ដោយ: ម៉េងឆៃ / ភ្នំពេញ: កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍ឆ្លងកូវីដសហគមន៍ ២០ កុម្ភៈ» ចាប់ពីថ្ងៃទី២០ ខែធ្នូតទៅ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចតេជោ នៅតែអំពាវនាវឱ្យគ្រប់គ្នា នៅតែបន្តការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បន្តទៀត។
រយៈពេល ១០ខែ គិតត្រឹមថ្ងៃទី២០កុម្ភៈ មកត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានប្រជាពលរដ្ឋ ១២៤ ០២៣នាក់ បានឆ្លងកូវីដ១៩ និងស្លាប់ ៣ ០០៥នាក់។ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ជាលើកដំបួង ក្នុងរយៈពេល ១០ខែ ដែលប្រទេសកម្ពុជា ពុំមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ហើយអត្រាអ្នកឆ្លង ក៏មានត្រឹមតែ ៧នាក់ប៉ុណ្ណោះ។
លទ្ធផលឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងថា មកពីវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋ ដែលគិតត្រឹមថ្ងៃទី២០ធ្នូ នៅទូទាំងប្រទេស ចាប់ពីអាយុ ៥ឆ្នាំឡើង ចាក់វ៉ាក់សាំងបានជាង ១៤លាននាក់ ក្នុងចំណោមប្រជាជនសរុប ១៦លាននាក់។
ក្នុងសារជាសំឡេង កាលពីថ្ងៃទី២០ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មិនមែនមានន័យថា ជាការប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងកូវិដ១៩ នោះទេ។ ប៉ុន្តែការប្រយុទ្ធនឹងជំងឺកូវិដ១៩ នៅតែជាកិច្ចការបន្ត និងសូមកុំអោយកើតមានព្រឹត្តិការណ៍ដទៃៗទៀត។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងគ្រាន់តែប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈក៏ប៉ុន្តែការប្រយុទ្ធនឹង ជំងឺកូវីដ១៩នៅតែជាកិច្ចការបន្តតទៅទៀត។កិច្ចការនេះមិនអាចធ្វេសប្រហែសបានទេសូមកុំឱ្យកើតមាននូវព្រឹត្តិការណ៍ដទៃទៀត សូមឱ្យការធ្លាក់ចុះនៃការឆ្លង ធ្លាក់ចុះនៃការស្លាប់ នឹងឈានទៅរកអត្រាសូន្យនៃការស្លាប់នេះនឹងនៅ បន្តទៀតតាមរយៈការខិតខំរបស់ប្រជាជនម្នាក់ៗគ្រួសារនីមួយៗសហគមន៍នីមួយៗក្នុងការអនុវត្តន៍វិធានការសុខាភិបាល ជាមួយនឹងការខិតខំរបស់ក្រសួងសុខាភិបាល ក្នុងការចាក់វ៉ាក់សាំងបន្ត សម្រាប់អ្នកមិនទាន់បានចាក់។
ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានជំរុញឲ្យអាជ្ញាធរសមត្ថកិច្ច ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវតែជំរុញការ ចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ឱ្យបានសម្រេចលឿនជាងពេលនេះ ដោយសារតែមកដល់ពេលនេះចំនួនអ្នកចាក់ វ៉ាក់សាំង ដូសទី៣ បានតែជាងបីលាននាក់ ក្នុងចំណោមអ្នកត្រូវចាក់វ៉ាក់សាំង ដូសទី៣ មានជាង ១០លាននាក់។
សម្តេចតេជោ ក៏បានអំពាវនាវជាថ្មីទៀត ឱ្យប្រជាពលរដ្ឋគ្រប់រូប បង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអាយុជីវិត ខ្លួនឯងគ្រួសារនិងរួមចំណែកការពារសហគមន៍ក៏ដូចជាការពារប្រទេសដើម្បីធ្វើឱ្យការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញប្រព្រឹត្តទៅដោយរលូន ដូចរយៈពេលកន្លងទៅ។
ជាការពិត ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ថ្ងៃ២០កុម្ភៈ តែរាជរដ្ឋាភិបាល នៅតែបន្តប្រកាន់ជំហរ និងជាអាទិភាពលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដដែលនេះ ក៏ដោយសារតែនៅប្រទេសយើង ចំនួនអ្នកឆ្លងកូវីដ១៩ នៅបន្តកើតមាននៅឡើយ ក្នុងសង្គមយើង ស្ថិតនៅក្រោម ១០នាក់ ក្នុង ១ថ្ងៃៗ។ ជាងនេះទៅទៀត នៅប្រទេសយើង ក៏មានវត្តមានរួចទៅហើយនូវមេរោគកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ចំនួន ៤នាក់ហើយ គឺសុទ្ធតែជាអ្នកដំណើរ មកពីក្រៅប្រទេស ចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាស្ត្រីជនជាតិខ្មែរ ៣នាក់ មកពីប្រទេសហ្គាណា កេនយ៉ា អាមេរិក និងមកពីប្រទេសបារាំង។
