ដោយ​: ដេប៉ូ / ភ្នំពេញ​: លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា​«​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​ច្រើន​លើសលប់ គឺជា​ការបង្ហាញ​ឱ្យ​ឃើ​ថា ប្រជាជន​កម្ពុជា​ជឿជាក់​លើ​រាជរដ្ឋាភិបាល ជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជឿជាក់​លើ​វ៉ាក់សាំង​»​។

​ការ​ថ្លែង​របស់លោក សាយ សំ​អាល់ បែបនេះ​ធ្វើឡើង​នាឱកាស ក្នុង​ពិធី​ជួប​សំណេះសំណាល និង​បញ្ចូល​សមាជិក​ថ្មី​របស់​គណបក្ស ដែល​មកពី​សង្កាត់​លេខ​១ និង​លេខ​៣ នៃ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ក្រុងព្រះសីហនុ​។

​លោក សាយ សំ​អាល់ បានឱ្យ​ដឹងផង​ថា មានតែ​កម្ពុ​ជាមួយ​ប៉ុណ្ណោះ ដែល​បានផ្តល់​កិច្ច​គាំពារ​ដល់​សុខុមាលភាព​របស់​ប្រជាជន​យ៉ាង​យកចិត្តទុកដាក់ ដោយ​អនុវត្ត​គោលនយោបាយ​ស្រោច​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំង​៣​ដូ​ស ដោយ​ឥតគិតថ្លៃ និង​ផ្តល់​ជា​ថវិកា​ឧបត្ថម្ភ​គ្រួសារ​អ្នកជំងឺ​មរណភាព​ដោយ​ជំងឺ​កូ​វីដ​-១៩ ទៀតផង​។ ជាមួយនឹង​ជោគជ័យ​នៃ​ការទប់ស្កាត់​បង្ការ​ការ​ពារ​ជំងឺ​កូ​វីដ​-១៩ ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​ក៏បាន​បើក​ប្រទេស​ឡើងវិញ​ផងដែរ​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​យប់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​សរុប​ចំនួន ១៤,២២៤,២០២​នាក់ ដែល​ស្មើ ៨៨,៩០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប​។

​លោក ប្រធាន​ក្រុមការងារ​ក៏បាន​លើកឡើង​ពី​សមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជា​សម្រេចបាន​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​ក្នុងនោះ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវថ្នល់ ៣៧ ខ្សែ រួម​នឹង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​។

​លោក សាយ សំ​អាល់ បានបញ្ជាក់​បន្ថែមថា ដោយសារតែ​កត្តា​សុខសន្តិភាព​ពេញលេញ បានអនុញ្ញាត​ឱ្យ​កម្ពុជា​មានឱកាស និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើន​។

​គួរ​បញ្ជាក់ដែរថា សមាជិក​ចំនួន​៥៨៥​នាក់​បន្ថែមទៀត មកពី​សង្កាត់​លេខ​១ និង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវបាន​បញ្ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១​នេះ ក្រោម​អធិបតីភាព លោក សាយ សំ​អាល់ សមាជិក​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណបក្ស​ខេត្ត ឯកឧត្តម តឹក រ៉េត​សំរេច សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ក្រុងព្រះសីហនុ ព្រមទាំង​មានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ប្រធាន អនុប្រធាន សមាជិក​សមាជិកា ជាច្រើនរូប​ទៀត​៕​