់​ភ្នំ​ដងរែក ស្ថិត​នៅក្បែរ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ របង​ដែក​នៅលើ​ច្រាក​ភ្នំ​ដងរែក​ដែល​នឹង​សាងសង់​នៅក្នុង​ឆ្នាំ​២០២២​នេះ នឹង​បង្កើត​ផ្លូវ​ដើរ និង​អាច​ជិះ​កង់​បាន​ដើម្បី​ភ្ជាប់​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​មួយកន្លែង​ទៅមួយ​កន្លែង​ទៀត ដូចដែល​មាននៅ​ក្នុង​ប្លង់គោល​សម្រាប់​អភិវឌ្ឍន៍​ស្រុក​អន្លង់វែង​។

​នៅក្នុង​ឱកាស​នោះ អ្នកចូលរួម​បាន​សួរ​សំណួរ​ផ្សេងៗ​ទាក់ទង​នឹង​កម្មវិធី​នេះ​។ ព្រះ​តេជគុណ ពន់ មាន​សង្ឃដីកា​ថា «​តើ​គម្រោង​ដ៏​ធំ​ក្នុង​ការសាងសង​ដំបូល​គ្រប​លើ​ផ្នូរ ប៉ុល ពត និង ការធ្វើ​របង​នៅ​ជួរ​ភ្នំ​ដងរែក​អាច​នឹងត្រូវ​ប្រើ​រយៈពេល​យូរ​ដល់​កម្រិតណា​ទើប​អាច​ទទួលបាន​ជោគជ័យ​?» ចំណែក ស៊ីណា ដែលជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​សម្ដេចឪ ខេត្តបាត់ដំបង បាន​សួរ​សំណួរ​ថា «​ប្រសិនបើ​មាន​ភ្ញៀវ​ទេសចរណ៍ ឬ​ក្រុមនិស្សិត​ធ្វើដំណើរ​មកដល់​ទីនេះ​ហើយ​ចង់​ដាំ​កូនឈើ តើ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង មាន​ដី​ទំនេរ​សម្រាប់​ដាំ​កូនឈើ​ដែរឬទេ​? បន្ទាប់ពី​ឆ្លើយ​សំណួរ​និង ​ពិភាក្សា​អំពី​ប្រវត្តិសាស្ត្រ​រួចមក អ្នកចូលរួម​បានបង្ហាញ​ពី​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ការដាំ​ដើមឈើ ដើម្បី​បង្កើតបាន​នូវ​ធម្មជាតិ​ពណ៌​បៃតង និង​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង លើ​ខ្នងភ្នំ​ដងរែក​នា​រដូវរំហើយ​។ យើង​បាន​ថតរូប​ជុំគ្នា​ទុកជា​អនុស្សាវរីយ៍ មុននឹង​បន្តដំណើរ​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​២០០​។

​ដើម្បី​អាច​ឡើង​ទៅដល់​ខ្នងភ្នំ​២០០​បាន អ្នកចូលរួម​កម្មវិធី​ទាំងអស់​ត្រូវ​ជិះ​រថយន្ត​ធ្វើដំណើរ​ឆ្លងកាត់​អូរ​ដែលមាន​ស្ពានឈើ​មួយ​។ បន្ទាប់មក រថយន្ត​ទាំងអស់​បើកបរ​សន្សឹមៗ​លើផ្លូវ​លំ​នៃ​ជម្រាលភ្នំ​ដងរែក​។ នៅ​ពាក់​កណ្ដាលផ្លូវ ក្រុមការងារ​, សិស្សានុសិស្ស​, លោកគ្រូ​អ្នកគ្រូ រួមទាំង​ព្រះសង្ឃ ត្រូវ​ចុះ​ដើរ ដោយសារតែ​ផ្លូវ​ចំណោទ និង​មាន​ដំ​ថ្ម​នៅ​រាយប៉ាយ​ដោយសារតែ​ភ្លៀង​ច្រោះ​កាលពី​រដូវវស្សា ដែល​ទើបតែ​កន្លងផុត​កាលពី​ខែវិច្ឆិកា​។ ខណៈពេលដែល​ធ្វើដំណើរ​តាមផ្លូវ កងកម្លាំង​នៃ​យោធា​ភូមិភាគ​៤​របស់​កងទ័ពជើងគោក ទទួល​ស្វាគមន៍​ពីមួយ​ដំណាក់​ទៅមួយ​ដំណាក់​។ អស់​រយៈពេល​ប្រមាណ​ជា​១៥​នាទី​ក្រោយមក ក្រុមការងារ​, សិស្ស និង​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​ព្រះសង្ឃ បានធ្វើ​ដំណើរ​ទៅដល់​ខ្នងភ្នំ​២០០​។ នៅ​ទីនោះ​យើង​ឃើញថា​មាន​ទេសភាព​យ៉ាង​ស្រស់ស្អាត ខ្យល់​បក់​ត្រសៀកៗ និង​ឮ​សំឡេង​សត្វ​ស្លាប​ស្រែក​ខ្ញៀវខ្ញា​បន្ត​គ្នា​មិន​ដាច់​។ ជាពិសេស​យើង​អាច​គយគន់​ទេសភាព​វាលស្រែ ចម្ការ ផ្លូវ និង​ភូមិឋាន​របស់​ប្រជាជន​ដែល​រស់នៅ​ស្រុក​អន្លង់វែង​បាន​យ៉ាងច្បាស់​ថែមទៀត​។

