ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអន្តរក្រសួង នាព្រឹក ដល់រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំមន្ត្រូីរាជការស៊ីវិល កងកម្លាំង យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដាំកូនឈើចម្រុះ (ដើមឫស្សី រាំងទឹកត្នោត) ចំនួន ៤.១៦០ ដើម និងគ្រាប់ នៅតាមព្រំប្រទល់ ដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ចំណុចគោកខ្សាច់ ភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្ត លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការដាំកូនឈើចម្រុះនោះ គឺដាំនៅទីកន្លែង ដែលរងការរុករាន ដុតទន្ទ្រាន ឈូសឆាយ ហ៊ុមព័ទ្ធយកជាកម្មសិទ្ធិខុសច្បាប់ ហើយធ្វើស្រែប្រាំង ស្រែវស្សា ដោយបុគ្គលជា ឈ្មួញ ពលរដ្ឋ និងមន្ត្រីមួយចំនួន នាពេលកន្លងមក។ ព្រោះថា មានច្រើននូវ ព្រៃលិចទឹក វាមានសារៈប្រយោជន៍ ក៏ច្រើន ដល់មច្ឆជាតិ សត្វ និងមនុស្ស។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ នេះជាការ អនុវត្តមួយ លើបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលថ្លែងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្ត ទាំង៥ ជាប់តំបន់ទំនាបព្រៃលិចទឹក និងបឹងទន្លេសាប ត្រូវធ្វើការ ទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាតទីយកដី នៅតាមបឹងទន្លេសាប។ ពោលគឺ ថ្ងៃនេះ រដ្ឋបាលខេត្ត បានចាប់ផ្តើមដាំកូនឈើចម្រុះ និងនៅទីតាំង ដូចខាងលើ។ លុះនៅសប្តាហ៍បន្តបន្ទាប់ នឹងដាំនៅចំណុចព្រំប្រទល់ ប្រវែង ៤០ គ.ម លើដីតំបន់៣ បឹងទន្លេសាប កន្លែងផ្សេងទៀត ក្នុងភូមិសាស្ត្រ ឃុំប្រាសាទ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងនៅឃុំសំបួរ ស្រុកមង្គលបូរី ។
លើកនេះ ថ្នាក់ដឹកនាំ មន្ត្រី និងក្រុមការងារ បានដាំដើមរាំងទឹក ចំនួន ១.៣០០ ដើម ឫស្សី ចំនួន ១.០៦០ ដើម និងត្នោត ចំនួន ១.៨០០ គ្រាប់ ។
បន្ថែមលើនោះ លោក អ៊ុំ រាត្រី បានលើកទឹកចិត្ត ក៏ដូចជា សំណូមពរដល់មន្ត្រី កងកម្លាំង ប្រជាពលរដ្ឋ មហាជន រួមទាំងអ្នករំលោភយកដីរដ្ឋ តំបន់ព្រៃលិចទឹក ងាកមកនាំគ្នាដាំព្រៃលិចទឹកឡើងវិញ ហើយដាច់ខាត មិនត្រូវលួចបំផ្លាញព្រៃ រំលោភយកដីជាថ្មីនោះឡើយ ។ ពុំនោះទេ នឹងត្រូវចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់ មិនលើកលែងឡើយ ។
រដ្ឋបាលខេត្ត និងសមត្ថកិច្ច សូមបិទ ឬហាមឃាត់ទាំងស្រុង ការបង្កង្កើនផលស្រូវប្រាំង ថ្មី លើដីតំបន់៣។ ប៉ុន្តែចំពោះស្រូវវស្សា ដែលបានធ្វើរួចមក គឺអាចអនុញ្ញាតអោយ អ្នកធ្វើ បានប្រមូលផល មួយរដូវចុងក្រោយប៉ុណ្ណោះ ។
