​​ដោយៈ ពៅ​និមល / ភ្នំពេញៈ លោក​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់​ថាៈ ចាប់ពី​ឆ្នាំ ២០២២ ខាងមុខ​តទៅ រថយន្ត​ប្រភេទ​ចង្កូត​ស្តាំ​ទាំងអស់ នឹងមិន​អនុញ្ញាត ឱ្យធ្វើ​ចរាចរណ៍ តាមផ្លូវ​សារ​ធារ​ណៈ​ទៀត​ទេ ដោយសារ​គោលនយោបាយ ហាមឃាត់ ការនាំ​ចូល​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វ​ឌ្ឍ​ភាព​នៃ​ការអនុវត្តន៍ ការប្រមូល​ពន្ធ លើ​យានយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល ដែលមាន​ស្រាប់ ក្នុងស្រុក កាលពី​រសៀល ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ តាម​ប្រព័ន្ធ​វីដេអូ (Zoom) លោក​អគ្គនាយក បានលើកឡើង​ថាៈ គោលនយោបាយ ហាមឃាត់​ការនាំ​ចូល និង​ប្រើប្រាស់​ទៀត រថយន្ត​ចង្កូត​ស្តាំ (​លើកលែងតែ​មានការ​អនុញ្ញាត ពី​រដ្ឋាភិបាល ជា​លក្ខណៈពិសេស ដូចជា​រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​ដឹក​សំរាម ជាដើម​) ដោយ​មិន​តម្រូវ​ឲ្យ​ពាក់ព័ន្ធ ដោយផ្ទាល់​ឬ​ប្រយោល ក្នុង​ទម្រង់​ណាមួយ ក្នុងការ​ទទួលស្គាល់​ពី​ក្រសួង និង​ស្ថាប័ន​។​

​លោក​បាន​ពន្យល់ថាៈ ចំពោះ​ការ​លួច​រត់ពន្ធ រថយន្ត​ចង្កូត​ស្តាំ ពី​ប្រទេស​ថៃ គឺ​អស់​តែម្តង អត់​មាន​ទៀត​ទេ ព្រោះ​ត្រូវ​កែ​ចង្កូត​ផង និង​បង់​ពន្ធអាករ​ផង​។

ជាមួយគ្នានេះ លោក​ផ្ញើ​សារ​រម្លឹក ជូន​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ថាៈ បើ​មានឱកាស មាន​ពេលវេលា សូម​រួសរាន់​ឡើង ព្រោះថា បើ​និយាយ​ពី​ការអនុគ្រោះ​ពន្ធ ១០ ភាគរយ គឺ​យូរ​ជាង និង​វែង​ជាង ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង ដោយសារ​រថយន្ត​ស្តាំ គឺ​ត្រូវការ​ពេល វេលា ដើម្បី​កែ​ចង្កូត ហើយ​យើង​អនុគ្រោះ គឺអាច​តម្កល់​ប្រាក់​ពន្ធ នៅក្នុង​ខែកុម្ភៈ ខែមីនា និយាយ​ឲ្យ​ចំ គឺ​ចាប់ពី​ថ្ងៃទី​១ នៃ​យុទ្ធនាការ ដែល​យើង​ទទួល​ប្រាក់​កក់ រហូតដល់​ថ្ងៃ ចុងក្រោយ នៃ​ឱសានវាទ គឺ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។​

​បន្ថែម​ពីនេះ​ទៀត លោក​អំពាវនាវ ដល់​ម្ចាស់​ម្ចាស់​រថយន្ត ដែល​ជ្រក​ក្រោម​ស្លាក​លេខ ផ្សេងៗ ដូចជា ខ​.​ម​, ន​.​ប ឬ រដ្ឋ សូម​រួសរាន់ មក​បង់ពន្ធ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ទទួល បានការ​អនុគ្រោះ​ពន្ធ ១០ ភាគរយ​។ ដោយឡែក ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ មាន​ស្រាប់ ក្នុងស្រុក ត្រូវតែ​កែ​ចង្កូត ពីស្តាំ​មក​ឆ្វេង ដើម្បី​ឲ្យ​ស្របច្បាប់​ចរាចរណ៍​ផ្លូវគោក របស់​កម្ពុជា​។​

​លោក​បាន​សង្កត់ធ្ងន់ថាៈ ករណី​ដែល​រឹងទទឹង បន្ទាប់ពី​មន្ត្រី​មាន​សមត្ថកិច្ច ចាប់​បង្ក្រាប បាន នឹង​តម្រូវ​ឲ្យ​បំបែក ជា​គ្រឿងបន្លាស់ ឬ​កម្ទេចចោល​តែម្តង​។​

​សូមបញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​៩ ខែកញ្ញា រហូត​ត្រឹម​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ប្រមូល​ពន្ធ លើ​យានយន្ត​គ្មាន​ពន្ធ ទាំង ចង្កូត​ឆ្វេង និង​ស្តាំ ដែល​ជ្រក​ក្រោម​ស្លាក​ផ្សេងៗ ចំនួន​សរុប​ជាង ២៧ លាន​ដុល្លារ អាម៉េរិក ស្មើនឹង​យានយន្ត ចំនួន​ជាង ២.៦០០ គ្រឿង​។ ក្នុងនោះ រថយន្ត​ចង្កូត​សាំ្ត មាន​ចំនួន ១.៥០០ គ្រឿង ស្មើនឹង​ទឹកប្រាក់ ១០,៨ លាន​ដុល្លារ​។ រីឯ​រថយន្ត​ចង្កូត​ឆ្វេង មាន​ចំនួន​ជាង ១.៣០០ គ្រឿង ស្មើនឹង​ទឹកប្រាក់​សរុប ១៧,៦ លាន​ដុល្លារ​៕/V​