​នៅក្នុង​ឱកាស​នោះដែរ​ក៏មាន​ការ​ចាំ​ទទួល​ស្វាគមន៍ និង​ការធ្វើរ​បទ​បង្ហាញ ដោយ​វរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការរង​នៃ​កងពលតូច​ថ្មើរជើង​លេខ​៤១ និង​ជា​សមាជិក​ក្រុមការងារ​ប្រវត្តិសាស្ត្រ​យោធា​ភូមិភាគ​៤​។ វរសេនីយ៍ឯក ឯម វាសនា បានចាប់ផ្ដើម​ធ្វើការ​ណែនាំ​ខ្លួន​ដល់​ព្រះ​តេជគុណ សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​។ បន្ទាប់មក លោក​វរសេនីយ៍ឯក ក៏បាន​បញ្ជាក់​ឈ្មោះ​ថ្មី​របស់​ភ្នំ​២០០​ថា «​ទីស្នាក់ការ​កណ្ដាល​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​ភ្នំ​២០០ អន្លង់វែង​»​។

​លោក​វរសេនីយ៍ឯក បានធ្វើការ​អត្ថាធិប្បាយ​យ៉ាង​ក្បោះក្បាយ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​យោធា និង​ដំណើរ​ការវិវត្ត​សង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៩​។ លោក​វរសេនីយ៍ឯក បាន​បន្តថា អន្លង់វែង​ជា​តំបន់​ធ្វើ​សមាហរណកម្ម​ចុងក្រោយ​បង្អស់ ក្នុង​ឆ្នាំ​១៩៩៨​។ សង្គ្រាមរ៉ាំរ៉ៃ​នៅ​អន្លង់វែង​ត្រូវបាន​ផ្សះផ្សា​តាមរយៈ​យុទ្ធសាស្ត្រ​នយោបាយ​ឈ្នះ ឈ្នះ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​ជា​កិច្ចបញ្ចប់​នៃ​ការ​សំណេះសំណាល លោក​វរសេនីយ៍ឯក បានធ្វើការ​ថ្លៃ​ង​អំណរគុណ​ដល់​ក្រុមការងារ​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង ដែល​បាន​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​សិក្សា​មកកាន់​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​២០០​នេះ​។ ក្រោយមក​យើង​បាន​ថតរូប​ជុំគ្នា​នៅលើ​ផ្ទាំង​ថ្ម​ដ៏​ស្រស់ស្អាត​នៅលើ​ភ្នំ​២០០ ទុកជា​អនុស្សាវរីយ៍ មុនពេល​ក្រុម​ទស្សនកិច្ច​សិក្សា​បន្តធ្វើ​ដំណើរ​ទៅកាន់​សារមន្ទីរ​ផ្ទះ តា​ម៉ុក​៕សរន

រូបថតៈទស្សនកិច្ច​សិក្សា​អំពី​សន្តិភាព​និង​សិទ្ធិមនុស្ស​របស់​សិស្សានុសិស្ស​វិទ្យាល័យ​ក្នុង​​ខេត្តបាត់ដំបង​​ទៅកាន់​តំបន់​អន្លង់វែង កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១​។ (​សួត វិចិត្រ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)