ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានអំពាវនាវ ដល់ម្ចាស់យានយន្ត គ្រប់ប្រភេទ កុំកែច្នៃ និងដឹកជញ្ជូន ត្រូវគោរពទៅតាមច្បាប់កំណត់។ កុំកែច្នៃខុស លក្ខណៈបច្ចេកទេស និងកុំដឹកជញ្ជូន លើសទម្ងន់ ត្រូវក្រុមការងារ អនុវត្តន៍តាមច្បាប់។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹង នៅរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ថាៈ ក្រុមការងារ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឃាត់រថយន្ត មួយគ្រឿង ម៉ាកសាំយ៉ុង ដែលកែច្នៃ ខុសលក្ខណៈបច្ចេកទេស កំពុងបើកបរ លើដងផ្លូវជាតិលេខ៦២ ក្នុងភូមិអូរពោធិ ឃុំរម្មណីយ៍ ស្រុករវៀង។ ក្រុមការងារ បានកាត់ទ្រុង នៅហ្នឹងកន្លែង ជាមួយការ ផាកពិន័យ និងធ្វើកិច្ចសន្យា បញ្ឈប់ការកែច្នៃ ខុសច្បាប់ តទៅទៀត។
លោកនឹងអនុវត្តន៍ ទៅតាមច្បាប់ ដោយមិនលើកលែង ចំពោះរថយន្ត ដែលកែច្នៃ ខុសលក្ខណៈបច្ចេកទេស បើកបរលើដងផ្លូវ គឺចាប់ដកហូតតែម្តង មិនឲ្យធ្វើចរាចរណ៍ ទៀតទេ។ ចំណែករថយន្តដឹកលើសទម្ងន់កំណត់ គឺចាប់ផ្តើមអនុវត្តន៍ ផាកពិន័យ ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ។
លោកបានបន្តថាៈ ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ តទៅ ក្រុមការងារប្រចាំ នៅស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តអូរពោធិ នឹងចាប់ផ្តើមផាកពិន័យ ចំពោះរថយន្ត ដឹកជញ្ជូន លើសទម្ងន់កំណត់ ហើយ ព្រោះកន្លងមក ក្រុមការងារ មិនបានផាក ពិន័យនោះទេ ទោះដឹងថា រថយន្តនោះ ដឹកលើសទម្ងន់ក៏ដោយ ប៉ុន្តែចាប់ពីថ្ងៃទី២១ ធ្នូ តទៅ នឹងអនុវត្តន៍ទៅតាមច្បាប់ហើយ៕/V