ដោយៈ ផេង ពង្ស​រ៉ាស៊ី​, ភា រស្មី​, សូ ហាន់ និង ថុ​ន ស្រី​ពេជ្រ​/ភ្នំពេញៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តព្រៃវែង បានរៀបចំ​ធ្វើ​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​ពីថ្ងៃ​ទី​២៣​ដល់​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ជាមួយ​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម​ចំនួន​១០​នាក់ រស់នៅក្នុង​ភូមិ​ក្រូច ភូមិ​ព្រៃ​ក្រាំង ភូមិ​អង្គ ភូមិ​ពញា​កើត ក្នុង​ឃុំ​ជាងដែក និង ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ វេទិកា​នេះបាន​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក និង​មានការ​ព្រមព្រៀងគ្នា​ជាមុន​ជាមួយ​អ្នក​រស់រានមានជីវិត​ទាំង​១០​នាក់​។ ជា​កិច្ច​ចាប់ផ្តើម បុគ្គលិក​ជួប​សម្ភាស និង​ស្តាប់​រឿងរ៉ាវ​ជីវិត​របស់គាត់ និង​បន្ទាប់​ក្រុមការងារ​ប្រើប្រាស់​តារាង​សំណួរ​ស្ទាបស្ទង់​មតិ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ពិភាក្សា​ពី​បញ្ហា​សុខភាព​របស់គាត់​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម​។ បន្ទាប់មក អ្នក​រស់រានមានជីវិត​ម្នាក់ៗ ទទួលបាន​ប្រអប់​កាដូ​អនុស្សាវរីយ៍​ម្នាក់​មួយ​ប្រអប់​។ ដំណើរការ​នេះ ប្រព្រឹត្ត​ទៅដោយ​មានការ​ឯកភាព​ពី​អ្នក​រស់រានមានជីវិត​ទាំងអស់ ក្នុងការ​ជួបជុំ ការស្នើសុំ​ថត​សម្លេង​ក្នុងពេល​សម្ភាស និង​ការថតរូប​។ ខាងក្រោម​នេះ ជា​សេចក្តី​សង្ខេប​ពីបទ​ពិសោធន៍​របស់​អ្នក​រស់រានមានជីវិត​ទាំង​១០​នាក់ ដែល​ក្នុងចំណោម​អ្នក​ទាំង​១០​នាក់ អ្នក​រស់រាន​មាន​ជី​វិ​ម្នាក់​ឈ្មោះ ភោគ តាំង គឺជា​អតីត​គណៈ​ឃុំ​ក្នុង​របប​ខ្មែរក្រហម​៖

(រូបខាងលើ) អេង ថូ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង – ថ្ងៃទី២២ វិច្ឆិកា ២០២១។
អេង ថូ​៖
​ ​អេង ថូ ភេទ​ប្រុស អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រាំង ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ អេង ថូ កើត​នៅ​ឆ្នាំ​១៩៤៦ ក្នុង​គ្រួសារ​មាន​ជីវភាព​ធូរធារ​មួយ​។ គាត់​មាន​បងប្អូន​បង្កើត​៨​នាក់ ស្រី​៣​នាក់​។ នៅ​អាយុ​១០​ឆ្នាំ ថូ បាន​ចូលរៀន​នៅ​វត្ត​ពេ​ជ្ជី​រតន៍ ដែលមាន​ព្រះសង្ឃ​ជា​គ្រូបង្រៀន​។ ពីរ​ឆ្នាំ​ក្រោយមក ថូ បាន​បន្ត​ការសិក្សា​នៅ​សាលាបឋមសិក្សា​ពេ​ជ្ជី​រតន៍ ហើយ​គាត់​បាន​បន្ត​ការសិក្សា​របស់គាត់​នៅ​អនុវិទ្យាល័យ​កំពង់ត្របែក នៅ​ឆ្នាំ​១៩៦៣​។ ថូ បានបញ្ចប់​ការសិក្សា​របស់ខ្លួន​ត្រឹម​ថ្នាក់​ទី​៣​ចាស់​។ ក្នុង​ឆ្នាំ​១៩៧០ បន្ទាប់ពី​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្ដេច​សីហនុ ថូ រួមជាមួយ​យុវជន​ជាច្រើន​នាក់​ទៀត​នៅក្នុង​ភូមិ បាននាំគ្នា​ចូលរួម​ក្នុង​ចលនា​បដិវត្តន៍​នៅក្នុង​វត្ត​ពពេល​។ អំឡុងពេល​វឹក​ហាត់​ក្បួន​ធ្វើសង្គ្រាម ទាហាន ធី​វ​គី បាន​យក​រថក្រោះ​មក​កម្ទេច​ក្រុម​បដិវត្តន៍ ដែលជា​ហេតុ​ធ្វើ​ឲ្យ ថូ សម្រេចចិត្ត​ត្រឡប់មក​ភូមិកំណើត​វិញ​។ ក្នុង​ឆ្នាំ​១៩៧២ ប្រធាន​សហករណ៍ បាន​ប្រាប់​ឲ្យ​ប្រជាជន​ទាំងអស់​ធ្វើស្រែ​សាមគ្គី ហើយ​ប្រជាជន​អាច​ជ្រើសរើស​ក្រុម​ដោយ​ខ្លួនឯង​រួមទាំង​គ្រួសារ​របស់​ថូ​។ នៅក្នុង​ឆ្នាំ​១៩៧៣ ថូ បាន​រៀបការ​ជាមួយ​កូនក្រមុំ​ក្នុងភូមិ​ម្នាក់​ដែលមាន​ឈ្មោះថា នួន សុផល​។ ពិធី​រៀប​ការដែល​ប្រព្រឹត្តទៅ​នៅផ្ទះ​ខាង​ស្រី គឺមាន​រយៈពេល​មួយ​ព្រឹក ហើយ​ដំណើរការ​នៃ​កម្មវិធី គឺ​សុទ្ធ​តែមាន​ប្រធានភូមិ​ចូលរួម​។ ថូ និង​កូនក្រមុំ គឺ​តម្រូវ​ឲ្យ​ឡើង​ប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួម​កសាង​បដិវត្តន៍​។

ចាប់ពី​ឆ្នាំ​១៩៧៣ ប្រជាជន​នៅក្នុង​ភូមិ​ព្រៃ​ក្រាំង បានចាប់ផ្ដើម​ស្លៀក​សម្លៀកបំពាក់​ខ្មៅ ហើយ​ស្រីៗ​តម្រូវ​ឲ្យ​កាត់សក់​ខ្លី​។ ពិធី​រៀបការ​របស់ ថូ ក៏​ស្លៀក​តែ​សម្លៀកបំពាក់​ខ្មៅ​ដូចគ្នា​ដែរ​។ ចាប់តាំងពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ រហូតដល់​ឆ្នាំ​១៩៧៨ ថូ ត្រូវ​អង្គ​ការប្រើ​ឲ្យ​អា​ឈើ (​ធ្វើ​រោង​បាយ តុ កៅអី ជង្រុក​ស្រូវ និង​គ្រឿង​ផ្សេងៗ​សម្រាប់​ប្រើ​ប្រាប់​ប្រចាំថ្ងៃ​) ប្រមូល​ជី​លេខ​១​តាម​ផ្ទះ​យកទៅដាក់​ក្នុង​ឡ និង​ជីក​សន្តរ​នៅ​ព្រៃ​ក្ដួច​។ នៅ​ថ្ងៃទី​៣០ ខែ​១២ ឆ្នាំ​១៩៧៨ ប្រធាន​សហករណ៍​ឈ្មោះ ក្រូច សា​ភឿន បាន​ប្រាប់​ឲ្យ​ប្រជាជន​ទាំងអស់​រួមទាំង​គ្រួសារ ថូ ជម្លៀស​ខ្លួន​ចេញពី​ភូមិ​។ នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​១៩៧៩ គ្រួសារ​របស់ ថូ ត្រូវ​កងទ័ព​វៀតណាម​ប្រាប់​ឲ្យ​ត្រឡប់​មកកាន់​ផ្ទះសម្បែង​វិញ បន្ទាប់ពី​បានធ្វើ​ដំណើរ​ទៅជិត​ដល់​ស្រុក​ពាម​ជរ​។ នៅ​ខែ​២ ឆ្នាំ​១៩៧៩ ថូ ត្រូវបានចាត់តាំង​ឲ្យ​ធ្វើជា​អនុប្រធាន​ភូមិ​ព្រៃ​ក្រាំង ទទួលបន្ទុក​សេដ្ច​កិច្ច​។ នៅ​ខែកក្កដា ឆ្នាំ​១៩៧៩ ថូ បានសម្រេច​ចិត្ត​ចូល​ធ្វើជា​គ្រូបង្រៀន ដែលមាន​ភារកិច្ច​បង្រៀន​ចាស់ៗ​ក្នុងភូមិ​ឲ្យ​ចេះ​អាន​និង​សរសេរ​ខ្លះៗ​។ ចាប់ពី​ឆ្នាំ​១៩៩០​មក ថូ ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​នាយក​សាលាបឋមសិក្សា បេង​បុរី​។

នៅ​ឆ្នាំ​២០០៦ ថូ បាន​ចូលនិវត្តន៍ ហើយ​សព្វថ្ងៃ គាត់​ប្រកប​របរ​កសិកម្ម​បន្តិចបន្តួច​នៅ​ជុំវិញ​ផ្ទះ​។​

(រូបខាងលើ) ភោគ តាំង អាយុ៨២ឆ្នាំ រស់នៅភូមិពញាកើត ឃុំជាងដែក – សម្ភាសដោយ ផេង ពង្សរ៉ាស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ – សង្ខេបដោយ ផេង ពង្សរ៉ាស៊ី

