ដោយ:ប.ជ័យ/បន្ទាយមានជ័យៈកុមារីពីរនាក់បាននាំគ្នាបេះផ្កាឈូកក្នុងស្រះដោយជិះក្បាក់លាយស៊ីម៉ង់ត៍។ចៃដន្យក្រឡាប់ក្បាក់នោះលិចចូលទៅក្នុងទឹកបណ្ដាលឱ្យពួកគេលង់ស្លាប់។ហេតុការណ៍នេះកើតឡើងកាលពី ម៉ោងជាង៣រសៀលថ្ងៃទី២០ខែធ្នូ នៅក្នុងស្រះទឹក ស្ថិតនៅក្នុងភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកកឋិនបានឱ្យដឹងថា ក្មេងលង់ទឹកស្លាប់ជាក្មេងស្រីក្នុងនោះមានឈ្មោះ ស្រឿង លីដា អាយុ ១០ ឆ្នាំនិង ឈ្មោះ ឡូ ស្រីនឹង អាយុប្រាំបួន ឆ្នាំ ។ក្មេងទាំងពីរនាក់មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
នគរបាលបន្តថា មុនកើតហេតុ កុមារីរងគ្រោះបានបបួលគ្នាទៅបេះផ្កាឈូក ដោយជិះក្បាក់លាយស៊ីម៉ង់ត៍ក៏ជួបគ្រោះអាក្រក់នេះតែម្តង។ពេលនោះជីដូនរបស់កុមារី បានហៅអ្នកជិតខាងឱ្យជួយ។អ្នកភូមិបាន ចុះស្រង់រកឃើញនៅក្រោយកើតហេតុរួចក៏បានយកកុមារទាំងពីរយកមកសង្គ្រោះនៅមណ្ឌលសុខភាពឃុំគោកកឋិន តែមិនអាចសង្គ្រោះបាន ព្រោះពួកគេបានស្លាប់តាំងពីនៅក្នុងទឹកម្ល៉េះ៕សរន