ដោយៈ​សុផល​/​ភ្នំពេញ​៖​ការតាំងពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​លើក​ទី​៣ ដែល​បាន​ប្រារព្ធ​ឡើង​រយៈពេល​៣​ថ្ងៃ​ពេញ​ចាប់ពី ថ្ងៃទី​១៧ ដល់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ​បាន​ដំណើរការ​ដោយ​រលូន​និង​បញ្ចប់​ដោយ​ជោគជ័យ​។​

​ទោះបីជា​ខកខាន​កាលពី​ឆ្នាំមុន ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល កូ​វីដ​១៩​ក៏ដោយ តែ​ការចូលរួម​ទស្សនា​កម្មវិធី នា​ឆ្នាំនេះ គឺមាន​សន្ទុះ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​សិស្សានុសិស្ស និស្សិត និង​សាធារណជន​ទូទៅ​។ ការចូលរួម​ពី​សំណាក់​សិស្សានុសិស្ស និង​និស្សិត ​គឺមាន​ចាប់ពី​កម្រិត​បឋមសិក្សា ដល់​ឧ​ត្ត​មសិ​ក្សា​ដែល​មកពី​រាជធានី​ភ្នំពេញ​ក៏ដូចជា​តាម​បណ្ដា​ខេត្ត​នានា ​ដោយមាន​អត្រា​កើនឡើង​គួរឱ្យកត់សម្គាល់​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ សរុប​ប្រមាណ​ជិត​២​ម៉ឺន​នាក់​។​

​លើសពីនេះទៅទៀត ពិព័រណ៍​យន្តហោះ​និង​បច្ចេកវិទ្យា លើក​ទី​៣​នេះ​ពិត​ជាមាន​កិត្តិយស ដោយមាន​ការអញ្ជើញ​ចូលរួម​ទស្សនា​ពី​សំណាក់ ​លោកនាយ​ឧត្ដមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើង​អាកាស និង​ក្រុមការងារ​អគ្គមេបញ្ជាការ​កងទ័ព​អាកាស នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នេះ​ដែលជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​កម្មវិធី​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងការ​តាំងពិព័រណ៍​នេះ គឺមាន​ការដាក់​តាំង​បង្ហាញ​នូវ​ស្នាដៃ​បច្ចេកវិទ្យា​ថ្មីៗ ដែល​ផលិត​ដោយ​សិស្សានុសិស្ស និង​សិស្ស​និ​សិ​ត្ស ​ជាច្រើន​ដូចជា ការដាក់​បង្ហាញ​នូវ​ដ្រូ​ន ដែល​អាច​ដឹក​មនុ​ស្សបាន ដ្រូ​ន​កសិកម្ម មនុស្ស​យន្ត​បំរើ​សេវាកម្ម​ដឹកជញ្ជូន​ចំណីអាហារ ​គំរូ​កូន​ផ្កាយរណប​ដែល​អាច​ថត​យក​រូបភាព​ស្រទាប់​ទី​ពីរ​នៃ​ផែនដី​របស់​សាលារៀន​អ៊ី​ធូ​ស្ទែ​ម និង​ស្នាដៃ​បច្ចេកវិទ្យា​ជាច្រើន​ទៀត ​។​ពិព័រណ៍​នេះ​មាន​គោលបំណង​ដើម្បី​បំផុសទឹកចិត្ត​យុវជន​ដែលមាន​ទេពកោសល្យ និង​សមត្ថភាព​ផ្នែក​យន្តហោះ និង​បច្ចេក​វិទ្យា​របស់​កម្ពុជា បានបង្ហាញ​នូវ​សមិទ្ធផល និង​ការច្នៃប្រឌិត​បង្កើត​ថ្មី​របស់ខ្លួន ជូន​ដល់​​សា​ធារណជន​​​​​និង​អ្នក​ដែល​បានមក​ចូលរួម​ទស្សនា​ទាំងអស់​ដើម្បី​ទទួលយក​បទពិសោធន៍​និង​ចំណេះដឹង​ថ្មីៗ​។​

​អ្វីដែល​អស្ចារ្យ​នោះ​គឺ កម្មវិធី​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​នេះ មិនមែន​ត្រឹមតែ​មានការ​ដាក់តាំង​បង្ហាញ​តែប៉ុណ្ណោះ​ទេ ក្នុងនោះ​ក៏មាន​ការប្រកួត​លើ​វិញ្ញាសា​រ៉ូ​បូត​មនុស្ស​យន្ត និង​យន្តហោះ​កៅស៊ូ​ផងដែរ​។ ជា​មោទកភាព ពិព័រណ៍​យន្តហោះ និង​ប​ចេ្ច​ក​វិទ្យា ត្រូវបាន​បង្កើត និង​រៀបចំឡើង​ដោយ​ក្រុមយុវជន​កម្ពុជា​មកពី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង ដែលមាន​ចំណង់​ចំណូលចិត្ត​លើ​មុខវិជ្ជា​យន្តហោះ
​អាកាសចរណ៍ បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ និង​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​កងទ័ព​ជើង​អាកាស ក្នុង​គោលបំណង លើកទឹកចិត្ត ផ្ដល់ឱកាស ​និង​បើក​វិថី​ឲ្យ​យុវជន​សតវត្ស​ទី​២១ បាន​សិក្សា​ស្វែងយល់​បន្ថែម​ទៅលើ​ផ្នែក​អាកាសចរណ៍ យន្តហោះ បច្ចេកវិទ្យា គួបផ្សំ​នឹង​វិទ្យាសាស្ត្រ STEM
​ដើម្បី​ជា​ទំពាំង​ដ៏​រឹងមាំ​សម្រាប់​ស្នង​ឬ​ស្សី​ល្អ​នា​ថ្ងៃ​អនាគត និង​ជា​ធនធានមនុស្ស​ដ៏​ប្រសើរ​ដើម្បី​ជួយ​ជ្រោមជ្រែង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​ក្លាយជា​ប្រទេស​អភិវឌ្ឍ និង​ដើរ​តាម​ទាន់​បដិវត្ត​ឧស្សាហកម្ម 4.0៕​