ភោគ តាំង​៖
​ភោគ តាំង អាយុ​៨២​ឆ្នាំ រស់នៅ​ភូមិ​ពញា​កើត ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ភោគ តាំង មាន​វ័យ​ចំណាស់​ណាស់​ទៅហើយ​នាពេល​បច្ចុប្បន្ននេះ​។ គាត់​រៀបការ​ជាមួយ​ប្រពន្ធ​ទី​ពីរ​របស់គាត់​ឈ្មោះ ប៉ែន រី នៅក្នុង​ឆ្នាំ​១៩៧៦ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​ពញា​កើត ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ចំណែក​ប្រពន្ធ​ទី​១​របស់គាត់​បាន​ស្លាប់​ក្នុង​ឆ្នាំ​១៩៧២ ដោយសារ​ជំងឺ​។ កូនៗ​ភាគច្រើន​របស់គាត់ គឺជា​កងទ័ព​បម្រើការ​នៅក្នុង​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ខេត្ត​ប៉ៃលិន និង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ តាំង គឺជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​មានមុខ​ងារ​ជា​គណៈ​ឃុំ គណៈ​សហករណ៍ និង​កម្មាភិបាល​ថ្នាក់ស្រុក​កំពង់ត្របែក​។ ក្រោយ​ខែមករា ឆ្នាំ​១៩៧៩ តាំង មិនបាន​រត់គេច​ចេញ​ពី​ស្រុកកំណើត​ឡើយ ទោះបីជា​គាត់​ត្រូវបាន​ស្នើ​ឲ្យ​សារភាព​ពី​កិច្ច​ការដែល​គាត់​បានធ្វើ​ក្នុងពេលដែល​គាត់​ជា​កម្មាភិបាល​ខ្មែរក្រហម នៅ​ចំពោះមុខ​ប្រជាជន​ជាច្រើន​នាក់​នៅក្នុង​ឃុំ​ជាងដែក ភ្លាមៗ​ក្រោយពេល​រំដោះ​ក៏ដោយ​។ តាំង គឺជា​មនុស្ស​ម្នាក់​ដែលមាន​ការចងចាំ​ល្អ​។ គាត់​បាន​រៀបរាប់​ប្រាប់​យើង​យ៉ាង​លម្អិត​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង និង​បទពិសោធន៍​របស់គាត់​ក្នុងពេល​អតីតកាល​។ ក្នុងជំនួប​ជិត​ពីរ​ម៉ោង​ជាមួយ​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា តាំង បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រួសរាយ​រាក់ទាក់ ទឹកមុខ​ញញឹមញញែម និង​មិន​លាក់លៀម​ពីអ្វី​ដែល​គាត់​បាន​ជួបប្រទះ​ក្នុង​ជីវិត​របស់គាត់​។ ខាងក្រោម​នេះ ជាស​ម្តី​រៀបរាប់​សង្ខេប​ពីបទ​ពិសោធន៍​ជីវិត​របស់ ភោគ តាំង​៖
​ខ្ញុំ​កើត​នៅ​ឆ្នាំ​១៩៤០ នៅ​ភូមិ​ពញា​កើត ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ នៅពេលដែល​ខ្ញុំ​មាន​អាយុ​៧​ឆ្នាំ ខ្ញុំ​បាន​ចូលរៀន​ជាមួយ​ព្រះសង្ឃ​នៅ​វត្ត​ពញា​កើត​។ លុះដល់​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ ខ្ញុំ​បាន​បួស​ជាស​ង្ឃ​នៅ​វត្ត​នេះ​ដដែល តាម​សំណើរ​សុំ​របស់​យាយ​ខ្ញុំ​ឈ្មោះ ហៀក​។ ខ្ញុំ​បួស​បាន​រយៈពេល​៤​ឆ្នាំ​ប៉ុណ្ណោះ ក៏​សម្រេចចិត្ត​សឹក​យកប្រពន្ធ​។ ខ្ញុំ​រៀបការ​នៅ​ឆ្នាំ​១៩៥៩ ជាមួយ​ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ ព្រំ សុគន្ធ​។ តាំងពី​រៀបការ​រួច ខ្ញុំ​ធ្វើការ​ផង ធ្វើស្រែ​ចម្ការ​ផង និង​ប្រកប​របរ​រកស៊ី​នៅ​ឆ្ងាយៗ​ពី​ផ្ទះសម្បែង​ផង​។ ប្រហែល​កន្លះ​ខែក្រោយ​ថ្ងៃ​១៨ មីនា ១៩៧០ ដែលជា​ថ្ងៃ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ឪ ខ្ញុំ​បាន​ចូលរួម​ក្នុង​ចលនា​បដិវត្តន៍ តាមរយៈ​ការអំពាវនាវ​របស់​ស​ម្តេច​ឪ​ឲ្យ​ចូល​ព្រៃម៉ាគី​។ ខ្ញុំ​ចូល​បដិវត្តន៍​តាមរយៈ​ឈ្មោះ ទោង គឺជា​មេស្រុក​កំពង់ត្របែក និង​ឈ្មោះ ភ័​ណ្ឌ គឺជា​បងថ្លៃ​របស់ខ្ញុំ ដើម្បី​ចូលរួម​រំដោះ​ប្រទេសជាតិ និង​ដើម្បី​យាង​សម្តេចឪ​មកកាន់​មាតុប្រទេស​វិញ​។ ប្រុសៗ​ដែលមាន​អាយុ​ស្រករ​ខ្ញុំ​និង​រស់នៅ​ក្នុងភូមិ​ខ្ញុំ​ទាំងអស់ បាននាំគ្នា​ចូល​បម្រើ​ប​ដិ​វ​ត្តិ​ន៍ ហើយ​យើង​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​ហាត់រៀន​ក្បួន​យុទ្ធសាស្ត្រ​នៅក្នុង​ព្រៃ​ស្ថិតនៅ​ខាងត្បូង​វត្ត​បេង​។ ខ្ញុំ​ឧស្សាហ៍​មកលេង​ផ្ទះ ដើម្បី​មក​យក​ស្បៀងអាហារ​ទៅ​ទុក​ហូប​នៅ​អំឡុងពេល​ហាត់រៀន​។
​នៅ​ឆ្នាំ​១៩៧២ ប្រពន្ធ​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​ទាស់ ក្នុងពេលដែល​ខ្ញុំ​កំពុង​ហ្វឹកហាត់​នៅក្នុង​ព្រៃ​។ ពួកយើង​មានកូន​៥​នាក់​។ ខ្ញុំ​ត្រូវ​មើល​កូន​ផង និង​បម្រើ​ជាតិ​ផង​។ នៅ​ឆ្នាំ​១៩៧៣ ខ្ញុំ​និង​អ្នក​ឯទៀត​ត្រូវបាន​បញ្ចូនទៅ​កាន់​ទីតាំង​សមរភូមិ​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​កំពង់ត្របែក ដើម្បី​ត្រៀម​ជា​ជំនួយ​ដល់​សមរភូមិ​មុខ​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​សត្រូវ​។ នៅក្នុង​សមរភូមិ​ភូមិ​ក្រូច ខ្ញុំ​ឃើញ​មាន​យន្តហោះ​មួយគ្រឿង​ជា​របស់​កងកម្លាំង​ធី​វ​គី​បាន​ធ្លាក់ ហើយ​ខ្ញុំ​បាន​ទៅ​មើល​កន្លែង​យន្តហោះ​ធ្លាក់​នេះ​។ ខ្ញុំ​ឃើញ​មាន​សាកសព​អ្នកបើក​យន្តហោះ​ម្នាក់​ស្លាប់​នៅ​ទីនោះ​។
​នៅ​ឆ្នាំ​១៩៧៤ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ទៅ​បម្រើការ​នៅក្នុង​អង្គភាព​សេដ្ឋកិច្ច​ស្រុក​កំពង់ត្របែក ប្រចាំការ​នៅ​ច្រក​សេដ្ឋកិច្ច​ពាម​មន្ទារ (​ខាងលិច​វត្ត​ក្រចាប់​)​។ នៅ​ទីនោះ ខ្ញុំ​បាន​ប្រមូល​លុយ​ពន្ធ​ជាច្រើន​ពី​ការរកស៊ី​ចេញចូល​ពី​វៀតណាម​មក​កម្ពុជា​។ លុយ​ដែល​ខ្ញុំ​ប្រមូលបាន គឺ​យកទៅ​ប្រគល់​ឲ្យ​អង្គភាព​ទាំងអស់​។

