​ដោយៈ​ប​.​ខុន​/ ភ្នំពេញៈ​ក្រោយពេល​ព្យុះ​ទី​២២​បាន​រលាយ ភ្លៀង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៥​ខែធ្នូ​ហើយ​ចាប់ពី​ថ្ងៃទី​២៧​ខែធ្នូ ទៅ​អាកាសធាតុ​ចាប់​ផ្តើ​ច​ចុះ​ត្រជាក់​ខ្លាំង​ជាង​លើក​ទី​១ គឺ​ត្រជាក់​ខ្លាំង​ជាទូទៅ​ទាំងយប់​ទាំង​ថ្ងៃ​មាន​រយៈពេល​ពីមួយ​សប្តាហ៍​ទៅ​១០​ថ្ងៃ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០២១​ថា បន្ទាប់ពី​ព្យុះ​ទី​២២​រលាយ នៅក្នុង​សប្តាហ៍​នេះ​ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៥​ខែធ្នូ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដោយនៅ​ថ្ងៃទី​២២​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​រប៉េះរប៉ោះ​តិចតួច នៅ​ផ្នែក​ខាងក្រោម​(​ត្បូង​)​ហើយ​នៅ​ពីថ្ងៃ​ទី​២៣​ដល់​២៥​ខែ ធ្នូ​ឃើញ​មាន​ភ្លៀ​ធ្លាក់​រាយប៉ាយ​ច្រើន​គ្រប់​រាជធានី​ខេត្ត តែ​វា​មិន​គ្រប់​ឃុំ​ស្រុក​ទេ​ក្នុង​ខេត្ត​នីមួយៗ​នោះទេ​។​
អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា​ភ្លៀង​ដែល​ចាប់ផ្តើម​មាន​ធ្លាក់​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៥​ខែធ្នូ មាន​កម្រិត​ពី​តិច​ទៅ​បង្គួរ នៅក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំង ប្រទេស​។​នៅ​ថ្ងៃទី​២៦​ខែធ្នូ​ភ្លៀង​នៅមាន​ធ្លាក់​តិចតួច​ហើយ​ចាប់ពី​ថ្ងៃទី​២៧​ខែធ្នូ​ទៅ អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់​ជា​លើក​ទី​២​ដោយ​ត្រជាក់​ខ្លាំង​ជាង​លើក​ទី​១​។​

​លោក​ចាន់ យុ​ត្ថា បានឱ្យដឹង​ទៀតថា​ការចុះ​ត្រជាក់​លើក​នេះ គឺ​ត្រជាក់​ខ្លាំង​សីតុណ្ហភាព​អប្បបរមា​ចុះ​ទាប​ទាំងយប់​ទាំង​ថ្ងៃ មិនមែន​ចុះ​តែ​នៅពេល​យប់​ដូច​ជាការ​ត្រជាក់​លើក​ទី​១​ដល់ពេល​ថ្ងៃ​សីតុណ្ហភាព​កើនឡើង​ខ្ពស់​នោះទេ​។ ការចុះ​ត្រជាក់​កាលពី​លើក​ទី​១​ដល់​យប់​ជ្រៅ​ទើប​ចាប់ផ្តើម​ចុះ​ត្រជាក់​ហើយ​ដល់​ថ្ងៃ​រះ​ឡើង សីតុណ្ហភាព​ក៏​កើនឡើង តែ​លើក​នេះ​ត្រជាក់​តាំងពី​ពេល​ព្រលប់​អូស​រហូតដល់​ម៉ោង​១០​ព្រឹក​ហើយ​ការចុះ​ត្រជាក់​ខ្លាំង​លើក​នេះ​មាន​រយៈពេល​ពី​៧​ទៅ​១០​ថ្ងៃ​៕​