ក្រៅពីនោះ នៅប្រទេសជាប់ព្រំដែនកម្ពុជា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ គឺអាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញវីរុសជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ឆ្លងចូលក្នុងសហគមន៍ហើយ ក្រោយពីថៃ រកឃើញអ្នកឆ្លងអូមីក្រុង ចាប់តាំងពីចុងខែវិច្ឆិកា នៅពេលអូមីក្រុង ផ្ទុះឡើងនៅបណ្តាប្រទេសមួយចំនួន នៅអាហ្វ្រិកខាងត្បូង។ រហូតមកដល់ថ្ងៃទី២០កុម្ភៈ ប្រទេសថៃ មានករណីជំងឺកូវីដ១៩ អូមីក្រុង ដែលនាំចូលពីក្រៅប្រទេស មានចំនួន ៦០នាក់ហើយ។
យ៉ាងណាក៏ដោយ ចំពោះមុខនៃការឆ្លងរាលដាលកូវីដ១៩ ដែលនៅតែបន្តឆ្លង ហើយអូមីក្រុង ក៏ចូលមកជាបន្តបន្ទាប់ នៅកម្ពុជាយើងនេះ ត្រូវបានអ្នកជំនាញសុខាភិបាល ជឿជាក់ថា យើងទាំងអស់គ្នា អាចធ្វើបាន ក្នុងការទប់ស្កាត់កូវីដ១៩ តាមរយៈវិធានាការ ៣ការពារ ៣កុំ និងការចាក់វ៉ាក់សាំងកូវីដ-១៩។ វិធានការទាំងនេះ នឹងការពារលោកអ្នកពីការវ៉ៃលុកធ្ងន់ធ្ងរលើសុខភាព ពីការចូលសម្រាកពេទ្យ និងពីការស្លាប់បាត់បង់ជីវិត។
ជាមួយគ្នានេះ អ្នកជំនាញសុខាភិបាល ក៏លើកឡើងថា នៅឆ្នាំ២០២២ ដែលចូលមកដល់ឆាប់ៗនេះ នឹងជាឆ្នាំ ដែលវីរុសអូមីក្រុង ដើរហើរពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្ន ជានិច្ច និងត្រៀមលក្ខណ:ក្នុងការឆ្លើយតបទៅនឹងការផ្ទុះការរាតត្បាតជាយថាហេតុណាមួយ។
អ្នកជំនាញ ក៏បានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមរីករាយថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសាកលថ្មី ឆ្នាំ២០២២ ដែលជាឆ្នាំ យើងត្រូវបន្តរៀនរស់ជាមួយកូវីដ-១៩ ជាពិសេស អូមីក្រុង និងវីរុសបម្លែងថ្មីផ្សេងៗទៀត។ យើងម្នាក់ៗ ក៏សូមថែទាំសុខភាពបុគ្គលជាទីស្រឡាញ់របស់លោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍លោកអ្នក ឱ្យបានល្អ ពីការចម្លងវីរុសអូមីក្រុង។
មួយវិញទៀត យើងទាំងអស់គ្នា ក៏មិនត្រូវភ្លេចខ្លួនឡើយថា កូវីដ មិនទាន់ទៅណាឆ្ងាយពីសង្គមយើងទេ។ រាជរដ្ឋាភិបាល ទោះបីជាប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ ក៏ពិតមែន តែវិធានការទប់ស្កាត់ និងការពារកូវីដ នៅតែបន្តអនុវត្ត ហើយមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនានាទេ ក៏នៅតែបន្តបើកទ្វារ ថែមទាំងសាងសង់មន្ទីរពេទ្យថ្មី ធំជាងគេ នៅព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ សម្រាប់ព្យាបាលអ្នកជំងឺកូវីដផ្តាច់មុខ ដែលមានគ្រែពេទ្យសម្រាកព្យាបាល រហូតដល់ ១៥០០០គ្រែ។
ម្យ៉ាងទៀត ចូរកុំភ្លេចថា ប្រទេសកម្ពុជាយើង បានឆ្លងកាត់ព្រឹត្តិការណ៍ឆ្លងសហគមន៍បីលើករួចមកហើយ។ នោះគឺព្រឹត្តិការណ៍ថ្ងៃ៤វិច្ឆិកា ឆ្នាំ២០២០ ឆ្លងតាមរយៈគណៈប្រតិភូបរទេស ជារដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលឆ្លងត្រឹមតែ ៤នាក់។ តែក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ ៤វិច្ឆិកា បានតែប៉ុន្មានថ្ងៃ ស្រាប់តែផ្ទុះព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២៨វិច្ឆិកា ឆ្នាំ២០២០ ដែលមានអ្នកឆ្លងកូវីដ រហូតដល់ ៤១នាក់ ដោយផ្តើមចេញពីប្រពន្ធអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ តែរកប្រភពមិនឃើញ។ រហូតដល់ថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២១ ក៏ផ្ទុះព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ ចេញពីសហគមន៍ចិន រស់នៅភ្នំពេញ ដោយរកប្រភពឆ្លង ក៏មិនឃើញ និងបានរាលដាលខ្លាំងក្លា រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ទើបមានអ្នកស្លាប់ដំបូងគេ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កូវីដ បានសម្លាប់មនុស្សនៅកម្ពុជា ៣០០៥នាក់ហើយ។
ជាសរុប ទោះបីជារាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ ក៏ពិតមែន តែមិនមែនមានន័យថា បិទបញ្ចប់កូវីដ លែងឆ្លងនៅកម្ពុជាយើងនោះឡើយ ត្បិតអីនៅលើពិភពលោក និយាយជារួម ហើយនិយាយដោយឡែកនៅក្នុងកម្ពុជាយើង ក៏នៅតែមានអ្នកឆ្លងកូវីដរាល់ថ្ងៃ ពិសេសកូវីដ អូមីក្រុង ទោះជាមិនកាចសាហាវដូចដែលតា ក៏ពេលនេះ អូមីក្រុង កំពុងឆ្លងរាលដាល គួរឲ្យព្រួយបារម្ភ រហូតដល់ប្រទេសនៅអឺរ៉ុបមួយចំនួន ជ្រើសយកវិធានការបិទខ្ទប់ប្រទេសឡើងវិញថែមទៀតផង។ អ្វីក៏ដោយ យើងត្រូវតែការពារប្រសើរជាងព្យាបាល៕សរន