​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​មូលដ្ឋាន​ខេត្ត​ព្រះ​ស៊ី​ហ​នុ បា​នប​បញ្ជាក់ ថាៈ គណបក្ស​ប្រជាជន​កម្ពុជា មិន​ប្រកាន់​និន្នាការ នយោបាយ​ឡើយ ហើយ​នរណា ក៏​អាចមក​រួមរស់ ជាមួយ​បាន​គ្រប់គ្នា​។ លោក ក៏បាន​កោតសរសើរ នូវ​ការសម្រេចចិត្ត ដ៏​ត្រឹមត្រូវ របស់​បងប្អូន ដែលជា​សមាជិក​ថ្មី ដែល​បានមក​រួមរស់​ជីវភាព នយោបាយ ជាមួយ គណបក្ស ប្រជាជន​កម្ពុជា​។ គណបក្ស​ប្រជាជន គឺជា​គណបក្ស មានចិត្ត និង​បេះដូង​ទូលាយ និង​ជា​គណបក្ស ជ្រោង​ទង់​សាមគ្គីភាព និង​ឯកភាព​ជាតិ​។​

​ការបញ្ជាក់​របស់លោក សាយ សំ​អាល់ គឺ​នៅក្នុង​ពិធី​សំណេះសំណាល និង​បញ្ចូល សមាជិក​ថ្មី គណបក្ស​ប្រជាជន ឃុំ​អូរ​ឧកញ៉ា​ហេង នៅ​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១​។​

​លោក សាយ សំ​អាល់ បាន​មានប្រសាសន៍​បញ្ជាក់ថាៈ «​ប្រសិនបើ​ប្រទេស​យើង មិនមាន​សន្តិភាព ស្ថេរភាព​ទេ យើង​មិនអាច​មានឱកាស​អភិវឌ្ឍន៍ កសាង​ជាតិ ឱ្យ​រីកចម្រើន ជឿនលឿន ឆាប់រហ័ស ដូច​បច្ចុប្បន្ន​ទេ​»​។​

​លោក សាយ សំ​អាល់ បាន​រម្លឹក​ឱ្យ​សមាជិក ចូលរួម​ដឹងថាៈ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ជាង ៥០០ ឆ្នាំ មកនេះ ប្រទេស​កម្ពុជា មិន​ធ្លាប់មាន​សុខសន្តិភាព ពេញលេញ ដូច​សម័យ​តេ​ជោ សែន នេះ​ទេ​។ កម្ពុជា បាន​ឆ្លងកាត់​ជម្លោះផ្ទៃក្នុង និង​សង្គ្រាម ជាច្រើន​សម័យ ជាពិសេស​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលនាំឱ្យ​កម្ពុជា ធ្លាក់​ដល់​ចំណុចសូន្យ ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម ដួលរលំ កម្ពុជា​ត្រូវ​ចាប់ផ្តើម កសាង​ប្រទេស ពី​ចំណុចសូន្យ និង​បាតដៃ ទទេ ហើយ​ឆ្លងកាត់​ឧបសគ្គ យ៉ាងច្រើន ទម្រាំ​រកបាន​សុខសន្តិភាព ពេញលេញ ដូច​បច្ចុប្បន្ន​។​

​លោក សាយ សំ​អាល់ បាន​ថ្លែងបន្តថាៈ ជាក់ស្តែង ថ្ងៃ ១៨ ធ្នូ​នេះ ជា​មោទកភាព និង​ជា​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​បានដាក់​សម្ពោធ ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នូវ​ពហុ​កីឡដ្ឋាន មួយ​ដ៏​អស្ចារ្យ គឺ «​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​»​។

​លោក​បាន​គូសបញ្ជាក់​ឱ្យដឹងថាៈ តាំងពី​ឆ្នាំ​១៩៧៩ មក មានតែ​ពេលនេះ​ទេ ដែល កម្ពុជា មាន​មជ្ឈមណ្ឌល​កីឡា ដែលមាន​ទីកន្លែង​ស្នាក់នៅ និង​ហ្វឹកហាត់​ស្តង់ដារ​មួយ ឱ្យ​កីឡាករ​ហ្វឹកហាត់​ត្រឹមត្រូវ ជាពិសេស​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ​។ ទាំងនេះ គឺជា​ផ្លែផ្កា ដែល​ទទួលបាន ពី​សុខសន្តិភាព ស្ថេរភាព និង​ជា​កិច្ចខិតខំ​របស់ រាជរដ្ឋាភិបាល​។​

​លើសពីនេះ​ទៀត លោក សាយ សំ​អាល់ បានឱ្យដឹង​ទៀតថាៈ ចំពោះ​គោ​លន​យោ បាយ​គាំពារ​សង្គម តំបន់ ក្នុង​បរិបទ​កូ​វីដ​-១៩ កម្ពុជា បានផ្តល់​ជា​ជំនួយ​សាច់ប្រាក់ និង​ជំនួយ​មនុស្សធម៌​ផ្សេងៗ ដល់​ប្រទេសជិតខាង ក្នុង​តំបន់​ទៀតផង​។ ជាពិសេស គោលនយោបាយ ស្រោច​វ៉ាក់សាំង បង្ការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាជន​កម្ពុជា ទាំង ៣ ដូ​ស ដោយ​ឥតគិតថ្លៃ​។ នេះ​គឺជា​ការគិតគូរ​យ៉ាង​យកចិត្តទុកដាក់ ដល់​សុខុមាលភាព ប្រជាជន​របស់ ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​បាន​សង្កត់ធ្ងន់ថាៈ គណបក្ស​ប្រជាជន គឺជា​គណបក្ស មានចិត្ត និង​បេះដូង ទូលាយ និង​ជា​គណបក្ស ជ្រោង​ទង់​សាមគ្គីភាព និង​ឯកភាព​ជាតិ​។​

​សូម​រម្លឹកថា សមាជិក​ចំនួន ១៨៣ នាក់ បន្ថែមទៀត ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​បញ្ចូល ជា​សមាជិក គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១ នេះ ក្រោម​អធិបតីភាព​លោក សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ គណបក្ស​ចុះ​មូលដ្ឋាន ខេត្ត​ព្រះសីហនុ លោក គួច ចំរើន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន គណបក្ស​ខេត្ត លោក សូ​ខន ឫទ្ធី​គុណ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា អនុប្រធាន​គណបក្ស ព្រមទាំង​មានការ​ចូលរួម ពី​លោក លោកស្រី ជា​ប្រធាន អនុប្រធាន សមាជិក សមាជិកា ជាច្រើនរូប​ទៀត​៕/V​