​ក្រោយ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវបាន​ផ្លាស់ប្តូរ​ភារកិច្ច​មក​បម្រើការ​ជា​អ្នកបើក​អង្ករ​ឲ្យ​អង្គភាព​យោធា ក្នុង​អង្គភាព​សេដ្ឋកិច្ច​ដដែល​។ ជ័យ សារិន អនុគណៈ​ស្រុក​កំពង់ត្របែក គឺជា​អ្នកគ្រប់គ្រង​លើ​អង្គភាព​សេដ្ឋកិច្ច​ស្រុក​។ ពីរ​បី​ខែក្រោយ​មក ខ្ញុំ​ត្រូវបាន ចាន់ ឌឿ​ន និង​សួ​ម វីរៈ ចាត់តាំង​ឲ្យ​ទៅធ្វើជា​ប្រធាន​សហករណ៍​ភូមិ​ស្គារ ឃុំ​គោខ្ចក ស្រុក​កំពង់ត្របែក និង​បាន​ឲ្យ​ខ្ញុំ​ធ្វើ​ប្រវត្តិរូប​ដោយ​ដាក់ឈ្មោះ​គាត់ គឺ ចាន់ ឌឿ​ន ជា​អ្នក​ណែនាំ​។ ក្នុងតួនាទី​ជា​ប្រធាន​សហករណ៍ ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ចូលរួម​រៀនសូត្រ​វគ្គ​នយោបាយ​រយៈពេល​១​ខែ ដែលមាន​សម​មិត្ត ទីវ អុល និង​ហ៊ូ នឹម គឺជា​គ្រូបង្រៀន​។ ចំណែក​សម​មិត្ត ឈូក ប្រធាន​តំបន់​២៤ គឺជា​អ្នក​ថ្លែងការណ៍​បើក និង​បិទ​កម្មវិធី​រៀនសូត្រ​។
​នៅ​ខែកញ្ញា ឆ្នាំ​១៩៧៥ សម​មិត្ត ជ័យ សារិន បានស្នើ​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការ​នៅក្នុង​មន្ទីរ​សេច្ច​កិច្ច​ស្រុក​កំពង់ត្របែក​វិញ បន្ទាប់ពី​មានការ​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន​កម្មាភិបាល​ក្បត់​មួយចំនួន​នៅ​ស្រុក​កំពង់ត្របែក​។ ខ្ញុំ​ភ័យ​ខ្លាំងណាស់ ព្រោះ​ខ្លាចក្រែង​ជាប់​ខ្សែរយៈ​ក្បត់​ជាមួយ ចាន់ ឌឿ​ន​។ ចាន់ ឌឿ​ន ត្រូវបាន​ចាប់ខ្លួន​នៅមុន​ពេលដែល​ខ្ញុំ​ត្រូវ​កោះហៅ​ឲ្យ​ផ្លាស់ប្តូរ​ភារកិច្ច​។ ក្រៅពី ចាន់ ឌឿ​ន មាន​កម្មាភិបាល​ធំៗ​មួយចំនួនទៀត​ក៏ត្រូវ​បាន​ចាប់ខ្លួន​ដែរ ដូចជា សារ៉ាន់ ប្រធាន​យោធា​ស្រុក​កំពង់ត្របែក​, កែវ នី សមាជិក​ស្រុក​, អុល អាត សមាជិក​សមាគមយុវជន​ស្រុក​ទទួលបន្ទុក​កងចល័ត និង អ៊ី ខ្វាក់ភ្នែក​ម្ខាង គឺជា​សមាជិកសមាគម​យុវជន​ស្រុក​ទទួលបន្ទុក​ឃោសនាការ​។
​ពេល​ខ្ញុំ​មកដល់​មន្ទីរ​ស្រុក​កំពង់ត្របែក សម​មិត្ត ជ័យ សារិន បាន​ឲ្យ​ខ្ញុំ​កែ​ប្រវត្តិរូប​របស់ខ្ញុំ ដោយ​ឲ្យ​ប្តូរ​ឈ្មោះ​អ្នក​ណែនាំ​ពី​ឈ្មោះ ចាន់ ឌឿ​ន មក​ឈ្មោះ ជ័យ សារិន វិញ​។ នៅ​ឆ្នាំ​១៩៧៦ ជ័យ សារិន បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​មក​ធ្វើជា​គណៈ​ឃុំ​ព្រៃ​ពោន​។ នៅ​ទីនោះ កែវ លុន ជា​អនុគណៈ​ឃុំ​ព្រៃ​ពោន មានការ​ថ្នាំងថ្នាក់​ជាមួយ​ខ្ញុំ ព្រោះ​គាត់​មិនបាន​ធ្វើជា​គណៈ​ឃុំ​។ ក្រោម​ការដឹកនាំ​ក្នុង​ឃុំ ប្រជាជន​ច្រើនណាស់​បាន​ចូលចិត្ត​ខ្ញុំ ព្រោះ​ខ្ញុំ​មិនបាន​ធ្វើ​ឲ្យ​ពួកគាត់​ថ្នាំងថ្នាក់​ឡើយ​។ ខ្ញុំ​ដឹកនាំ​ការងារ​នៅ​ឃុំ​ព្រៃ​ពោន​រហូតដល់​ចុងឆ្នាំ​១៩៧៨​។

​នៅ​ឆ្នាំ​១៩៧៨ វគ្គ​រៀនសូត្រ​នយោបាយ​មួយ​ត្រូវបាន​បង្កើតឡើង ហើយ​គណៈ​ឃុំ​និង​កម្មាភិបាល​ជាច្រើន​នាក់​មកពី​ឃុំ​ទាំងអស់​ក្នុង​តំបន់​២៤ ត្រូវ​កោះហៅ​ឲ្យ​ចូលរួម​ប្រជុំ​ក្នុង​រយៈពេល​ជាង​មួយខែ ដើម្បី​ពិនិត្យ តាមដាន​សកម្មភាព​ការងារ​របស់​គណៈ​ឃុំ និង​ចម្រាញ់​សមាសភាព​ក្បត់​បដិវត្តន៍ ដែល​ចេញពី​ឃុំ​នីមួយៗ​។ គណៈអធិបតី​នៅក្នុង​វគ្គ​រៀនសូត្រ​នេះ​គឺ ចាន់ អនុប្រធាន​ភូមិភាគ​បូព៌ា ហើយ ជ័យ និង សម្រេច គឺជា​អ្នកសម្របសម្រួល​នៅក្នុង​វគ្គ​។ ក្នុងពេល​រៀនសូត្រ ជ័យ បាន​ខ្សឹបប្រាប់​ខ្ញុំ​ថា សមាសភាព​មួយចំនួន​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​រៀនសូត្រ​នេះ ត្រូវបាន​ចាប់ខ្លួន​ជា​បណ្តើរៗ​អស់​ជាង​២០​នាក់​ហើយ​។ ខ្ញុំ​ចាប់ផ្តើម​ភ័យ​ខ្លួន​ម្តងទៀត ហើយ​ខ្ញុំ​ក៏មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដែរ​។
​ប្រហែល​បួន​ប្រាំ​ខែក្រោយ​មក ខ្ញុំ​ត្រូវបាន​ផ្លាស់ប្តូរ​មក​ស្នាក់​នៅក្នុង​សហករណ៍​ឃុំ​ជាងដែក ដោយ​មូលហេតុ​ខ្ញុំ​បាន​ផ្តល់ឱកាស​ឲ្យ​ប្រជាជន​ដែលមាន​ឈ្មោះ​ត្រូវ​ជម្លៀស​ទៅកាន់​ខេត្តពោធិ៍សាត់ ក្នុងការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ក្នុងការ​ចាកចេញ​ទៅ​។ ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​គាប់​ជួន​ពេលនោះ កងទ័ព​វៀតណាម​បាន​វាយ​ចូល​មកដល់​ទឹកដី​ឃុំ​ជាងដែក​។

​នៅ​ខែមករា ឆ្នាំ​១៩៧៩ ខ្ញុំ​ត្រូវ​កងទ័ព​វៀតណាម​ចាប់ខ្លួន​ពី​ផ្ទះ​របស់ខ្ញុំ​នៅ​ភូមិ​រោង យកទៅ​សួរចម្លើយ​ពី​ការងារ​ដែល​ខ្ញុំ​បានធ្វើ​ក្នុង​របប​ខ្មែរក្រហម​។ នៅមុខ​កងទ័ព​វៀតណាម និង​ប្រជាជន​ជាច្រើន ខ្ញុំ​បាន​ឆ្លើយ​សារភាព​តាម​ការពិត​ជាក់ស្តែង​ដែល​ខ្ញុំ​បានធ្វើ​។ បន្ទាប់មក កងទ័ព​វៀតណាម​បានប្រគល់​ខ្ញុំ​ទៅ​ឲ្យ សម​មិត្ត ញ៉ែម គឺជា​គណៈ​ស្រុក​កំពង់ត្របែក​ដែល​ឡើង​តំណែង​ក្រោយ គឺជា​អ្នកចាត់ចែង ហើយ​សម​មិត្ត ញ៉ែម បានអនុញ្ញាត​និង​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ​បានធ្វើ​ការងារ​បន្តទៀត​។ ប៉ុន្តែ​ខ្ញុំ​បានប្រកែក​មិន​ព្រមធ្វើ​។ ចាប់តាំងពី​ឆ្នាំ​១៩៨២ រហូតមកដល់​បច្ចុប្បន្ន ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ធ្វើជា​អាចារ្យវត្ត​ពញា​កើត​ដើម្បី​ពង្រឹង​វិស័យ​សាសនា ក្នុងភូមិ​ឃុំ​របស់ខ្ញុំ​។​

(រូបខាងលើ) ធន់ ភ្លាក ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិក្រូច ឃុំជាងដែក – សម្ភាសដោយ ផេង ពង្សរ៉ាស៊ី នៅថ្ងៃទី២៣ វិច្ឆិកា ២០២១

