ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ បេក្ខជនគាំទ្រទីក្រុងប៉េកាំងបានឈ្នះលើសលប់ក្នុងការបោះឆ្នោតនីតិប្បញ្ញត្តិរបស់ទីក្រុងហុងកុងដោយបានយកឈ្នះលើអ្នកកណ្តាលនិងអ្នកឯករាជ្យនៅក្នុងការស្ទង់មតិជាសាធារណៈលើកដំបូងរបស់ទីក្រុង បន្ទាប់ពីប្រទេសចិនបានអនុម័តសេចក្តីសម្រេចចិត្តមួយដើម្បីធានាថាមានតែ “អ្នកស្នេហាជាតិ” ប៉ុណ្ណោះទើបអាចគ្រប់គ្រងទីក្រុងនេះបាន។
មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា លោកស្រី “ពេញចិត្ត” ចំពោះការបោះឆ្នោតនេះ បើទោះជាមានអ្នកទៅបោះឆ្នោតមានចំនួនតែ ៣០,២ ភាគរយដែលជាកម្រិតទាបបំផុតចាប់តាំងពីអង់គ្លេសបានប្រគល់ហុងកុងឱ្យប្រទេសចិនក្នុងឆ្នាំ ១៩៩៧ ក៏ដោយ។
លោកស្រីនិយាយថាចំនួនអ្នកចុះឈ្មោះបោះឆ្នោតបានកើនដល់ ៩២,៥ ភាគរយ ដែលជាកំណត់ត្រាខ្ពស់បំផុតធៀបនឹងការបោះឆ្នោតឆ្នាំ ២០១២ និងឆ្នាំ ២០១៦ ដែលមានអ្នកបោះឆ្នោតចុះឈ្មោះប្រមាណ ៧០ ភាគរយ។
លោកស្រីបានបន្តថា “សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោត ការសម្រេចចិត្តថាតើពួកគេចង់ប្រើសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតជាក់លាក់ឬយ៉ាងណានោះគឺជាបញ្ហាទាំងស្រុងរបស់ពួកគេ”។
“នៅក្នុងការបោះឆ្នោតនេះ អ្នកបោះឆ្នោត ១,៣៥ លាននាក់បានមកបោះឆ្នោត។ ពួកគេមិនត្រឹមតែបោះឱ្យបេក្ខជនជម្រើសរបស់ពួកគេឱ្យជាប់ក្នុង LegCo (ក្រុមប្រឹក្សានីតិប្បញ្ញត្តិរបស់ហុងកុង) ឡើងវិញនោះទេ ហើយខ្ញុំគិតថាវាក៏ដោយសារតែការគាំទ្ររបស់ពួកគេចំពោះប្រព័ន្ធបោះឆ្នោតដែលត្រូវបានកែលម្អផងដែរ”។
នៅក្រោមច្បាប់ថ្មី ចំនួនសមាជិកសភាដែលជាប់ឆ្នោតដោយផ្ទាល់ត្រូវបានកាត់បន្ថយពី ៣៥ មកនៅត្រឹម ២០ នាក់សូម្បីសភាត្រូវបានពង្រីកពី ៧០ ទៅ ៩០ អាសនៈ។សមាជិកសភាភាគច្រើនត្រូវបានតែងតាំងដោយស្ថាប័នដែលគាំទ្រទីក្រុងប៉េកាំង ដោយធានាថា ពួកគេបង្កើតបានសំឡេងភាគច្រើនក្នុងសភា។
បេក្ខជនទាំងអស់ក៏ត្រូវបានពិនិត្យដោយគណៈកម្មាធិការដែលគាំទ្រទីក្រុងប៉េកាំងយ៉ាងទូលំទូលាយផងដែរ មុនពេលពួកគេអាចត្រូវបានតែងតាំង។
ជំរំប្រឆាំងបានរិះគន់ការបោះឆ្នោតនេះ ដោយគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យធំជាងគេ គឺគណបក្សប្រជាធិបតេយ្យមិនបានដាក់បេក្ខជនឈរឈ្មោះជាលើកដំបូងចាប់តាំងពីការប្រគល់ហុងកុងក្នុងឆ្នាំ១៩៩៧។
លោកស្រីឡាំនិយាយថា លោកស្រីរំពឹងថាការងារជាមួយសមាជិកសភាទាំង ៩០ រូបនឹងបន្ត “គួរឱ្យរំភើប” ដោយសារតែពួកគេមានមតិផ្សេងគ្នាលើបញ្ហាសង្គមជាច្រើន។
លោកស្រីរំពឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅល្ងាចថ្ងៃចន្ទនេះដើម្បីផ្តល់របាយការណ៍ពេញលេញដល់ទីក្រុងប៉េកាំងអំពីស្ថានភាពនយោបាយនិងសេដ្ឋកិច្ចចុងក្រោយបង្អស់នៅហុងកុង៕
មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ រីករាយនឹងលទ្ធផលឆ្នោតហើយនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅល្ងាចថ្ងៃចន្ទ