ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅខេត្តបន្ទាយមានជ័យ ធ្លាប់បានដាំដើមរាំងទឹក ជាង ៦.០០០ ដើម នៅតំបន់ព្រៃលិចទឹក និងនៅមាត់អាងតំបន់ខ្ពង់រាប ។
លោក ឡុញ វុទ្ធី នាយខ័ណ្ឌរដ្ឋបាលជលផល បន្ទាយមានជ័យ បានប្រាប់រស្មីកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូថាៈ នាបណ្តាឆ្នាំចុងក្រោយនេះ រដ្ឋបាលជលផល មន្ទូីរកសិកម្ម និងអាជ្ញាធរមានសមត្ថកិច្ច បានដាំដើមរាំងទឹក បាន ៦.៥០០ ដើមក្នុងនោះ បានដាំ នៅម្តុំអាងលី សំអាន នាភូមិសាស្ត្រ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ជាតំបន់ព្រៃលិច ទឹក បាន ៣.៥០០ ដើម និងដាំនៅមាត់អាងជើងគ្រុះ នៅឃុំបន្ទាយឆ្មារ ជាតំបន់ ខ្ពង់រាប បាន ៣.០០០ ដើម ។
លោក ឡុញ វុទ្ធី បានបន្តថាៈ នៅភូមិសាស្ត្រ តំបន់ក្រោម ឬតំបន់ព្រៃលិចទឹក និងកន្លែងផ្សេងទៀត ក្នុងខេត្តបន្ទាយមានជ័យ មិនសូវសម្បូរដើមរាំងទឹកទេ បើមាន ក៏ជាប្រភេទ ទំហំដើមតូច និងមធ្យម។ កន្លែងដែលគ្រាន់សម្បូរ ដើមរាំងទឹក មាននៅស្ទឹងកំបុត ក្នុងភូមិសាស្ត្រឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ (ដើមតូច និងមធ្យម) និងនៅតំបន់អភិរក្ស កាំព្រីង អតីតឡូតិ៍លេខ១ ភូមិសាស្ត្រ ខេត្តបាត់ដំបង ដែលគ្រប់គ្រង ដោយខ័ណ្ឌរដ្ឋបាលជលផល បន្ទាយមានជ័យ ដែលមានដើមរាំងធំ។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានចេញលិខិត គោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ស្នើសុំជួយមាន វិធានការ ទប់ស្កាត់ និងហាមឃាត់ ការនាំចេញ ដើមរាំងទឹក ទៅបរទេស៕/V