ធន់ ភ្លាក​៖
​ ​ធន់ ភ្លាក ភេទ​ប្រុស អាយុ​៧០​ឆ្នាំ កើត​នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ បច្ចុប្បន្ន ធន់ ភ្លាក រស់នៅ​ភូមិ​ក្រូច ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ កាលពី​ក្មេង ភ្លាក បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​បេង​បុរី​ស្ថិតនៅក្នុង​ឃុំ​ព្រៃ​ពោន និង​ធ្លាប់បាន​បួស​ជាស​ង្ឃ​នៅ​វត្ត​អាគ្រា​ជ​។ ភ្លាក លាចាក​សិក្ខាបទ និង​ត្រឡប់​មកកាន់​ភូមិកំណើត​វិញ​នៅក្រោយ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ​។
​នៅ​ឆ្នាំ​១៩៧៣ ភ្លាក បាន​រៀបការ​ជាមួយ​នារី​ម្នាក់​ឈ្មោះ អ៊ុង អួន​។ បន្ទាប់ពី​រៀបការ​រួច ប្រធាន​កងឈ្លប​ឈ្មោះ កាន់ បានមក​ចាប់ ភ្លាក យកទៅដាក់​ឃុំឃាំង​នៅ​វត្ត​បេង ក្រោម​ការចោទប្រកាន់ថា បាន​ប្រព្រឹត្តិ​បទល្មើស​ចោរកម្ម និង​សន្តិ​សម្ព័ន្ធ​។ ភ្លាក ត្រូវបាន​កាត់ទោស​សម្លាប់ ប៉ុន្តែ​គាត់​ត្រូវបាន​សង្គ្រោះ​ដោយ​ឈ្មោះ វៀ លាង គឺជា​ប្រធាន​កង​នារី​។ លាង បាន​ប្រាប់​ទៅ​កងសន្តិសុខ​ថា គាត់​ធ្វើ​ការអប់រំ​កែប្រែ ភ្លាក ឲ្យ​បានល្អ​ទៅ​ថ្ងៃក្រោយ​។
​ចាប់តាំងពី​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ទាំងស្រុង​នៅ​ឆ្នាំ​១៩៧៥ មក ភ្លាក ត្រូវ​អង្គ​ការប្រើ​ឲ្យ​ធ្វើការ​ជាច្រើន ដូចជា លើកថ្នល់​នៅ​ផ្លូវជាតិ​លេខ​១ ដាំ​បន្លែ ភ្ជួរស្រែ ដាំដំឡូង ជីក​សន្តរ​ទឹក និង​សែង​ទាហាន​របួស និង​ស្លាប់​ក្នុង​សមរភូមិ​។ ភ្លាក បាន​បន្ថែមថា ក្រុម​របស់គាត់​សែង​អ្នករបួស​ពី​ឃុំ​ក្រាំង​លាវ យកទៅ​ព្យាបាល​នៅក្នុង​វត្ត​ប្រាសាទ និង​សែង​អ្នកស្លាប់​យកទៅ​កប់​នៅ​ព្រៃ​ស្នា វត្ត​ថ្នា​ខាន់ ភូមិ​ក្រូច និង​ក​អណ្ដើក​ដែលជា​វិទ្យាល័យ​កំពង់ត្របែក​សព្វថ្ងៃ​។ ក្រោយមក​នៅ​ឆ្នាំ​១៩៧៨ ភ្លាក រួមជាមួយ​អ្នកភូមិ​ផ្សេងទៀត ត្រូវបាន​បង្ខំ​ឲ្យ​ជម្លៀសចេញ​ទៅកាន់​ភាគ​ខាងលិច​ប្រទេស​កម្ពុជា​។ នៅពេល​ធ្វើដំណើរ​ដល់​អ្ន​ក​លឿង ភ្លាក និង​អ្នក​ឯទៀត ត្រូវបាន​ប្រាប់​ឲ្យ​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​។

​សព្វថ្ងៃ ភ្លាក រស់នៅ​ជាមួយ​កូន​ម្នាក់ ក្នុងចំណោម​កូន​១២​នាក់ (​ស្លាប់​១​នាក់​) នៅក្នុង​ភូមិ​ក្រូច ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

(រូបថតខាងលើ) ប៉េន សាខុម អាយុ៧២ឆ្នាំ រស់នៅភូមិក្រូច ឃុំជាងដែក – សម្ភាសដោយ សូ ហាន់ នៅថ្ងៃទី២៣ វិច្ឆិកា ២០២១។

ប៉េ​ន សា​ខុម​៖

ប៉េ​ន សា​ខុម អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ក្រូច ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ប៉េ​ន សា​ខុម បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​ព្រៃ​ដង្គុំ នៅ​អាយុ​៧​ឆ្នាំ​។ គ្រូបង្រៀន​របស់ សា​ខុម គឺ មាស យី​ម​, ភា​, ស៊ីម​, យ៉ាវ និង​គ្រូ​ដទៃទៀត​ដែល​គាត់​មិនបាន​ចាំ​ឈ្មោះ​អស់​។
​ក្រោយ​ថ្ងៃទី​១៨ មីនា ឆ្នាំ​១៩៧០ ភូមិកំណើត​របស់ សា​ខុម ទទួលរង​នូវ​ការទម្លាក់​គ្រាប់បែក​ស្ទើរ​រាល់ថ្ងៃ​។ នៅ​ឆ្នាំ​១៩៧១ និង ១៩៧៣ សា​ខុម តែង​រត់​ចូល​ពួន​សំងំ​នៅក្នុង​លេណដ្ឋាន​ក្បែរ​ផ្ទះ ដើម្បី​គេចចេញ​ពី​គ្រាប់បែក​។ នៅ​ចុងឆ្នាំ​១៩៧៤ ការទម្លាក់​គ្រាប់បែក​លែងមាន​តទៅទៀត​ហើយ​នៅក្នុង​ភូមិកំណើត​របស់ សា​ខុម​។ ព្រឹត្តិការណ៍​បង្កើត​សហករណ៍ និង​រោង​បាយ បានចាប់ផ្តើម​ជា​បណ្ដើរៗ​។ ក្រោយ​ថ្ងៃ​១៧ មេសា ១៩៧៥ ប្រជាជន​ថ្មី​ចំនួន​១២​គ្រួសារ បានមក​រស់នៅ​ក្នុងភូមិ​ក្រូច​។

​នៅ​ចុងឆ្នាំ​១៩៧៦ សា​ខុម ត្រូវ​អង្គ​ការស្នើ​ឲ្យ​រៀបការ​។ ក្រោយ​រៀបការ​រួច សា​ខុម មិនបាន​រស់នៅ​ជាមួយ​ប្រពន្ធ​ឡើយ​។ គាត់​ត្រូវ​អង្គការ​ចាត់តាំង​ឲ្យ​ទៅធ្វើ​សន្ដរ​នៅ​ព្រៃ​ក្ដួច​, ទៅធ្វើ​ចម្ការ​នៅ​ឃុំ​ពាម​មន្ទារ និង​ទៅ​លើក​ទំនប់​រាំង​កូន​សត្វ​។ សា​ខុម បាន​លើកឡើងថា ការរស់នៅ​របស់​ប្រជាជន ត្រូវ​ស្ថិតក្រោម​ការតាមដានរ​បស់​អង្គការ​គ្រប់ពេលវេលា​។ សា​ខុម បានឃើញ​កងឈ្លប​បណ្តើ​រ​អ្នកទោស​កាត់​តាម​មុខផ្ទះ​គាត់​នៅ​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៧៨ និង​មាន​អ្នកទោស​ជាច្រើន​នាក់​ត្រូវ​កម្មាភិបាល​ចង​។ នៅ​ឆ្នាំ​១៩៧៨ សា​ខុម ត្រូវបាន​ជម្លៀស​ចេញពី​ភូមិកំណើត​ឆ្ពោះទៅកាន់​អូរ​ប្រ​បូស ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

​ក្រោយ​ឆ្នាំ​១៩៧៩ ការរស់នៅ​របស់ សា​ខុម មានការ​លំបាក​ព្រោះ​មិនមាន​របស់របរ​ប្រើប្រាស់ និង​ស្រូវ​អង្ករ​ហូប​។ ដូចនេះ សា​ខុម និង​ប្រជាជន​ដទៃទៀត នាំគ្នា​ដើរទៅ​រក​ច្រូតស្រូវ​ដែល​នៅ​សេសសល់​ខ្លះៗ​នៅតាម​ស្រែ​ដើម្បី​យកមក​ទុក​ធ្វើ​ពូជ​។ ចាប់តាំងពី​ឆ្នាំ​១៩៨២​មក ជីវភាព​រស់នៅ​របស់ សា​ខុម បាន​ប្រសើរឡើង​បន្តិច​។ សា​ខុម នៅតែ​ចងចាំ​ជានិច្ច​នូវ​ព្រឹត្តិការណ៍​ពីរ​គឺ​៖ ១) ការរត់​គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​ខ្មែរក្រហម និង ២) ការសម្លាប់​របស់​ខ្មែរក្រហម​មកលើ​ប្អូន​របស់គាត់​។ សា​ខុម មិន​ចង់​ឲ្យ​របប​ខ្មែរក្រហម​កើតឡើង​ជា​លើក​ទី​២​ទៀតឡើយ​។​

(រូបខាងលើ) ហ៊ិន សាផាត អាយុ៧១ឆ្នាំ រស់នៅភូមិក្រូច ឃុំជាងដែក-សម្ភាសដោយ ភា រស្មី នៅថ្ងៃទី២៣ វិច្ឆិកា ២០២១
ហ៊ិ​ន សា​ផាត​៖

