ដោយៈប.ខុន/ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុជូនដំណឹងដល់បុគ្គលដែលបានបោះទីតាំងលើដីគម្របព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង ដីតំបន់អភិរក្ស ដីនៅស្ថានីយដាំអូរថ្មដីឧទ្យាន ជាតិ ដីឧទ្យានជាតិសមុទ្រ របៀងអភិរក្សជីវចម្រុះ ដីតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ និងដីកម្មសិទ្ធិឯកជនស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុចាក ចេញឱ្យបានមុនពេលរដ្ឋបាលខេត្តទទួលក្រុង/ស្រុក មានវិធានការផ្លូវច្បាប់។
រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២១ បានជូនដំណឹងតាមរយៈលិខិតលេខ១០៧២,២១សជណ ជម្រាបទៅដល់បុគ្គលពាក់ព័ន្ធរួមមាន៖ អ្នកផ្តើម គំនិត អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកញុះញង់ ដែលបាន និងកំពុង រុករានទន្ទ្រានកាន់កាប់ កាប់ឆ្ការ ឈូសឆាយ ដុត ហ៊ុមព័ទ្ធ សាងសង់សំណង់មិនរៀបរយ ស្នាក់នៅ ដាំដំណាំផ្សេង ៗ នៅក្នុងដីគម្របព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង ដីតំបន់អភិរក្ស ដីនៅស្ថានីយដាំឈើអូរថ្ម ដីឧទ្យានជាតិ ដីឧទ្យានជាតិសមុទ្រ របៀងអភិរក្សជីវ ចម្រុះ ដីតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ និងដីកម្មសិទ្ធិឯកជនស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ឱ្យបានជ្រាបថា សកម្មភាពទាំងអស់ខាងលើនេះ គឺជាបទល្មើសដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ក្រមព្រហ្ម ទណ្ឌ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ភូមិបាល ដែលនៅជាធរមាន។
លិខិតដែលចុះហត្ថលេខាដោយលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ដើម្បីជៀសវាងការប្រឈម ទោសទណ្ឌតាមផ្លូវច្បាប់រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវ ជាថ្មីម្តងទៀតដល់បុគ្គលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាព ទាំងឡាយដូចមានរៀបរាប់ខាងលើដោយធ្វើការរុះរើសំណង់ និងការដ្ឋានផ្សេងៗ ហើយចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរកាន់កាប់ដីរដ្ឋ និងម្ចាស់កម្មសិទ្ធិស្របច្បាប់ ។
ក្នុងលិខិតបញ្ជាក់ថាបុគ្គលពាក់ព័ន្ធទាំងឡាយណាដែលបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើ នឹងត្រូវផ្តន្ទាទោស តាមមាត្រាច្បាប់ដូចខាងក្រោម៖
១- មាត្រា ៩៧ និងមាត្រា ៩៨ នៃច្បាប់ស្តីពីព្រៃឈើ ជនណាដែលបានប្រព្រឹត្តបទល្មើសដូចជា៖ ក្លែងបន្លំលិខិតសាធារណៈដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ ឬសត្វព្រៃ បំផ្លាញ លាក់បាំង លក់ ឬលួចវត្ថុតាងព្រៃឈើ កំទេច ផ្លាស់ប្តូរ លុបបំបាត់ ឬធ្វើឱ្យខូចខាតដល់ព្រំសីមានៃតំបន់ព្រៃឈើ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ គ្រៀវ បំពុល កាប់បំផ្លាញ ផ្តួលរំលំដើមឈើ ឬគាស់រំលើងប្រមូលគល់ឈើ បង្កឱ្យភ្លើងឆេះព្រៃដោយចេតនា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ០៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ។ ករណីជនប្រព្រឹត្តបទល្មើសមិនរាងចាលត្រូវផ្តន្ទាទោសទ្វេរដងនៃទោសខាងលើ។
២-មាត្រា ៩៨ នៃច្បាប់ស្តីពីជលផល បានចែងថា ត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារពី ០៣(បី)ឆ្នាំ ទៅ ០៥(ប្រាំ)ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល និងដកហូតកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត ចំពោះជនណាដែលកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ។ ចំពោះជនណាប្រព្រឹត្តបទល្មើសជលផលថ្នាក់ទី១ ចាប់ពី ០២(ពីរ)ដង ឡើងទៅ ត្រូវផ្តន្ទាទោសទ្វេដង នៃបទល្មើសជលផលថ្នាក់ទី១ នៃមាត្រានេះ។
៣-មាត្រា ៥៦ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិបានចែងថា ជនដែលបានប្រព្រឹត្តបទល្មើសណាមួយរួមមាន៖ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ឬការយកថ្ម ក្រួស ខ្សាច់ រ៉ែ ការគាស់ឈូសឆាយ កកាយយកដី ឬចាក់លុប ឬចាក់បំពេញដី ឬចាក់បំពេញដែនទឹក ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដាក់ពន្ធនាគារពី ០៥ ឆ្នាំ ទៅ១០ ឆ្នាំ និង/ឬទោសពិន័យជាប្រាក់ពី ១៥លានរៀល ដល់១៥០លានរៀល។ ករណីបុគ្គលប្រព្រឹត្តល្មើសជានីតិបុគ្គល នោះទោសពិន័យជាប្រាក់ពី ១៥០លានរៀល ទៅ ២៥០លានរៀល។
៤-មាត្រា ២៥៣ នៃច្បាប់ ភូមិបាល បានចែងថា ជនណាដែលប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលាន ប្រាំសែន) រៀល ទៅ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ/និងដាក់ពន្ធនាគារពី ០៦(ប្រាំមួយ)ខែ ទៅ ០២(ពីរ)ឆ្នាំ និងមាត្រា ២៥៩ នៃច្បាប់ភូមិបាល បានចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន)រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន)រៀល ឬ/និងផ្តន្ទាទោសដាក់ពន្ធនាគារពី ០១(មួយ)ឆ្នាំ ទៅ ០៥(ប្រាំ)ឆ្នាំ។
សេចក្តីជូនដំណឹងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក ត្រូវចុះពិនិត្យ និងមានវិធានការ ច្បាប់ ឱ្យបានម៉ឹងមាត់បំផុតតាមខ្លឹមសារលិខិត នេះ៕srn-pc