​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កំណាត់​ផ្លូវ​លេខ​២៥៩ គឺ​ចាប់ផ្ដើម​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ដល់​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក បាន​ដំណើរការ ជួសជុល ក្រោយ​រដូវភ្លៀង​បានបញ្ចប់ ។​

​លោក ប៉ិច សុខ​ឃឿន ចៅសង្កាត់​ទឹកល្អក់​ទី​១ បាន​មានប្រសាសន៍ ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ នេះ​ថាៈ អនុវត្តតាម​ការណែនាំ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​បាន​ជម្រុញ​អោយ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ជួសជុល កំណាត់​ផ្លូវ ដែល​ខូចខាត​ឡើងវិញ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍ របស់​បងប្អូន​ប្រជាពលរដ្ឋ ។ កំណាត់​ផ្លូវ​លេខ​២៥៩ មួយ​ខ្សែ ដែលមាន​ប្រវែង​ប្រមាណ​ជាង ១០០ ម៉ែត្រ ត្រូវបាន​អាជ្ញាធរ​ខណ្ឌទួលគោក ធ្ជួ​ស​ជុល​ឡើងវិញ ក្រោយពី​ខូចខាត ដោយ​កន្លែង​ខ្លះ មាន​ជង្ហុក សំបុកមាន់ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍ របស់​បងប្អូន ប្រជាពលរដ្ឋ និង​ម្យ៉ាងទៀត​ដើម្បី​ជាការ​លើក​សោភ័ណភាព រាជធានី​ភ្នំពេញ ឲ្យ​មាន​ភាពស្រស់​បំព្រង សមជា​ទីក្រុង ដែលជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​បន្តថាៈ ជាក់ស្តែង នៅ​ថ្ងៃទី​២០ ធ្នូ​នេះ យើង​បានធ្វើការ​ជួសជុល​អ៊ុត​កៅស៊ូ ផ្លូវ ២៥៩ ដោយ​ចាប់ពី​ផ្លូវ​សហព័ន្ធរុស្ស៊ី រហូតដល់​ផ្លូវ​កម្ពុជា​ក្រោម ។ ការជួសជុល ផ្លូវ​២៥៩ នេះ គឺ​ត្រូវ​ជួសជុល ដោយ​អ៊ុត​កៅស៊ូ អាស់​ហ្វា ដោយ​ចាប់ផ្តើម​អនុវត្ត ចាប់ពី​ព្រឹក​ថ្ងៃទី​២០ ធ្នូ ២០២១ ដោយ​ធ្វើការ​ជួសជុល តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ដែលជា​គម្រោង​មូលនិធិ​សង្កាត់ ឆ្នាំ​២០២១៕/V​