​ ​ហ៊ិ​ន សា​ផាត រស់នៅ​ភូមិ​ក្រូច ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​១៩៥២ គឺជា​ថ្ងៃ​ដែល សា​ផាត ចាប់កំណើត​នៅក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ធូរធា​មួយ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​។ នៅ​ឆ្នាំ​១៩៥៧ សា​ផាត បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា បេង​បុរី រហូតដល់​ចប់​ថ្នាក​ទី​៩ និង​បាន​បន្ត​ការសិក្សា​នៅ​សាលាបឋមសិក្សា​ព្រៃ​សង្គម ដែល​ស្ថិតនៅក្នុង​ឃុំ​ជាងដែក រហូតដល់​ចប់​ថ្នាក់​ទី​៧​។
​ក្រោយមកទៀត ព្រឹត្តិការណ៍​ទម្លាក់​គ្រាប់បែក​បានចាប់ផ្តើម​កើតមាន​នៅក្នុង​ភូមិកំណើត​របស់ សា​ផាត ជាច្រើនលើក​ច្រើនសារ​។ ដោយ​មូលហេតុ​នេះហើយ ទើប សា​ផាត សម្រេចចិត្ត​ទៅ​រស់នៅ​ជាមួយ​បងប្រុស ឈ្មោះ ហិន ថៅ គឺជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ក្រុង ឯ​ក្រុង​ព្រៃវែង និង​បាន​ចូលរៀន​នៅ​វិទ្យាល័យ​ព្រះអង្គ​ឌួង​បន្តទៀត​។ សា​ផាត បាន​ប្រឡង​ជាប់​ថ្នាក់​ទី​៣ និង​បាន​បន្ត​រៀន​រហូតដល់​ថ្នាក់​ទី​១ ប៉ុន្តែ​ដោយសារតែ​ខ្មែរក្រហម​យកឈ្នះ លន់ នល់ នៅ​អ្នក​លឿង ទើប សា​ផាត ត្រឡប់មក​ស្រុក​កំពង់ត្របែក​វិញ និង​បានមក​ស្នាក់នៅ​ក្នុងភូមិ​ពញា​កើត​។ សា​ផាត មិនបាន​ត្រឡប់​ទៅ​រស់នៅ​ក្នុងភូមិ​ព្រៃ​ក្រាំង​វិញ​ទេ ព្រោះ​នៅមាន​ការទម្លាក់​គ្រាប់បែក​នៅឡើយ​។ ក្នុងភូមិ​ពញា​កើត សា​ផាត បាន​ចូលរួម​ធ្វើស្រែ​សាមគ្គី​ជាមួយ​អ្នកភូមិ​ឯទៀត​។

​រហូតដល់​ចុងឆ្នាំ​១៩៧៤ សា​ផាត ត្រូវ​កងកម្លាំង​ខ្មែរ​រំដោះ​ចាប់​យកទៅដាក់​ឃុំឃាំង​នៅ​ទួល​ម្រេញ ក្រោម​ការចោទប្រកាន់ថា ជា​ទាហាន​ពាក់​ស័ក្ដិ​៥​ក្នុងពេលដែល​គាត់​មក​ស្នាក់នៅ​ក្នុង​ក្រុង​ព្រៃវែង​។ នៅក្នុង​មន្ទីរ​សន្តិសុខ​ទួល​ម្រេញ កោ ស៊ុម និង ម៉ែន ពុត បាន​សួរចម្លើយ​គាត់​អំពី​សកម្មភាព​ក្បត់​បដិវត្តន៍​។ សា​ផាត មិនបាន​ឆ្លើយ​សារភាព​តាម​ការចង់បាន​របស់​កងកម្លាំង​ឡើយ ប៉ុន្តែ​គាត់​នៅតែ​អះអាងថា គាត់​គ្រាន់តែ​ជា​សិស្ស​សិក្សា​នៅក្នុង​វិទ្យាល័យ​ប៉ុណ្ណោះ​។ សា​ផាត ត្រូវ​កងសន្តិសុខ​ទាំងពីរ​នាក់​ធ្វើ​ទារុណកម្ម​វាយ​នឹង​ក្ដរ​ត្នោត​គ្រាម (​ផ្កាត្នោត​ឈ្មោល​)​។ ក្រៅពី​សួរចម្លើយ សា​ផាត ត្រូវបាន​ប្រើ​ឲ្យ​ធ្វើ​ការងារ​ជាច្រើន​ដូចជា​ធ្វើស្រែ គាស់​គល់ឈើ និង​ស្ល​ចាន​។
​នៅ​ឆ្នាំ​១៩៧៥ បន្ទាប់ពី​ថ្ងៃជ័យ​ជម្នះរ​បស់​ខ្មែរក្រហម សា​ផាត ត្រូវបាន​ដោះលែង​ឲ្យ​ត្រឡប់មក​ភូមិ​ពញា​កើត​វិញ​។ ប្រធាន​សហករណ៍ ឈ្មោះ ឈុំ បាន​ប្រើ សា​ផាត ឲ្យ​លើកភ្លឺស្រែ​។ នៅ​ឆ្នាំ​១៩៧៦ សា​ផាត ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​ដាំ​ដំណាំ​នៅ​ខាង​ទួល​កៅ​ទៃ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ចំនួន​៣​ខែ​។ ក្នុងពេល​បំពេញការងារ​នៅ​ទួល​កៅ​ទៃ សា​ផាត ឧស្សាហ៍​ត្រឡប់មក​ភូមិកំណើត​ដើម្បី​មក​យក​ស្បៀងអាហារ​។ នៅ​ឆ្នាំ​១៩៧៧ សា​ផាត បាន​ផ្លាស់ប្តូរ​ការងារ​មក​ធ្វើការ​នៅក្នុង​កង​ភ្ជួរ ដែលមាន​សមាជិក​ក្នុង​ក្រុម​៤​នាក់​។
​នៅ​ឆ្នាំ​១៩៧៨ សាកសព​មនុស្ស​ជាច្រើន​នាក់​បាន​អណ្តែត​លើផ្ទះ​បន្ទាប់ពី​មាន​ទឹកជំនន់​ឡើង​លិច​វាលស្រែ និង​ទីទួល​ក្នុងភូមិ​របស់ សា​ផាត​។ គាត់​បាន​ប្រាប់ថា គាត់​បាន​រុញ​សា​សព​ទាំងនោះ​ឲ្យ​ចេញពី​របង​ផ្ទះ​គាត់​។ នៅ​ឆ្នាំ​ដដែល សា​ផាត និង​ក្រុមគ្រួសារ ត្រូវបាន​បង្ខំ​ឲ្យ​ជម្លៀស​ទៅ​ខេត្ត​ភាគ​ខាងលិច​ប្រទេស​កម្ពុជា​។ គាត់​បានធ្វើ​ដំណើរ​ទៅដល់​អ្នក​លឿង ក៏​សម្រេចចិត្ត​វិលត្រឡប់​មកវិញ ដោយ​មូល​ហេ​ត​កងទ័ព​វៀតណាម​បាន​ចូលមក​ជួយ និង​ប្រាប់​ឲ្យ​វិលត្រឡប់​មកកាន់​ផ្ទះសម្បែង​។

​នៅក្នុង​ខែកក្កដា ឆ្នាំ​១៩៧៩ សា​ផាត បាន​ចូល​បម្រើការ​ជា​គ្រូបង្រៀន​នៅក្នុង​ភូមិ និង​នៅក្នុង​សាលាបឋមសិក្សា​ព្រៃ​សង្គម​។ នៅ​ឆ្នាំ​១៩៩៣ សា​ផាត បានក្លាយ​ជានា​យក​នៅ​សាលាបឋមសិក្សា​ពញា​កើត រហូត​ដល់ពេល​ចូលនិវត្តន៍​នៅ អាយុ​៦០​ឆ្នាំ​។ សព្វថ្ងៃ សា​ផាត រស់នៅ​ជាមួយ​ប្រពន្ធ​ទី​២​របស់គាត់ ដែល​បាន​រៀបការ​នៅ​ឆ្នាំ​២០០២ ហើយ​ប្រពន្ធ​ទី​១​របស់គាត់​ដែល​បាន​រៀបការ​ក្នុងសម័យ​ខ្មែរក្រហម​ឆ្នាំ​១៩៧៥ បាន​ស្លាប់​ដោយសារ​ជំងឺ​បន្ទាប់ពី​បែក​បាន​ប្រមាណ​២​ឆ្នាំ​។ សា​ផាត មានកូន​ទាំងអស់​៨​នាក់ ស្រី​៤​នាក់ ជាមួយ​ប្រពន្ធ​ទី​១​។ ជា​ចុងក្រោយ សា​ផាត បាន​សំណូមពរ​មក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ឲ្យ​បោះ​ពុ​ម្ភ​សៀវភៅ​គោល ដែល​និយាយ​អំពី​ប្រវត្តិសាស្ដ្រ​ខ្មែរក្រហម​យកទៅ​បង្រៀន​កូន​ក្មេងជំនាន់ក្រោយ​ចាប់ពី​ថ្នាក់​បឋម​រហូតដល់​វិទ្យាល័យ​។​

(រូបខាងលើ) ពុធ សារ៉ាន អាយុ៦២ឆ្នាំ រស់នៅភូមិពញាកើត ឃុំជាងដែក – សម្ភាសដោយ សូ ហាន់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

ពុធ សារ៉ាន​៖
​ ​ពុធ សារ៉ាន អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ពញា​កើត ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ សារ៉ាន បាន​រៀបរាប់ថា កាលពី​កុមារភាព​គាត់​បាន​ចូលរៀន​នៅ​ឆ្នាំ​១៩៧០ ក្នុង​សាលាបឋមសិក្សា​ថ្នា​ខាន់​។ បន្ទាប់​ពីថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច នរោត្តម សីហនុ ដោយ​សេនាប្រមុខ លន់ នល់ មក សារ៉ាន បាន​ផ្អាក​ការសិក្សា ដោយសារតែ​សង្គ្រាម​កើតមាន​ជា​ហូរហែ​នៅក្នុង​ស្រុកកំណើត​របស់​គាត់​។ អ្នកភូមិ​ម្នាក់ៗ បាន​រត់គេច​ពី​គ្រាប់ផ្លោង និង​ពុំ​សូវ​បាន​ប្រកប​របរ​ធ្វើស្រែ និង​រកស៊ី​ឡើយ​។