សូមរំលឹកថា ក្រុមការងារចម្រុះ ដឹកនាំដោយលោក អ៊ុំ រាត្រី និងលោក លាង មុន្នីរឹទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះ ពិនិត្យ ទីតាំងជាក់ស្តែង ជាមួយក្រុមការងារបច្ចេកទេស ដើម្បីស្វែងរក និងផ្ទៀងផ្ទាត់ បង្គោល តំបន់៣ ភូមិសាស្ត្រខេត្ត រកឃើញថា មានបង្គោល ចំនួន ២៦ ដើម ដែលត្រឹម ត្រូវតាមនិយាមការ ដែលចែងក្នុងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ស្តីពីការកំណត់ដែនព្រៃលិចទឹក ក្នុងតំបន់៣ បឹងទន្លេសាប មានចំនួន ៦៤៧.៤០៦ ហិកតា ស្ថិតនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ)។
ដោយឡែក នៅភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ មានទំហំ ១២.២៩៧ ហិកតា និងមាន ៤៨ ចំណុចនិយាមការ (TA) ស្ថិតនៅក្នុងឃុំប្រាសាទ និង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី ។ ឆ្នាំ២០១០-២០១១ កន្លងមក អាជ្ញាធរទន្លេសាប និងក្រសួងធនធានទឹក និងឧតុនិយម បានបោះបង្គោល កំណត់ព្រំដីតំបន់ ថ្នាក់ជាតិ បាន ១១ បង្គោល និងថ្នាក់ខេត្ត បាន ១៥ បង្គោល។ ក្នុងនោះ ជាលទ្ធផល ចុះត្រួតពិនិត្យរបស់ក្រុមចម្រុះ បានរកឃើញថា បង្គោលខ្លះ រក្សាទ្រង់ទ្រាយដើម ខ្លះដួល ទ្រេត រលំ ខ្លះខុសទីតាំង ខ្លះបាត់ និងខ្លះចូលមិនដល់ ។
ឯការស្រាវជ្រាវរបស់រដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរកឃើញការទន្ទ្រានចាស់ លើដីព្រៃលិចទឹក តំបន់៣ មានចំនួន ១១ ទីតាំង គិតជាផ្ទៃដីស្មើនឹងទំហំ ៥.៣៥០ ហិកតា គឺនៅឃុំប្រាសាទ ៣ ទីតាំង ស្មើនឹង ៦៥០ ហិកតា នៅឃុំភ្នំលៀប ៨ ទីតាំង ស្មើនឹង ៤.៧០០ ហិកតា ។
ក្រោយបទបញ្ជាសម្តេចតេជោ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមចម្រុះខេត្ត បានចុះ ពិនិត្យ ហើយរបាយការណ៍របស់ កងរាជអាវុធហត្ថខេត្ត បានរកឃើញ នៅចំណុច ៣ ខាងលើ ថាមានការរំលោភ ចូលអាស្រ័យផល ពីពលរដ្ឋ ចំនួន ៤៣៩ នាក់ (ពលរដ្ឋ ក្នុងមូលដ្ឋាន ៤១៩ នាក់) អស់ផ្ទៃដីប្រមាណ ៧.៨៣៤,២៤ ហិកតា។
សូមបញ្ជាក់ដែរថា ដោយអនុវត្តតាមបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំប្រតិភូ ក្រុមការងារអន្តរក្រសួង ចុះទៅខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។ ក្នុងនោះ ប្រតិភូបានអញ្ជើញបំពេញបេសកកម្ម នៅខេត្តបន្ទាយមាន ជ័យ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ដោយបានចុះពិនិត្យទីតាំង នៅឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ រួចបានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីក្រុមការងារ ថ្នាក់ជាតិ ចុះពិនិត្យព្រៃលិចទឹក តំបន់បឹងទន្លេសាប ក្នុងតំបន់ ៣ ក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ។ ជារួម លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានដាក់ចេញ ផែនការ និងវិធានការ ចំនួន ៧ ចំណុច ក្នុងនោះ មានការដាំឈើឡើងវិញ ក្នុងតំបន់ ផងដែរ៕/V