ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ នេះ ក្រុមហ៊ុន​អាកាស ចរណ៍​សិង្ហ​បុរី (Singapore Airline) បាន​ហោះហើរ​ត្រង់ មកកាន់​ខេត្ត សៀមរាប ដែលជា​ជើងហោះហើរ​អន្ដរជាតិ ដំបូងបង្អស់ បន្ទាប់ពី​មាន​វិបត្តិ​ជំងឺ​កូ​វីដ ១៩ រយៈពេល ២០ ខែ កន្លងមកនេះ​។​

​ក្នុង​កិច្ចដំណើរការ​ហោះហើរ មកកាន់​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប ក៏មាន​វត្តមាន​របស់​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាល ខេត្តសៀមរាប លោក សុខ សង្វា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ រួមទាំង​អ្នកមុខអ្នកការ បាន​អញ្ជើញ​ទទួល​ស្វាគមន៍ ភ្ញៀវ​អន្ដរជាតិ ទាំងនោះ ផងដែរ​។

​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី (Singapore Airline) បាន​ដឹក​អ្នកដំណើរ សរុប ៦៧ នាក់ មកកាន់​ខេត្តសៀមរាប និង​អាច​ចាត់ទុកថា ជា​ទេសចរ​ដំបូង ហើយ មកកាន់ ខេត្តសៀមរាប ចាប់ពី​ខែមីនា ឆ្នាំ​២០២០ មក ដែល​ផ្ទុះ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ជាស​កល​។​

​តាម​ការបញ្ជាក់​របស់​លោក Alain Brun នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Cambodia Airports ដែលជា​ក្រុមហ៊ុន​ប្រតិបត្តិការ អាកាសយានដ្ឋាន អន្តរជាតិ ទាំងបី របស់​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថាៈ ដំណាក់កាល​ថ្មី​នេះ ក្នុង​កិច្ច​បើក​ដំណើរការ ត​ភ្ជាប់​អន្តរជាតិ​ឡើងវិញ គឺជា​ជំហាន​វិជ្ជមាន សម្រាប់​ប្រទេស កម្ពុជា​។ ឱកាស​នេះ នឹងមិន​អាចទៅរួច​នោះទេ ប្រសិនបើ​អាជ្ញាធរ​កម្ពុជា មិន​ជ្រើស រើស សម្រាប់​ការបើក​ដំណើរការ​ឡើងវិញ មិន​ត្រឹមតែ​ខេត្តសៀមរាប មាន​ភ្ញៀវទេសចរ កាន់តែច្រើន និង​អះអាង​ជំហរ​របស់ខ្លួន​ថា ជា​គោលដៅ​កម្សាន្ត និង​វប្បធម៌​កំពូល របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកដំណើរ ក៏​អាចធ្វើ​ដំណើរ បាន​យ៉ាង​ងាយស្រួល រវាង​ប្រទេស​កម្ពុជា និង​ទីក្រុង​អន្តរជាតិ ផ្សេងទៀត តាមរយៈ​បណ្តាញ​ហោះហើរ ទូទាំង​ពិភពលោក ដ៏​ធំ​ទូលាយ របស់​ក្រុមហ៊ុន អាកាសចរណ៍​សិង្ហ​បុរី នេះ​ជា​ជើងហោះហើរ អន្តរជាតិ លើកដំបូង មកកាន់​ខេត្តសៀមរាប ចាប់តាំងពី​ខែមីនា ឆ្នាំ​២០២០ មក ត្រូវបាន​អាក់ខាន ដោយ​ជំងឺ​កូ​វីដ​-១៩ ការបើក​ដំណើរការ​ឡើងវិញ នៃ​សេវា​កម្មនេះ នឹង​ជួយ​កសាង​ឡើងវិញ នូវ​ចរាចរណ៍​ផ្លូវអាកាស រវាង​ប្រទេស​ទាំងពីរ បន្ទាប់ពី​ខែ​ដ៏​លំបាក ដែល​កើតចេញ ពី​ជំងឺ​រាតត្បាត ។

​លោក ទៀ សីហា បាន​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​សហការ​បានល្អ ក្នុងការ​រៀបចំ​ទទួល អ្នកដំណើរ នៅពេលនេះ ហើយ​អ្នកដំណើរ ទាំងអស់ នឹង​តម្រូវ​ឲ្យ​ធ្វើតេស្ត​រហ័ស ហើយ​បើ​មាន​ករណី​អវិជ្ជមាន ពួកគេ​អាចធ្វើ​ដំណើរ ដោយ​សេរី នៅក្នុង​ខេត្ត ឬ តាម​បណ្ដា​ខេត្ត ក្រុង នានា រីឯ​អ្នក​វិជ្ជមាន តាម​ឧបករណ៍​តេស្ដ​រហ័ស គឺ​ត្រូវយក​សំណាក ដើម្បី​តេស្ដ​ម៉ាស៊ីន PCR ដែល​នឹង​បញ្ជាក់​រយៈពេល ២ ទៅ ៤ ម៉ោង​បន្ទាប់ ។

​លោក​អភិបាលខេត្ត ក៏មាន​សុទិដ្ឋិនិយម​ថាៈ ការមកដល់​របស់​ភ្ញៀវទេសចរ នៅពេលនេះ ជា​សញ្ញា​ដ៏​ល្អ សម្រាប់​សេដ្ឋកិច្ច​ជាតិ ក៏ដូចជា សេដ្ឋកិច្ច​សៀមរាប ឲ្យ​ងើប​ឡើងវិញ​។​

​លោក​ក៏បាន​បង្ហើប ឲ្យ​ដឹងផង​ដែរ​ថាៈ នៅពេល​ឆ្លង​ឆ្នាំ​សកល ២០២១ ចូល ២០២២ រដ្ឋបាល​ក្រុង ស្រុក បាន​សហការគ្នា ធ្វើ​ពិធី​ឆ្លង​ឆ្នាំ ដូចជា នៅ​រមណីយដ្ឋាន​សង្ក្រាន្ត រយ ស្រុក​វ៉ារិន ស្រុក​ប្រាសាទបាគង ក៏​ដូច​ស្រុក មួយចំនួនទៀត​។ ក្នុងនោះដែរ ក៍មាន​ការបារម្ភ ពី​កង្វះ​បន្ទប់​ស្នាក់នៅ ដោយ​សណ្ឋាគារ ផ្ទះសំណាក់ មួយចំនួន នៅ​មិនទាន់​បានធ្វើការ រៀបចំ​នៅឡើយ ដោយ មកដល់ពេលនេះ មាន​ភ្ញៀវ​មួយ ចំនួន​ធំ បានធ្វើការ​កក់​បន្ទប់ ដើម្បី​មក​ចូលរួម​ឆ្លង​ឆ្នាំ នៅលើ​ទឹកដី ប្រវត្តិសាស្ត្រ មួយ​នេះ​៕/V​