​នៅ​ឆ្នាំ​១៩៧១ សារ៉ាន បានឃើញ​មាន​វត្តមាន​ធី​វ​គី ចូលមកក្នុង​ភូមិ​ស្រុក និង​បាន​ធ្វើបាប​កូនក្រមុំ​អ្នកស្រុក លួច​យក​ទ្រព្យសម្បត្តិ និង​ចាប់​សត្វពាហនៈ​ធ្វើ​ម្ហូប​ជាដើម​។ នៅ​ថ្ងៃ​១៧ មេសា ១៩៧៥ សារ៉ន បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ការរៀបចំ​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ​យ៉ាង​គគ្រឹកគគ្រេង ហើយ សារ៉ាន ក៏ត្រូវ​អង្គ​ការហៅ​ឲ្យ​ឡើង​មាន​ចំណាប់អារម្មណ៍​ក្នុង​កម្មវិធី​នោះដែរ​។

​ចាប់​តាំង​ថ្ងៃជ័យ​ជម្នះ​មក សារ៉ាន ត្រូវបានចាត់តាំង​ឲ្យ​ធ្វើ​គ្រូបង្រៀន​ក្មេងៗ និង​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​រៀនសូត្រ​បន្ថែម​ពី​របៀប​បង្រៀន​សិស្ស នៅក្នុង​វត្ត​បេង​បូរី​។ ការបង្រៀន​លើកដំបូង​របស់ សារ៉ន គឺ​ស្ថិតនៅក្នុង​ឃុំ​ព្រៃ​ពោន ហើយ​បន្ទាប់មកទៀត នៅ​ភូមិ​ត្រពាំង​ក្រសាំង​។ នៅ​ឆ្នាំ​១៩៧៧ សារ៉ាន ត្រូវ​អង្គការ​បង្គាប់​ឲ្យ​រៀបការ​។
​សារ៉ាន បាន​ប្រាប់ថា ពិធី​រៀបការ​របស់គាត់ គឺមាន​ចាក់​ភ្លេង មាន​ឧ​គ្ឃោ​សន​សព្ទ និង​មានការ​ចូលរួម​ពី​ឪពុកម្ដាយ បងប្អូន និង​អ្នកភូមិ​។ ក្រោយ​រៀបការ​រួច សារ៉ាន និង​ប្តី មិនបាន​រស់នៅ​ជុំគ្នា​ទេ ប្ដី​របស់គាត់​ត្រូវបាន​អង្គការ​ឲ្យ​ទៅធ្វើ​ការ​នៅ​អង្គភាព​ដើម​វិញ ហើយ​ក្នុង​១​ខែ សារ៉ាន និង​ប្ដី​ត្រូវបាន​អង្គការ​អនុញ្ញាត​ឲ្យ​មកជួប​គ្នា​ម្ដង​ដែលមាន​រយៈពេល​យ៉ាងច្រើន​២​ថ្ងៃ​ប៉ុណ្ណោះ​។ សារ៉ាន បាន​បន្តទៀតថា ក្រៅពី​ការងារ​ធ្វើជា​គ្រូបង្រៀន គាត់​ត្រូវបាន​អង្គការ​ប្រើ​ឲ្យ​ធ្វើ​ជី​លេខ​១ និង​លើក​ប្រព័ន្ធ​ភ្លឺស្រែ នៅ​គោក​ស្រុក​ដែរ​។ សារ៉ាន បាន​អះអាងថា គាត់​និង​អ្នក​ឯទៀត ត្រូវ​អង្គ​ការប្រើ​ឲ្យ​ជីករណ្ដៅ​ជាច្រើន​នៅក្នុង​ភូមិ​ដួង នៅ​ទួល​តា​អន និង​ទួល​ម្រេញ ដែល​រណ្តៅ​ទាំងនោះ​ត្រូវបាន​ជីក​សម្រាប់​កប់​សាកសព​ដែល​ត្រូវបាន​សម្លាប់​។ សារ៉ាន ត្រូវបាន​ជម្លៀស​ទៅដល់​ទន្លេតូច ក៏ត្រូវ​វិលត្រឡប់​មកកាន់​ភូមិកំណើត​វិញ ដោយសារតែ​ប្រទេស​ទាំងមូល​ត្រូវបាន​រំដោះ​ដោយ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កងកម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​

(រូបខាងលើ) ប្រាក់ មឿន អាយុ៦៨ឆ្នាំ រស់នៅភូមិក្រូច ឃុំជាងដែក – សម្ភាសដោយ ថុន ស្រីពេជ្រ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១

ប្រាក់ មឿ​ន​៖
​ ​ប្រាក់ មឿ​ន អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​ក្រូច ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ប្រាក់ មឿ​ន បាន​និយាយ​រៀបរាប់​រឿងរ៉ាវ​របស់គាត់ ប្រាប់​មកកាន់​ក្រុមការងា​របស់​មជ្ឍមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តព្រៃវែង ដើម្បី​ការចងចាំ​។ នៅ​ឆ្នាំ​២០២១ នេះ មឿ​ន មាន​អាយុ​៦៨​ឆ្នាំ​ហើយ​។ គាត់​មាន​បងប្អូន​៥​នាក់ ស្លាប់​អស់​២​នាក់ ដោយ​ម្នា​ក់បាន​ស្លាប់​ដោយសារ​ការលេង​គ្រាប់​ដែល​យៀកកុង​បាន​ផ្លោង​មក នៅ​ឆ្នាំ​១៩៧១ ហើយ​ផ្ទុះ​។ រីឯ​ម្នាក់ទៀត ទើបតែ​ស្លាប់​នាពេល​ថ្មីៗ​នេះ​ដោយសារ​ជំងឺ​។ កាលពី​នៅ​អាយុ​៧​ឆ្នាំ មឿ​ន បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​ព្រៃ​ដង្គុំ ហើយ​គាត់​បាន​ឈប់រៀន​នៅ​ថ្នាក់​ទី​៧ ក្នុង​ឆ្នាំ​១៩៧០​។ មូលហេតុ​នៃ​ការ​ឈប់រៀន​របស់គាត់ គឺ​ដោយសារតែ​ប្រទេសជាតិ​បាន​ជួប​នូវ​ភាពវឹកវរ មាន​សង្គ្រាម​កើតឡើង​បន្ទាប់ពី លន់ លន់ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម ស៊ី​ហ​នុ មក​។
​ក្រោយពី​បានដឹងថា​សម្តេច​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រត់​ចូល​ព្រៃម៉ាគី ហើយ​ប្រឆាំងនឹង​របប លន់ នល់ ដើម្បី​យក​អំណាច​មក​ថ្វាយ​ព្រះអង្គ​វិញ ប្រជាជន​ជាច្រើន បាននាំគ្នា​រត់​ចូល​ព្រៃម៉ាគី​ដើម្បី​តស៊ូ ហើយ មឿ​ន ដែល​ស្ថិតនៅក្នុង​វ័យ​ជា​សិស្សសាលា និង​មាន​អាយុ​១៨​ឆ្នាំ ក៏ត្រូវ​បាន​នាយក​សាលា​ព្រៃ​ដង្គុំ ឈ្មោះ ស៊ីម បញ្ជូន​ចូលទៅក្នុង​ព្រៃម៉ាគី​ជាមួយនឹង​សិស្សសាលា​ជាច្រើន​នាក់​ទៀត​ដែរ​។ នៅក្នុង​ព្រៃ​តស៊ូ មឿ​ន បាន​ហាត់​ក្បួន​យុទ្ធសាស្ត្រ ហាត់​ប្រយុទ្ធ​កាន់ដំបង និង​ហាត់​លូន​ក្រាប​។ ហាត់រៀន​បាន​កន្លះ​ខែ គាត់​ក៏បាន​សុំ​ប្រធាន​អង្គភាព​មក​រៀន​ធម៌​បួស​វិញ​។

​នៅ​ឆ្នាំ​១៩៧២ ដោយសារ​នៅក្នុង​ភូមិ​ដែល មឿ​ន រស់នៅ​មាន​សភាព​លំបាក មានការ​ទម្លាក់​គ្រាប់បែក មាន​រថក្រោះ មាន​ទាហាន​ធី​វ​គី ទើប មឿ​ន ពិភាក្សា​ជាមួយនឹង​មិត្ត​របស់គាត់​ពីរ​នាក់​ទៀត​ឈ្មោះ ប្រាក់ សា​ម៉េ​ត និង ញិ​ន សាម៉ន ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ភាសាបាលី នៅឯ​រាជធានី​ភ្នំពេញ​។ មឿ​ន បាន​ទៅ​គង់នៅ​វត្ត​ស្វាយ​ពពែ ហើយ​ទៅ​រៀន​ភាសាបាលី ថ្នាក់​ទី​១​នៅ​វត្ត​ថា​ន់ ថ្នាក់​ទី​២​នៅ​វត្ត​ព​យូ​វង្ស និង​ទី​៣​នៅ​វត្ត​សុរា​ម្រឹត​។

