​ដោយ​: ដេប៉ូ / ព្រះសីហនុ​: សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​សរុប​ចំនួន ១៣២ រូប មកពី​ស្រុក​និង​ក្រុង​ទាំង ៥ នៃ​ខេត្ត​ព្រះសីហនុ បាន​ចូល រួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ព័ត៌មាន និង​ប្រតិកម្ម​ឆ្លើយតប​ទាន់ពេលវេលា ដែល​រៀបចំ​ដោយ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ខេត្ត ព្រះសីហនុ​។​

​គួរ​បញ្ជាក់ថា ការបណ្តុះ បណ្តាល​នេះ​មាន​រយៈពេល ១ ពោលគឺ​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ ២០២១ ដែលមាន លោក នេត្រ ភក្ត្រា ប្រធាន​ក្រុម ការងារ​ព័ត៌មាន​និង​ផ្សព្វផ្សាយ​នៃ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ជា​គ្រូឧទ្ទេស និង​រៀបចំឡើង ក្នុង​គោលបំណង​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ពី​ការគ្រប់គ្រង ព័ត៌មាន និង​ប្រតិកម្ម​ឆ្លើយតប​។

​ក្នុង​ពិធី​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល លោក សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ពី​សារៈសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ថា មាន​ភាពចាំបាច់​សម្រាប់​សកម្មជន​គណបក្ស​ក្នុងការ​បំប៉ន​ចំណេះដឹង​បន្ថែម​លើ​ការងារ​គ្រប់គ្រង​ព័ត៌មាន ការផ្សព្វផ្សាយ​សមិទ្ធផល​ផ្សេងៗ​របស់​គណបក្ស និង​ទប់ស្កាត់​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។

​លោក​ប្រធាន​ក្រុមការងារ បាន​ជំរុញ​និង​លើកទឹកចិត្ត​បន្ថែម​ដល់​សកម្មជន​ទាំងអស់ សូម​បន្តធ្វើ​អំពើ​ល្អ​បន្ថែមទៀត ដើម្បី​បម្រើប្រជាជន​៕