ដោយៈមុនីរ័ត្ន,ទេពកង្រី/ភ្នំពេញៈមន្ត្រីនគរបាលជាតិពីររូបនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដែលជាប់ពាក់ពន្ធ័នឹងការកាន់កាប់ព្រៃលិចទឹក ត្រូវបានឃាត់ខ្លួនជាផ្លូវការដោយអង្គភាពប្រឆាំងអំពើពុករលួយ។។ជនជាប់សង្ស័យគឺ ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ជាស្នងការរងនគរបាលខេត្ត និង វរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យ អន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។អ្នកទាំងពីរត្រូវបាននាំខ្លួនមកកាន់អង្គភាពប្រឆាំងអំពើពុករលួយកាលពីព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកពីគ្នារបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)នៅរាត្រីថ្ងៃទី១៦ខែធ្នូបានឲ្យដឹង ថា ក្រោយពីបាន ធ្វើការស្តាប់ចម្លើយ ឈ្មោះ ស៊ុំ សុជាតិ ភេទប្រុស អាយុ ៥១ឆ្នាំរួចមកអង្គភាពប្រឆាំងអំពើពុករលួយ បានពិនិត្យឃើញថា ជន សង្ស័យខាងលើ បានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ នៅវេលា ម៉ោង២០ និង៤៥នាទី ដើម្បីបន្តនីតិវិធីច្បាប់។
សេចក្តីប្រកាសមួយទៀតបាននិយាយថាក្រោយពីបាន ឮធ្វើការស្តាប់ចម្លើយ ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ ៥៩ឆ្នាំរួចមកអង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជនសង្ស័យខាងលើ បានជាប់ពាក់ពន្ធ័ នឹងការកាន់កាប់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដូចនេះ អង្គភាព ប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២០និង៥០នាទី ដើម្បីបន្តនីតិវិធីច្បាប់។
សូមបញ្ជាក់ថា មន្ត្រីនគរបាលទាំងពីររូបនេះត្រូវបាននាំខ្លួនមកកាន់អង្គភាពប្រឆាំងអំពើពុករលួយកាលពីព្រឹកថ្ងៃទី១៦ខែធ្នូដើម្បីសាកសួរពាក់ព័ន្ធនឹងការកាប់រានព្រៃលិចទឹកនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕សរន