ដោយៈម៉េងឆៃ/ភ្នំពេញៈត្រឹមតែពីរថ្ងៃមួយយប់ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​បំបែកសំណុំរឿង​ក្រុមចោរ ចូល​ប្លន់​ដល់​ក្នុង​ភូមិគ្រឹះ​វីឡា​របស់​ឧកញ៉ា លក់​ឡេ អ៊ា​ន សៀវ​ម៉ី នៅក្នុង​បុរី មូន ថោន(Moon Town) ស្ថិតនៅ​ជិត​វត្ត​អង្គ​តា​ម៉ិ​ញ នៃភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញកាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៩ ខែធ្នូ ឆ្នាំ​២០២១​។

​តាម​វិ​ដេ​អូយកចេញ​ពី​កាំ​ម៉ា​រ៉ា​សុវត្ថិភាព គឺ​ក្រុមចោរប្លន់មាន​គ្នាប្រាំ​នាក់ ជិះឡាន ឡិច​ស៊ិ​ស GS 300 មួយគ្រឿងពណ៌​ស គ្មាន​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី ហើយ​បាន​បន្លំ​ជា​សមត្ថកិច្ច ដោយមាន​ទាំង​ស្លៀកពាក់​ឯកសណ្ឋាន​នគរ​បាល​ជាតិ​។ ក្រុមចោរប្លន់ អះអាងថា ពួកគេ​ចុះ​អនុវត្ត​ដីកា​របស់​តុលាការ ក្នុងការ​នាំខ្លួន​ជនរងគ្រោះ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី​។ ក្រុមចោរប្លន់បាន​ភ្ជង់​ជនរងគ្រោះ ដាក់​ខ្នោះដៃ និង​ឆក់​ជនរងគ្រោះ ហើយ​ឲ្យ​ជនរងគ្រោះ នាំ​ឡើង​ទៅជា​ន់ទី​១ ទៅ​បន្ទប់​ដាក់​គ្រឿងអលង្ការ បើក​ទូដែកយក​គ្រឿងអលង្ការ​ទាំងអស់ ដាក់ចូល​សាក់​កាដូ​ពណ៌​ខ្មៅ ដែល​ជនសង្ស័យ យកមក​ជាមួយ​។

​ក្នុង​ហេតុការណ៍​នោះ ភ្លាមៗ ប៉ូលិស​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ចោរប្លន់​អស់​ជាង ១០​លាន​ដុល្លារ​។ តែ​ក្រោយមក នៅ​យប់​ថ្ងៃទី​១៩​ធ្នូ ប៉ូលិស​ក៏បាន​ប្រកាសថា ចោរប្លន់​អស់​តែ​ខ្សែកបី​ខ្សែ​ប៉ុណ្ណោះ​។ ខ្សែក​ពេជ្រ​តម្លៃ​ខ្ទង់លាន​ដុល្លារ​នោះ ឧកញ៉ា លក់​ឡេតាមអន​ឡាញ អ៊ា​ន សៀវ​ម៉ី បាន​លើក​បង្ហាញពេល​ឡាយ​តាម​ហ្វេ​ស​ប៊ុ​ក​ម្តងៗ​។​

​ក្រោយ​ពេលធ្វើ​សកម្មភាព​រួច ក្រុមចោរប្លន់ ក៏បាន​យក​ក្បាល​កាមេរ៉ា​សុវត្ថិភាព ហើយ​នាំគ្នា​ឡើង​ឡាន ហើយ​បើក​គេចខ្លួន ដោយ​បន្សល់ទុក​នូវ​វត្ថុតាង រួមមាន ខ្នោះដៃ​ចំនួន​បួន និង​ដីកា​តុលាការ​ក្លែងក្លាយ ចំនួន ១​សន្លឹក​ប៉ុណ្ណោះ​។ សមត្ថកិច្ច បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ក្រុម​ជនសង្ស័យ ដល់​ក្នុងផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​មួយ នៅក្នុង​បុរី​ប៉េង​ហួត តាមផ្លូវ​៦០​ម៉ែត្រ ក្នុង​រាជធានី​ភ្នំពេញកាលពី​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​។​

​នៅ​ល្ងាច​ថ្ងៃទី​២១ ខែធ្នូកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​ឃ្លីប​វិ​ដេ​អូ រយៈពេល​ជាង ៧​នាទី បង្ហាញ​ពី​សកម្មភាព​ក្រុមចោរ​ចូល​ប្លន់ រួមទាំង​ប្រតិបត្តិការ​របស់​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដែល​បាន​ស្ទាក់ចាប់​ក្រុម​ជនសង្ស័យ និង​សម្រុកចូល​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​របស់លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ វីល្លៀម គ័ង (William Guang)​។ លោក វីល្លៀម គ័ង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សារភាព​ប្រាប់​កងរាជអាវុធហត្ថ​ថា ខ្លួន​ជា​អ្នកដឹកនាំ​ប្លន់ ដោយផ្ទាល់​។​

​ក្រោយ​កើតហេតុ គ្រួសារ​ជនរងគ្រោះ​បាន​ប្តឹង​ទៅកាន់​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ហើយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ កំណត់​មុខសញ្ញា ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់ ភិនភាគ​ពួកចោរ និង​រថយន្ត​ធ្វើ​សកម្មភាព ហើយ​រកឃើញ​តម្រុយ​ថា ករណីនេះ មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​កូនចៅ​ផ្ទាល់​របស់​មេបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang​។

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានប្រកាសថា កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​សម្ងំ​ឃ្លាំមើល​មុខសញ្ញា​អស់​ពេល​មួយ​យប់​មួយថ្ងៃ​។ ក្រោម​ការចង្អុលបង្ហាញ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បានទទួល​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា ច្រឹង​ខ្មៅ ដោយ​ចាត់​ឲ្យ​លោក​ព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមក​សម្របសម្រួល កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​សំដៅ ទៅកាន់​ផ្ទះ​របស់លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ស្ថិតនៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ នៅ​យប់​ថ្ងៃទី​២០ ខែធ្នូ​។​

​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បន្ថែមថា ជំ​ហាន​ដំបូង កងរាជអាវុធហត្ថបាន​ឃាត់ខ្លួន​មនុស្ស ចំនួនពីរនាក់ ដែល​បាន​បើកឡាន​ចេញពីផ្ទះ ដើម្បី​សួរនាំ និង​បន្ត​សម្រុកចូល​ក្នុងផ្ទះ ដែលជា​សម្បុក​ចោរ ឃាត់ខ្លួន​មនុស្ស ចំនួន ១០​នាក់​បន្ថែមទៀតសរុប ១២​នាក់ (​ប្រុស ០៩​នាក់ ស្រី ០៣​នាក់​) ដោយ​ក្នុងនោះ ក៏មាន​ទាំង​លោក សុខ សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោកផងដែរ​។

​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញបន្ថែមថា ក្រោម​វិធាន​ការជំនាញ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សារភាពថា ប្រតិបត្តិការ​ប្លន់​ផ្ទះ អ៊ា​ន សៀវ​ម៉ី គឺ​រូបគេ​ជា​អ្នកដឹកនាំ​ដោយផ្ទាល់ ដែល​ក្នុងនោះ រូបគេ រួមជាមួយ​កូនចៅបួន​នាក់​ផ្សេងទៀត ប្រដាប់​ដោយ​អាវុធ​ចំនួនប្រាំដើម (AK ០១​ដើម និង​កាំភ្លើងខ្លី ០៤​ដើម​) បាន​ចូលទៅ​បន្លំ ជា​សមត្ថកិច្ច ចុះ​អនុវត្ត​ដីកា ហើយក៏​ឆ្លៀតឱកាស ភ្ជង់​ប្លន់​ម្ចាស់ផ្ទះ​។ វីល្លៀម គ័ង បាន​បន្ថែមថា ពេល​ចូល​ក្នុងផ្ទះ​រូប​ខ្លួនបាន​កាន់​កាំភ្លើងខ្លីមួយ​ដើម ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទមួយគ្រឿង និង​ស្ពាយ​សាក់​កាដូមួយតែដោយសារ រូប​ខ្លួន មី​ញូ​ប​ភ្នែក ហើយ​មិនបាន​ពាក់​វ៉ែនតា ខ្លួន​ក៏​ត្រឡប់​ចូលទៅ​អង្គុយចាំក្នុង​រថយន្ត​វិញ​។ ក្រោយពេល​កូនចៅ​ខ្លួន យកបាន​គ្រឿង​ពេជ្រ​ជាច្រើន​ឈុត​ហើយ ទើប​នាំគ្នា​ចូល​ឡាន​គេចខ្លួន​តែម្តង​។​

