ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រដ្ឋបាលខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២១​បាន​ប្រជុំ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​ស្ដីពី​ការពិនិត្យ​ផ្ដល់យោបល់​និង​អនុម័ត​លើ​សេចក្ដីព្រាង​សៀវភៅ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២២-២០២៤ របស់​ខេត្តព្រះវិហារ​។​

​កិច្ចប្រជុំ​នេះ​ក្រោម​វត្តមាន​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​។ ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ដ អភិបាលក្រុង​-​ស្រុក​ទាំង​៨ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ចំណុះ​ខេត្ត​ជាច្រើនរូប​ទៀត ក៏បាន​អញ្ជើញ​ចូលរួម​ផងដែរ​។

​លោក សេង ប៊ុន​រឿន​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​បានឱ្យដឹងថា ផ្អែកលើ​ផែនការអភិវឌ្ឍន៍​ខេត្ត​រយៈពេល​៥​ឆ្នាំ ២០២០-២០២៤ សេចក្ដីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ឆ្នាំ ២០២២ ២០២៤​នេះ ត្រូវបាន​រៀបចំឡើង​ដោយមាន​ការគិតគូ​រដ​ល់​កត្តា​ចម្បង និង​ស្ថានភាព​ជាក់ស្ដែង​ពីរ​សំខាន់ៗ ។​ទីមួយ​.​ការបង្ហាញ​គម្រោង​ទិន្នន័យ ដែលមាន​អាទិភាព​ខ្ពស់ របស់​មន្ទីរ​វិស័យ​អង្គភាព​ជុំវិញ​ខេត្ត ដែល​មានចែង​ក្នុង​គោលនយោបាយ​នៃ​ផែនការអភិវឌ្ឍន៍​ខេត្ត រយៈពេល​៥​ឆ្នាំ ២០២០-២០២៤ ទី​ពីរ ស្ថិតក្នុង​តម្រូវការ​ចំណាយ​ទុន​សរុប សម្រាប់​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​ខេត្ត​រយៈពេល​ប្រាំ​ឆ្នាំ ២០២០-២០២៤ ៕សរន