​បី​ឆ្នាំ​ក្រោយមក នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ចូលមក​ដល់ ហើយ​បានប្រកាស​ឲ្យ​ប្រជាជន​ទាំងអស់​ចេញពី​រាជធានី​ភ្នំពេញ​។ មឿ​ន បាន​ចាកចេញ​ជាមួយនឹង​ហ្វូងមនុស្ស​ជាច្រើន​នាក់​ទៀត ដើម្បី​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​។ ហ្វូងមនុស្ស​ជាច្រើន​បាន​ចាកចេញ​ស្របពេល​ជាមួយគ្នា​ធ្វើ​ឲ្យ​ភ្នំពេញ​មាន​សភាព​កកស្ទះ​ណែនណាន់តាន់តាប់​។ ក្រោយពី​ប្រជ្រៀត​គ្នា​ចេញពី​ភ្នំពេញ នៅតាម​ផ្លូវ​មក​ផ្ទះ មឿ​ន បានឃើញ​សាកសព​ទាហាន លន់ នល់ ជាច្រើន​នាក់​ស្លា​ប់គរ ស្អុយ​នៅ​ទន្លេ​អ្នក​លឿង​។ បន្ទាប់មក​ទាហាន​ខ្មែរក្រហម​បង្ខំ​ឲ្យ​គាត់​បន្តដំណើរ​រហូតដល់​វត្ត​ក្រចាប់ និង​បន្ត​ហួស​ទៅដល់​វត្ត​ពេ​ជ្ជី​រតន៍ ក្នុង​រយៈពេល​១០​ថ្ងៃ ហើយ​ស្នាក់នៅ​ទីនោះ​។ នៅ​វត្ត​ពេ​ជ្ជី​រតន៍ ព្រះសង្ឃ​ដែល​គង់នៅ​ទីនោះ ឈ្មោះ ឌា​ច បាន​ប្រើ មឿ​ន និង​ព្រះសង្ឃ​ជាច្រើន​នាក់​ទៀត​ដែល​បាន​ជម្លៀស​មក​អូស​រទេះដឹក​ថ្ម​ទប់​ស្ពាន និង​ធ្វើ​ស្ពាន រយៈពេល​២​ខែ​រហូត​ហើយ​រួចរាល់​។

​បន្ទាប់ពី​ធ្វើការ​ងារ​រួចរាល់ មឿ​ន ត្រូវបាន​ប​ញ្ជួ​ន​ទៅកាន់​វត្ត​ព្រៃ​ម្លុ​ង និង​ត្រូវបាន​ផ្សឹក​នៅ​ទីនោះ​នៅ​ខែមិថុនា ឆ្នាំ​១៩៧៥​។ បន្ទាប់ពី​សឹក​រួច គាត់​បាន​វិល​ត្រឡប់មកផ្ទះ​វិញ ហើយ​ប្រធានភូមិ​ឈ្មោះ វ័រ បានមក​សួរនាំ​គាត់​អំពី​ប្រវត្តិ​របស់ ដូចជា ធ្លាប់ធ្វើ​ការងារ​អ្វីខ្លះ​? ពាក់​ស័ក្តិ​ប៉ុន្មាន​? បើ​ពាក់​ស័ក្តិ​១ ខ្មែរក្រហម​ឲ្យ​ឡើង​ស័ក្តិ​១​វិញ បើ​ពាក់​ផ្កាយ​៥ ខ្មែរក្រហម​ឲ្យ​ពាក់​ផ្កាយ​៥​វិញ​។ ប៉ុន្តែ​មិនមែនជា​ការពិត​ឡើយ គោលបំណង​ខ្មែរក្រហម អ្នក​ដែល​ធ្វើ​ការងារ​នៅក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​នឹងត្រូវ​យកទៅ​សម្លាប់ចោល​ទាំងអស់ ដូចជា គ្រូ​របស់ មឿ​ន ឈ្មោះ ស៊ីម​, សោម សុ​វ​ត្តិ​, និង​គ្រូ​៤​ទៅ​៥​អង្គ​ទៀត ត្រូវបាន​យកទៅ​ទួល​ម្រេញ ទួល​តា​អន និង​ទួល​ជ័យ ដែលមាន​កម្មាភិបាល​ខ្មែរក្រហម​ឈ្មោះ និ​ន និង ពុត គឺជា​អ្នក​វាយ​សម្លាប់ និង​ធ្វើ​ទារុណកម្ម​។ ប៉ុន្តែ​សំណាងល្អ មឿ​ន បាន​និយាយប្រាប់​ប្រធានភូមិ​ថា គាត់​មិនបាន​ធ្វើការ​ងារ​អ្វី​ទាំងអស់​។

​នៅ​ខែមករា ឆ្នាំ​១៩៧៦ មឿ​ន ត្រូវបានចាត់តាំង​ឲ្យ​ទៅ​ធ្វើការ​នៅក្នុង​ក្រុម​គ​៣ ដែលមាន​ប្រធាន​ឈ្មោះ លន​។ មឿ​ន មាន​ភារកិច្ច​លើក​ប្រព័ន្ធ​ភ្លឺស្រែ និង​ជីក​ប្រឡាយទឹក​ពី​ត្របែក​ទៅ​ក្បាលថ្នល់​ជម្រៅ​២​ម៉ែត្រ​។ នៅ​រដូវវស្សា មឿ​ន ត្រូវបានចាត់តាំង​ឲ្យ​ទៅ​ភ្ជួរស្រែ ហើយ​ដល់​ខែ​ប្រមូល​ផល​ស្រូវ គាត់​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​ដឹក​កណ្តាប់​ស្រូវ​ពី​ស្រែ​យកទៅ​ទីលាន​ស្រូវ​ដើម្បី​ឲ្យ​អ្នក​នៅ​ទីនោះ​បោក​បែន​។ មឿ​ន បានធ្វើការ​បែបនេះ រហូតដល់​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩​។ រីឯ​អាហារ​ហូបចុក​វិញ គឺ​គាត់​ហូប​តែ​បបរ​តាំងពី​ឆ្នាំ​១៩៧៦ មក​។

​នៅ​ខែមីនា ឆ្នាំ​១៩៧៨ មឿ​ន បាន​រៀបការ​ជាមួយនឹង​ភរិយា​របស់គាត់​ឈ្មោះ កែវ សយ​។ ក្នុងពេល​រៀបការ ខ្មែរក្រហម​បានរៀបចំ​ធ្វើ​ពិធី​រៀបការ​ឲ្យ​អ្នកផ្សេងៗ​ទៀត​សរុប​ទាំងអស់​មាន​១៨​គូ ក្នុងពេល​តែមួយ​ជាមួយ មឿ​ន​។ ខ្មែរក្រហម​តម្រូវ​ឲ្យ​យុវជន​និង​យុវនារី អង្គុយ​ទល់មុខ​គ្នា​រួច​ប្រកាស​ជា​គូស្រករ ហើយ​គូស្រករ​នីមួយៗ​ត្រូវ​ឡើង​ចាប់អារម្មណ៍ និង​ប្តេជ្ញា​ថា​ស្រឡាញ់គ្នា​អស់​មួយជីវិត​។ បន្ទាប់ពី​រៀបការ​បាន​៧​ខែ​នៅក្នុង​ឆ្នាំ​១៩៧៨​ដដែល មឿ​ន និង​ប្រពន្ធ ត្រូវបាន​កត់​ឈ្មោះ​ទៅ​រស់នៅ​ខេត្តពោធិ៍សាត់ ប៉ុន្តែ​ដោយសារ​ប្រពន្ធ​របស់ មឿ​ន ចេះ​ត្បាញ​ក្រមា ទើប​ប្រធានភូមិ​ទុក មឿ​ន និង​ភរិយា​នៅ​ភូមិ​សិន​។ គាត់​ទាំងពីរ​ត្រូវបាន​ផ្លាស់ប្តូរ​ទីកន្លែង​ពី​ខាងត្បូង​ភូមិ​ក្រូច ឲ្យ​ទៅ​រស់នៅ​ក្នុងផ្ទះ​អ្នក​ដែល​បាន​ជម្លៀស​ទៅ​ពោធិ៍សាត់​។

​ក្រោយមក មឿ​ន និង​ភរិយា ត្រូវ​ខ្មែរក្រហម​ផ្លាស់​ឲ្យ​ឆ្ពោះទៅកាន់​ក្រចាប់​។ នៅ​ទីនោះ គាត់​ឃើញ​មនុស្ស​ជាច្រើន​នាក់​ដែល​ខ្មែរក្រហម​ជម្លៀស​មកពី​ស្រុក​ផ្សេងៗ កំពុងតែ​ឆ្លង​ទូក​ហើយ​កម្លាំង​រណសិរ្ស​រំដោះជាតិ​កម្ពុជា​បាន​វាយ​ចូលមក​កាន់តែ​កៀក​។ ក្នុង​រយៈពេល​មួយ​យប់ ប្រជាជន​បាន​ឆ្លង​ទូក​ទៅដល់​ប្រា​ស្នា ដែលជា​កន្លែង​ដែល​ខ្មែរក្រហម​វាយ​សម្លាប់​មនុស្ស​។ កងទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​មកដល់​កំពង់​សឹង និង អ្នក​លឿង បាន​បាញ់កាំភ្លើង​ឡើងលើ​ធ្វើជា​សញ្ញា​ឲ្យ​ប្រជាជន​ត្រឡប់មកផ្ទះ​វិញ​។ ប្រជាជន រួមជាមួយ មឿ​ន សប្បាយចិត្ត​ណាស់ រួច​បរ​រ​ទះ​ដឹក​ប្រពន្ធ​វិល​មក​ផ្ទះ​វិញ​។ មឿ​ន ទៅ​ប្រមូលស្រូវ អង្ករ អំបិល ប្រហុក ស្ករ ចែកគ្នា​។