​វីល្លៀម គ័ង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក កើត​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​១៩៧៧ នៅ​ខេត្តបាត់ដំបងក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម ប៉ុលពត​)​។ លោកកំព្រា​ឪពុកម្តាយ​តាំងពី​តូច​។ លោក វីល្លៀម គ័ង ត្រូវ​មហាជន​ស្គាល់ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ក្រោយមក បាន​បង្កើត​គណបក្ស​ខ្មែរ​ក្រោក ដើម្បី​ចូលរួម​ការបោះឆ្នោត ក្នុង​ឆ្នាំ​២០១៨​។ លោក វីល្លៀម គ័ង បាន​ក្លាយជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។ ប្រមុខ​រាជរដ្ឋាភិបាល បាន​ផ្ដួចផ្ដើម បង្កើតឡើង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នៅ​ឆ្នាំ​២០១៨ ដើម្បី​ផ្តល់ឱកាស​ឱ្យ​គណបក្សនយោបាយ ដែល​បាន​ចូលរួម​បោះឆ្នោត ឆ្នាំ​២០១៨ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ផ្តល់​មតិ ដើម្បី​កសាង និង​អភិវឌ្ឍ​ជាតិ​។​

​រហូតដល់​ខែឧសភា ឆ្នាំ​២០២០ លោក វីល្លៀម គ័ង ត្រូវបាន​បញ្ចប់​មុខតំណែង​ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បន្ទាប់ពី​លោកបាន​ចុះទៅ​សិក្សាស្រាវជ្រាវ​អំពី​វិវាទ​ដីធ្លី​មួយកន្លែង នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ហើយ​បាន​កើតមាន​បញ្ហា​ប្រទាំង​ប្រទើសជាមួយ​មន្ត្រី នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​នោះ​។​

​យ៉ាងណាក៏ដោយ ចាប់តាំងពី​នោះមក លោក វីល្លៀម គ័ង នៅតែ​បន្ត​ធ្វើជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោកដោយ​បន្ត​ដឹកនាំ និង​ធ្វើ​សកម្មភាព​ក្នុង​គណបក្សនយោបាយ​នេះរហូតដល់​ថ្ងៃ​ចាប់ខ្លួន​។​

​សំណុំរឿង​ដ៏​កក្រើក​នេះ ត្រូវបាន​មហាជន​តាមដាន​យ៉ាងខ្លាំងចាប់តាំងពី​ថ្ងៃអាទិត្យ ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ហើយ​អ្នកខ្លះ​ដាក់​ការសង្ស័យខ្លាច​ថា ជា​រឿង​មិន​ពិតព្រោះ​ធ្លាប់មាន​ករណី​អ្នកលក់​ឡេ​មានៗ​មួយចំនួន បាន​បង្កើត​រឿង​ចោរលួច​គាស់​ទូដែក រឿង​ឈ្លោះទាស់ទែង​គ្នា រួមទាំង​រឿង​ជំពាក់​បំណុល​គេ​រាប់សែន​ដុល្លារ ហើយ​ចុងក្រោយរឿង​ទាំងនោះ ហក់​ដូចជា ស្ងាត់បាត់​ទៅវិញ ដោយ​មិន​សម​ហេតុផល​។​

