ដោយ​៖​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖ វេលា​ម៉ោង​១២​និង ១០​នាទី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​សំរោង សង្កាត់​ផ្សា​ឆ្នាំង ក្រុង​និង​ខេត្តកំពង់ឆ្នាំង កើតមាន​ករណី​អគ្គិភ័យ​មួយ​បណ្ដាលឱ្យ​ឆេះ​រោង​ឆ្អើរត្រី​មួយ​ខ្នង ទំហំ​៤​ម៉ែត្រ គុណ ៧​ម៉ែត្រ អស់ទាំង​ស្រុង​។​

​ម្ចាស់​រោង​ឆ្អើរត្រី​ដែល​អគ្គិភ័យ​លេប​ត្របាក់​មានឈ្មោះ លី វ៉ុ​ន និង​ប្រពន្ធ​ឈ្មោះ ស៊ីម អ៊ូ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។

​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង​លោក​វីរៈ​សេនីយ៍​ឯក ឆាយ ខេ​មរ​ត្ន័ បានអោយដឹងថា​ក្នុងករណី​អគ្គិភ័យ​ឆាបឆេះ​រោង​ត្រីឆ្អើរ​ខាងលើនេះ​បង្ករ​ការខូចខាត ឆេះ​ត្រីឆ្អើរ​អស់​ប្រមាណ​ជាង ១.០០០​ចង្កាក់ និង​បាន​ឆេះ​អុស អស់​១​ចំនួន និង​ទូក ង ដែល​ចត​នៅក្បែ​រោង​ដោយ​១​គ្រឿង​អស់​៦,៧០​ម៉ែត្រ​មិនអាច​ជួសជុល​បាន ហើយ​១​គ្រឿង​ទៀត​ឆេះ​អស់​៤,៥០​ម៉ែត្រ រោល​ខ្លោច ដែល​អាច​ជួសជុល​ប្រើប្រាស់​បាន​។​

អធិការ​នគ​បាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹង​បន្ថែមទៀតថា​មូលហេតុ​បណ្ដាលមកពី​ខ្លាញ់ត្រី​ហៀរ​បណ្តាលអោយ​ឆាបឆេះ​ខ្លាញ់​ត្រីឆ្អើរ ទើប​បណ្ដាលឱ្យ​ឆេះ​ផ្អើល​អ្នកស្រុក ។

​នៅក្នុង​ហេតុ​ការ​ខាងលើនេះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគ​បាល​បានចេញ​អន្តរាគមន៍ ចំនួន​៣​រថយន្ត បាញ់​ពន្លត់​មិន​បណ្តាលអោយ​ឆេះ​រាលដាល​ទៅផ្ទះ​អ្នកដទៃ និង​កន្លែង​ផ្សេងៗ​នោះឡើយ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង បាន​ហៅ​ម្ចាស់​មក​អធិការ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​ឯកសារ​បញ្ជូន​បន្តទៅ​ស្នងការ​នគ​បាល​ខេត្ត​ផងដែរ​៕​