ប្រែសម្រួលៈវាសនា(VnExpress)៖ វៀតណាមកាលពីយប់ថ្ងៃអង្គារបានរាយការណ៍ចំនួនឆ្លងកូវីដ១៩ក្នុងស្រុកថ្មី១៦.៣១៦នាក់ទៀតនៅ៦២ខេត្តក្រុង ហើយរដ្ឋធានីហាណូយបន្តឆ្លងនាំមុខគេ។
ក្រុងហាណូយនៅថ្ងៃនេះមានអ្នកឆ្លងថ្មី ១.៧០៤នាក់ បន្ទាប់មកខេត្តកាម៉ៅនៅតំបន់ដីសណ្តរទន្លេមេគង្គមានអ្នកឆ្លងថ្មី១.៥៩០នាក់ និងខេត្តតៃនិញជាប់ទីក្រុងហូជីមិញមានអ្នកឆ្លងថ្មី ៩៣៩នាក់ ។ចំណែកក្រុងហូជីមិញដែលធ្លាប់តែនាំមុខគេអស់រាប់ខែមានអ្នកឆ្លងថ្មី ៨១៣នាក់។
ក្រសួងសុខាភិបាលក៏បានប្រកាសអ្នកស្លាប់ដោយកូវីដចំនួន២៥០នាក់ទៀត ក្នុងនេះ៥៨នាក់នៅក្រុងហូជីមិញ និង៣១នាក់នៅតៃនិញដែលនាំអោយចំនួនអ្នកស្លាប់ដោយកូវីដសរុបនៅទូទាំងប្រទេសតាំងពីឆ្នាំមុនមកកើនដល់៣០.០៤១នាក់។
ការផ្ទុះកូវីដ១៩នៅរលកទី៤ចាប់តាំងពីចុងខែមេសាមកនាំអោយមានអ្នកកើតជំងឺនេះសរុបជាង១,៥៦លាននាក់ តែ១,១៥លាននាក់បានជាសះស្បើយ។
សូមបញ្ជាក់ថា ក្នុងចំណោមប្រជាជនវៀតណាម៩៦លាននាក់ ៦២,៩លាននាក់បានចាក់វ៉ាក់សាំងការពារកូវីដ២ដូសពេញលេញនិងជាង១,៣លាននាក់បានចាក់ដូសជំរុញទី៣៕
ស្ត្រីវៀតណាមធ្វើតេស្តិ៍រកកូវីដ១៩នៅមន្ទីរពេទ្យមួយក្នុងទីក្រុងហាណូយកាលពីថ្ងៃ៩ធ្នូ