​ប៉ុន្តែ​ករណី​ក្រុមចោរ​ចូល​ប្លន់​ក្នុង​ភូមិគ្រឹះ​វីឡា​ដ៏​ស្កឹមស្កៃ ហើយ​នៅក្នុង​បុរី​ទាំង​ព្រឹក​នោះ ក៏មាន​អ្នក​លើកឡើងថា បើជា​ការ​ពិតមែនហើយ​ទោះបីជា​ក្រុមចោរ បាន​យក​ក្បាលម៉ាស៊ីន​កាំ​ម៉ា​រ៉ា​ក្នុងផ្ទះ​ទៅ​មែន ក៏​នៅមាន​កាំ​ម៉ា​រ៉ា​សុវត្ថិភាព​ច្រើន​ទៀត ដែល​គេ​បំពាក់​នៅ​ច្រកចេញចូល​បុរី រួមទាំង​កាំ​ម៉ា​រ៉ា​សុវត្ថិភាព នៅផ្ទះ​អ្នកជិតខាង ដែល​ដាក់​នៅ​របង​មុខផ្ទះ ក៏​អាច​មើលឃើញ​ពី​ភិត​ភាគ​ឡាន​របស់​ក្រុមចោរ​ទាំងនោះ ដែលជា​តម្រុយ​សម្រាប់​ស​ម​ត្ថ​កិច្ច ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ក្នុង​សំណុំរឿង​ចូល​ប្លន់​ដល់​ក្នុងភូមិ​គ្រឹះ ក្នុង​បុរី​ទាំង​ព្រឹក​នោះដែរ​។​

​ជាការ​ពិតសំណុំរឿង​ក្តី​ដ៏​កក្រើក​នៅ​ចុងឆ្នាំ​២០២១​នេះ ត្រឹមតែ​ជាង ២៤​ម៉ោង​ប៉ុណ្ណោះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បំបែក​បានឈានទៅដល់​ការចាប់ខ្លួន​ក្រុមចោរប្លន់ ដោយ​គ្មាន​ផ្ទុះអាវុធ​សោះឡើយ​។​

​សកម្មភាព​របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដោយមាន​ការចូលរួម​ពី​កូនប្រុស​របស់លោក​ផង នៅពេល​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់ ដែលមាន​មេខ្លោង លោក វីល្លៀម គ័ង នាពេលនេះនាំ​ឲ្យ​គេ​នឹកឃើញ​ដល់​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរ ដែលមាន​គម្រោង​ចូល​ប្លន់ និង​ចាប់ជម្រិតមួយ លាន​ដុល្លារ មិនបាន​សម្រេច នៅក្នុង​បុរី​អង្គរ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​។​

​កាលណោះ ក្រុម​ឧក្រិដ្ឋជនបួននាក់ ដែល​បាន​ប្រើប្រាស់​កាំភ្លើង​វែងអាកា មួយ​ដើម និង​កាំភ្លើងខ្លីពីរដើម បាន​ចូលមក​ប្លន់ តាម​ផែនការ ហើយក៏​ប៉ះគ្នា​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដែល​បាន​ពួន​សម្ងំ​ចាំ​ក្នុងភូមិ​គ្រឹះ​របស់​ជនរ​ង​គ្រោះ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំងបួននាក់ ស្លាប់​នៅនឹងកន្លែង​។​

​ប្រតិបត្តិការ​ទាំងអស់​នេះ បង្ហាញ​ពី​សមត្ថភាព​ដ៏​មាន​ប្រសិទ្ធភាព​របស់​កងកម្លាំង​ប្រដាប់អាវុធ​យើង ។ពិសេស​និយាយ​ឲ្យ​ចំ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​។

​ក៏ប៉ុន្តែ​សំណុំរឿង «​ឯកឧត្តម​» ប្លន់ «​ឧកញ៉ា​» ដោយ​ក្រុមចោរប្លន់បាន​ក្លែងខ្លួន ជា​សមត្ថកិច្ច​ដូច្នេះ នាំ​ឲ្យ​មានការ​បារម្ភ​ពី​សុវត្ថិភាព​របស់​អ្នកមានៗ ក៏ដូចជា សន្តិសុខ​នៅតាម​បុរីៗ ដែលជា​ប្លុក​អ្នកមាន​រស់នៅគួរតែ​ត្រូវ​ពង្រឹង​ឲ្យ​ម៉ឺងម៉ាត់​ជាង​នេះ​។

