ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី ១៦ខែធ្នូ ឆ្នាំ ២០២១ នេះថាកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០២១នេះបានធ្វើកំហុស២នៅក្នុងការទទួលដោះស្រាយបញ្ហាជាមួយប្រទេសមីយ៉ាន់ ម៉ា។ នេះបើតាមលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្រង់ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមកបង្ហោះនៅ លើហ្វេសប៊ុករបស់លោកថា៖ «មេរៀនសម្រាប់អ្នកចូលចិត្តសិក្សាការងារទូត ! អាស៊ានបានធ្វើកំហុស ២ នៅក្នុងការទទួលដោះស្រាយបញ្ហាជាមួយមីយ៉ាន់ម៉ា៖ ទី១.អាស៊ាន បានដាក់លក្ខខណ្ឌជាមុនដើម្បីបញ្ជូនតំណាងរបស់ខ្លួនទៅធ្វើការជាមួយរដ្ឋអំណាចមីយ៉ាន់ម៉ា។ ទី២. នៅ ពេលអញ្ជើញចូលរួមប្រជុំកំពូលអាស៊ានសំបុត្រអញ្ជើញមិនបានផ្ញើ ទៅអោយប្រមុខរដ្ឋមីយ៉ា់ន់ម៉ាផ្ទាល់ទេតែគឺផ្ញើទៅអោយអគ្គលេខាធិការក្រសួងការបរទេសមីយ៉ាន់ម៉ាទៅវិញ។ »៕