ដោយៈប.ខុន/ភ្នំពេញៈក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យធ្វើការសម្អាតសំរាម មែកឈើ គល់ឈើដែលទើរនៅពីមុខស៊ីហ្វុង ដើម្បីត្រៀមបញ្ជូនទឹកទៅ ស្រោចស្រពដំណាំស្រូវប្រាំងនៅក្នុងខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបតាមរយៈប្រឡាយមេបេតុងទី១និងប្រឡាយមេបេតុងទី២ ដែលមានប្រវែងសរុប៨០គីឡូម៉ែត្រនៅ ក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យនិងខេត្តសៀមរាប។
លោកញឺន កួនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២០ខេធ្នូឆ្នាំ២០២១ថា ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យធ្វើការសម្អាត សំរាមដែលកកស្ទះនៅមុខស៊ីហ្វុងទី១និងទី២នៃប្រឡាយមេស្ទឹងស្រែងទី១ខាងលិចស្ថិតនៅក្នុងឃុំជើងទៀនស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ដើម្បីត្រៀមបញ្ជូនទឹកទៅស្រោចស្រព ដំណាំស្រូវប្រាំងនៅក្នុងខេត្តបន្ទាយមានជ័យនៅចុងខែធ្នូឆ្នាំ២០២១និងដើមខែមករាឆ្នាំ២០២២ខាងមុខនេះ។
ប្រធានមន្ទីរខាងលើឱ្យដឹងទៀតថា ប្រឡាយមេស្ទឹងស្រែងទី១ខាងលិច ជាប្រឡាយបេតុងមានប្រវែងសរុបជិត៦០គីឡូម៉ែត្រ ដោយក្នុងនេះប្រវែង១៧គីឡូ ម៉ែត្រស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិង៤០គីឡូម៉ែត្រនៅក្នុងខេត្តបន្ទាយមានជ័យ។ប្រឡាយនេះមានតួនាទីសំខាន់ក្នុងការនាំយកទឹកពីអាងទឹកស្រែង១ទៅស្រោចស្រពផ្ទៃដីស្រូវប្រាំងនៅផ្នែកខាងក្រោមនិងខាងកើតអាងត្រពាំងថ្មនិងក៏សម្រាប់នាំទឹកចូលទៅកាន់អាងត្រពាំងផងដែរ។
លោកញឺន កួន បានបញ្ជាក់ថា ប្រឡាយមេស្ទឹងស្រែងទី១ខាងលិចនៅពេលដំណើរការបើកទឹកតែងមានសំរាមមែកឈើ គល់ឈើអណ្តែតរសាតមកទើរនៅពីមុខ ស៊ីហ្វុងធ្វើឱ្យស្ទះទឹកហើយត្រូវធ្វើការសម្អាតរៀងរាល់ ពី៤ទៅ៥ថ្ងៃម្តង ។ ការបញ្ចេញទឹកតាមប្រឡាយមេទី១និងប្រឡាយមេទី២ចេញពីអាងទឹកស្រែង១ រាល់ឆ្នាំចាប់ពីខែធ្នូរហូតដល់ខែឧសភា។ប្រឡាយមេទី១សម្រាប់នាំទឹកស្រោចស្រពផ្ទៃដីស្រូវប្រាំងក្នុងខេត្តបន្ទាយមានជ័យ។ឯប្រឡាយមេទី២ជាប្រឡាយបេតុងមានប្រវែងប្រមាណ២០គីឡូម៉ែត្រសម្រាប់នាំ ទឹកទៅស្រោចស្រពផ្ទៃដីស្រូវប្រាំងនៅក្នុងខេត្តសៀមរាប។
ស្ថានភាពទឹកនៅអាងស្រែងទី១និងទី២នៅ ពេលនេះលោកញឺន កួននិយាយឱ្យដឹងថានៅបន្តហូរលើទំនប់បង្ហៀរនៅឡើយទេបានន័យថាទឹកនៅលើសពីកម្រិតរក្សាទុកនៅ ឡើយទេ។នៅទំនប់បង្ហៀរនៃអាងទឹកស្រែង១ មានទឹកនៅហូរលើទំនប់បង្ហៀរ០.០៥ម៉ែត្រ នៅលើទំនប់បង្ហៀរនៃអាងទឹកស្រែង២មានទឹកនៅហូរពីលើកម្ពស់០.០៨ម៉ែត្រជា ទឹក ដែលហូរមកពីតាមវាលស្រែដែលកសិករលែងត្រូវការទឹក។ឯស្រូវប្រាំងនៅក្នុងខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបដែលកសិករបានធ្វើការសាបព្រោះរួច ជិតដល់ពេលត្រូវការទឹកហើយ។ គ្រប់អាងទឹកតូចធំនៅក្នុងខេត្តឧត្តរមានជ័យពេលនេះមានទឹកនៅពេញទាំងអស់។ អាងទឹកស្រែង១និងស្រែង២ មានបរិមាណទឹកសរុបប្រមាណជាង៤០០លានម៉ែត្រ គូបក្នុងនេះនៅស្រែង២មានទឹក២៥៨លានម៉ែត្រគូបនិងនៅអាងទឹកស្រែង១មានទឹកប្រមាណជា១៥៣លានម៉ែត្រគូប៕ សរន