​ចំណែក​ម្ចាស់​ភូមិគ្រឹះ ម្ចាស់ផ្ទះ​មិន​ថា ក្នុង​បុរី​ផ្ទះល្វែង​ទេ ក៏​គួរតែ​ប្រុងប្រយ័ត្ន​ជាង​នេះ ហើយ​មុននឹង​បើកទ្វារ​ឲ្យ​ជន​ណាមួយ ចូល​ផ្ទះ ដោយ​អះអាងថា ជា​អាជ្ញាធរ​សមត្ថកិច្ច ឬ​មន្ត្រី​ចាប់ពី​ភូមិ​ឃុំ​សង្កាត់ ស្រុក​ក្រុង រាជធានី​ខេត្ត ឬក៏​មន្ត្រី​ក្រសួង​ជំនាញ​ណាមួយ ខាង​ទឹក ខាង​ភ្លើង ជាដើម ចូលក្នុង​របង​ផ្ទះ ក៏​ត្រូវតែ​សួរនាំ រក​លិខិតបញ្ជាក់​ត្រឹមត្រូវ​។ ក្រោយ​ឃើញ​លិខិត ឬ​កាត​សម្គាល់​ខ្លួន​ហើយ ម្ចាស់ផ្ទះ ក៏​ត្រូវតែ​សួរនាំ រក​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ទៅកាន់​អង្គភាព​ជន​នោះ ដើម្បី​សួរនាំ​បញ្ជាក់​។​

​ជាមួយគ្នា​នោះ ក្រុម​អ្នកមានៗ ក៏​មិនគួរ អួត​សំ​ញ៉ែង​ទ្រព្យសម្បត្តិ​ជា​សាធារណៈ ឬក៏​ឡាយ​តាម​ហ្វេ​ស​ប៊ុ​ក​ឡើយ​។ និយាយ​ដូច្នេះ មិនមែន​ថា មកពី​ជនរងគ្រោះ​ទេ ទើប​ចោរ​ចូល​ប្លន់​។ តែ​យ៉ាងណាក៏ដោយ ករណី​បង្ហាញ​ខ្សែក​ពេជ្រ និង​បង្អួច​ពី​ជោគជ័យ​មុខរបរ​លក់​ឡេ​តាម​អន​ឡាញ ឬក៏​បង្ហាញ​ទ្រព្យសម្បត្តិ លុយ​ដុល្លារ មាស​ពេជ្រ​នោះ ក៏​អាចជា​ផ្នែក​មួយ នាំ​ឲ្យ​ទៅដល់​គ្រោះថ្នាក់​ដែរ​។ នេះ​ជា​មេរៀន​ថ្មី​មួយទៀត ក្នុងសង្គម​យើង ហើយ​សង្ឃឹមថា ជា​ករណី​ចុងក្រោយ នៅ​ឆ្នាំ​២០២១ នេះ​។​

​ករណីនេះ ក៏​ទាមទារ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​យើង ពង្រឹង​វិធានការ​គ្រប់គ្រង​អាវុធជាតិផ្ទុះ ព្រោះ​ក្នុង​ភូមិគ្រឹះ​វីឡា​ដ៏​ស្កឹមស្កៃ​របស់លោក វីល្លៀម គ័ង បើសិនជា​មិន​ចេញ​ធ្វើ​សកម្មភាព​ប្លន់​មួយឈុត​ធំ​នេះ​ទេ ក៏​អាជ្ញាធរ​សមត្ថកិច្ច រួមទាំង​មហាជន មិនដឹងថា អ្នកនយោបាយ​វ័យក្មេង មាន​សាក់​រូប​ពេញ​ខ្លួន មាន​កាំភ្លើង​វែង​ខ្លី សម្រាប់​ប្រើប្រាស់​ដោយ​សេរី​ដូច្នេះ​ឡើយ​៕​សរន