ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំ​រុញឱ្យ​កងកម្លាំង​ប៉ូលីស​ដូចជា​កងកម្លាំង​កងរាជអាវុធហត្ថ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពង្រឹង សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្រោយពី​រាជរដ្ឋាភិបាល​បានប្រកាស​ដាក់​ប្រទេស​ទាំងមូល​ជា​ប្រក្រតី​ឡើងវិញ ពិសេស​កងកម្លាំង​និង​អាជ្ញាធរ​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ឱកាស​ពិធីបុណ្យ ណូអែល និង​បុណ្យចូលឆ្នាំ​សកល​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ការជំរុញ​របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​នា ល្ងាច​ថ្ងៃទី​២០​ធ្នូ​ឆ្នាំ​២០២១​នេះ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយនឹង​កងកម្លាំង​ទាំងពីរ​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ថ្ងៃនេះ​សម្តេច​តេ​ជោ​ហ៊ុន សែន បានប្រកាស​រួចហើយ ក្នុង​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​២០​កុម្ភៈ និង​បាន​បើក​ប្រទេស​ឱ្យ​ដំណើរ​ជា​ប្រក្រតីភាព​ឡើងវិញ ដូច្នេះ​រាល់​សកម្មភាព​នានា​វា​នឹង​កើតឡើង​វិញ ទាំង​បទល្មើស​ផ្សេង ទាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទាំង​បញ្ហា សណ្ដាប់ធ្នាប់​សាធារណៈ ដូច្នេះ​លោក​ជំរុញ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ទាំងពីរ​ភេទ​និង​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ពង្រឹង​ឡើងវិញ ពិសេស​បង្ក្រាប​ឲ្យ​បាន​នូវ​បទល្មើស​ផ្សេងៗ ដូចជា​បទល្មើស លួច ឆក់​ប្លន់ គ្រឿងញៀន​និង​ល្បែងស៊ីសង​ជាដើម​ដើម្បី​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​។​

​លោក​បន្តថា ពាក់ព័ន្ធ​និង​បុណ្យចូលឆ្នាំ​សកល​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ អាជ្ញាធរ​ខណ្ឌ​ក៏ដូចជា​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ត្រូវ​រាយការណ៍​ពី​គោលដៅ​កកស្ទះ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន បើ​យើង​ដោះ​មិន​ចេញ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ​។​ពិធីបុណ្យ​ចូលឆ្នាំ​សកល​នេះ បងប្អូន​ប្រជាពលរដ្ឋ​និង​សម្រុក​ចាក​ចេញពី​លំនៅដ្ឋាន ដើម្បី​ឆ្លង​ឆ្នាំ ដែល​វា​នឹងធ្វើ​ឲ្យ​តំបន់​ប្រឈម​មួយចំនួន​មានការ​កកស្ទះ​ចរាចរ ។​ដូច្នេះ​ក្នុងនាម​យើង​ជា​អាជ្ញាធរ​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​សម្រួល​សារាចរ​ជូន​បងប្អូន​ប្រជាព​រដ្ឋ​ដើម្បី​ឲ្យ​ពួកគាត់​បាន​សប្បាយរីករាយ​នៅក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំនេះ​។​

​ក្នុងឱកាស​នោះដែរ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​មានប្រសាសន៍​បញ្ជាក់​អោយដឹង​ដែរ​ថា នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​សកល​ឆ្នាំនេះ សមត្ថកិច្ច​របស់លោក​នឹង​ប្រើប្រាស់​កម្លាំង​ចំនួន​១.១៦៥​នាក់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​និង​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ បាន​សប្បាយ​ក្អាកក្អាយ​។​ឆ្លៀត​ក្នុងឱកាស​នោះ លោ​កស ថេត ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ផងដែរ​ចំពោះ លោក​ឃួ​ង ស្រេង​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដែល​តែងតែ​យកចិត្តទុកដាក់ ក្នុង​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដោយ​លោក​តែង​បាន​ចុះ​ផ្ទាល់​លើ​ការត្រួតពិនិត្យ​កងកម្លាំង​ដែល​ត្រូវ​ប្រចាំ​នៅតាម​គោលដៅ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​នេះ​បង្ហាញអោយឃើញ​ពី​ភាពខ្លាំង​នៃ​ការដឹកនាំ​របស់​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ៕​