​ពីរ​ខែ​ក្រោយមក នៅក្នុង​ភូមិ​របស់ មឿ​ន បានរៀបចំ​ធ្វើ​ពិធី​កាត់ទោស​កម្មាភិបាល​ខ្មែរក្រហម​ដែល​បាន​ប្រព្រឹត្ត​អំពើអាក្រក់​មកលើ​ប្រជាជន ដោយ​ឲ្យ​កម្មាភិបាល​ខ្មែរក្រហម​ទាំងនោះ​ឈរ​នៅ​ចំពោះមុខ​ប្រជាជន និង​ឲ្យ​និយាយ​ពាក្យ​សុំទោស​ទៅកាន់​ប្រជាជន ព្រមទាំង​និយាយ​ពី​ទោសកំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ពីមុនមក និង​សុំ​ឲ្យ​ប្រជាជន​លើកលែងទោស​។ ប្រជាជន​ខ្លះ​បាន​ជេរ ប្រជាជន​ខ្លះ​មិន​ចង់​ស្តាប់​នូវ​ពាក្យ​សុំទោស​របស់​កម្ម​ភិ​បាល​ខ្មែរក្រហម​នោះទេ និង​ចង់​ចូលទៅ​វាយ​កម្មាភិបាល​ខ្មែរក្រហម​នោះ​ដើម្បី​សង​សឹង​។ ប៉ុន្តែ​ត្រូវបាន​ហាមឃាត់​ដោយ​មេភូមិ មេឃុំ ដែល​ទើបតែ​តែងតាំង​ថ្មីៗ​។ រីឯ មឿ​ន ក៏មាន​វត្ត​មាននៅ​កន្លែង​កាត់ទោស​ដែរ​។ ដំបូង​គាត់​ខឹង​កម្មាភិបាល​ខ្មែរក្រហម​នោះដែរ ប៉ុន្តែ​ចុងក្រោយ​គាត់​បែរជា​អាណិត និង​មិន​ចង់​ធ្វើ​អ្នក​ទាំងនោះ​វិញ​។ បន្ទាប់ពី​កាត់ទោស​ហើយ ប្រជាជន​នាំគ្នា​វិល​ត្រឡប់មកផ្ទះ​រៀងខ្លួន​វិញ ប៉ុន្តែ​ប្រជាជន​ខ្លះ​មាន​ការមិន​សុខចិត្ត​ទេ ក៏​កាន់​កាំបិត​ទៅ​គំរាម​អតីត​កម្មាភិបាល​ឲ្យ​លត់​ជង្គង់​សូម​អភ័យទោស​។ កម្មាភិបាល​ខ្មែរក្រហម​ខ្លះ​នៅក្នុង​ភូមិ​ដដែល ខ្លះ​ក៏​រត់​ចេញពី​ភូមិ ព្រោះ​ខ្លាច​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ធ្វើបាប​និង​សម្លាប់​ដើម្បី​សងសឹក​។ ក្រោយមក ប្រជាជនមាន​សិទ្ធ​សេរីភាព​ឡើងវិញ ដោយ​អ្នកខ្លះ​ប្រកប​របរ​រកស៊ី អ្នកខ្លះ​ធ្វើស្រែ ចំណែក មឿ​ន ត្រូវបាន​រដ្ឋអំណាច​លើក​ឲ្យ​ធ្វើជា​ប្រធានភូមិ​តាំងពី​ឆ្នាំ​១៩៧៩ មក​រហូតដល់​ឆ្នាំ​១៩៩៥ ទើប​គាត់​លាឈប់​ពី​ការងារ​ប្រធានភូមិ​ហើយ​មក​ធ្វើជា​អាចារ្យវត្ត​រហូតមកដល់​បច្ចុប្បន្ន​។​

(រូបខាងលើ) សេក ឈន អាយុ៦៦ រស់នៅភូមិអង្គ ឃុំជាងដែក – សម្ភាសដោយ សូ ហាន់ នៅថ្ងៃទី២៣ វិច្ឆិកា ២០២១

សេក ឈន​៖
​ ​សេក ឈន អាយុ​៦៦ រស់នៅ​ភូមិ​អង្គ ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ នៅ​វ័យ​កុមារភាព ឈន ចូល​សិក្សា​នៅ​សាលាបឋមសិក្សា ព្រៃ​ម្លុ​ង​។ គាត់​បាន​រៀនសូត្រ​ដល់​ត្រឹម​ថ្នាក់​ទី​៨​ចាស់​ប៉ុណ្ណោះ​នៅក្នុង​ស្រុកកំណើត ហើយ​បាន​បន្ត​ការសិក្សា​ន​នៅ​សាលាបឋមសិក្សា​បឹង​កេងកង ក្នុង​ក្រុងភ្នំពេញ​ទៀត នៅ​ឆ្នាំ​១៩៧២​។ គាត់​បាន​រៀន​ដល់​ថ្នាក់​ទី​៥​ចាស់​។ ក្រៅពី​ការសិក្សា ឈន បាន​ប្រកបរ​បរធាក់​ស៊ីក្លូ​ដើម្បី​រក​ចំណូល​ចិញ្ចឹម​ខ្លួន​ជីវិត​ក្នុងពេល​រៀនសូត្រ​។ ឈន បាន​ប្រាប់ថា នៅ​ទីក្រុង​ភ្នំពេញ​ក៏មាន​ការទម្លាក់​គ្រាប់​ដែរ​។ ក្រោយ​ថ្ងៃ​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ឈន ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​ក្រុងភ្នំពេញ ត្រឡប់​ទៅ​ស្រុកកំណើត​ឯ​ភូមិ​អង្គ​វិញ​។ មកដល់​វត្ត​ក្រចាប់ ឈន ត្រូវ​អង្គ​ការចាប់ និង​ឃុំខ្លួន​អស់​រយៈពេល​៩​ខែ ដោយសារតែ​ក្រុមគ្រួសារ​របស់គាត់​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រដ្ឋការ លន់ នល់​។ កម្មាភិបាល​ខ្មែរក្រហម​នៅក្នុង​មន្ទីរ​សន្តិសុខ​បាន​ប្រើ ឈន ឲ្យ​សែង​គ្រាប់ ជីក​សន្តរ​នៅ​ព្រៃ​ក្ដួច ជីករណ្ដៅ​ដាំ​ដើម​ចេក លើក​ទំនប់​រាំង​កូន​សត្វ​សម្រាប់​ស្តុក​ទឹក​ធ្វើស្រែ ស្រោច​ដំណាំ និង​ច្រូតស្រូវ​។
​នៅ​ខែធ្នូ ឆ្នាំ​១៩៧៧ ឈន និង​បុរសៗ​ជាច្រើន​ទៀត ត្រូវបាន​អង្គការ​រៀបការ​ឲ្យ ដែល​កម្មវិធី​នៃ​ការរៀប​ការ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ប៉ែក​ខាងក្រោយ​វត្ត​ព្រៃ​ម្លុ​ង​។ ក្រោយ​រៀបការ ឈន ត្រូវបាន​អនុញ្ញាត​ឲ្យ​រស់នៅ​ជាមួយ​ប្រពន្ធ​ត្រឹមតែ​៣​ថ្ងៃ និង​តម្រូវ​ឲ្យ​ត្រឡប់​ទៅកាន់​ការដ្ឋាន​ការងារ​វិញ ដែល​លើក​នេះ​គាត់​ត្រូវ​កម្មាភិបាល​ខ្មែរក្រហម​ប្រើ​ឲ្យ​សែង​យោធា​របួស​នៅឯ​សមរភូមិ​មុខ ដែលមាន​ទីតាំង​ជាប់​នឹង​ព្រំប្រទល់​វៀតណាម​។
​នៅ​ចុងឆ្នាំ​១៩៧៨ ឈន ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​ស្រុកកំណើត ទៅ​នៅ​ត្រពាំង​ប្រ​បូស​ស្ថិត​ក្នុងស្រុក​ព្រះស្ដេច ជាទី​កន្លែង​ដែល​គាត់​បានឃើញ​វត្តមាន​របស់​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​វៀតណាម​នៅ​ទីនោះ និង​បានទទួល​ការណែនាំ​ឲ្យ​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​។ ឈន និង​ប្រជាជន​ដទៃទៀត​បានធ្វើ​ដំណើ​រវិ​ល​ត្រឡប់​មកកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ​។ ក្នុងពេល​ជួប​ជាមួយ​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង ឈន បាន​រំឭកថា គាត់​មាន​ជំងឺ​ប្រចាំកាយ (​ជំងឺ​សន្លាក់​) រហូតដល់​សព្វថ្ងៃនេះ គឺ​បណ្តាលមកពី​ធ្វើការ​ហួសកម្លាំង​ក្នុង​របប​ខ្មែរក្រហម​។​

រូបថត៖វឹក ហោ អាយុ៧២ឆ្នាំ រស់នៅភូមិពញាកើត ឃុំជាងដែក – សម្ភាសដោយ ថុន ស្រីពេជ្រ ថ្ងៃទី២៤ វិច្ឆិកា ២០២១។

វឹក ហោ​៖
​ ​វឹក ហោ អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ពញា​កើត ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ នៅពេល​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទៅដល់​ផ្ទះ​របស់ ហោ​, ហោ បាន​ចេញមក​ទទួល​ស្វាគមន៍​ក្រុមការងារ​ដោយ​ទឹកមុខ​ញញឹមញញែម និង​រួសរាយ​រាក់ទាក់​។ ក្រុមគ្រួសារ​របស់ ហោ និង ហោ បាន​អញ្ជើញ​ក្រុមការងារ​ឲ្យ​ចូលទៅ​អង្គុយ​នៅក្នុង​ខ្ទម​ប្រក់​ស្លឹកត្នោត​មួយ ដែល​ស្ថិតនៅ​ខាងមុខផ្ទះ​របស់​គាត់​។ នៅខាងមុខ​ខ្ទម​របស់ ហោ មាន​វាលស្រែ និង​ស្រូវ​ទុំៗ​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​លាយ​ជាមួយ​នឹង​ខ្យល់​បក់​ល្វើយៗ​ចូលមក​ក្រោម​ខ្ទម​ដំបូល​ប្រក់​ស្លឹកត្នោត​ផង​នោះ ធ្វើ​ឲ្យ​យើងទាំងអស់គ្នា​មាន​អារម្មណ៍​ស្រស់ស្រាយ និង​រីករាយ​ក្នុងការ​ស្តាប់​រឿងរ៉ាវ​ក៏ដូចជា​បទ​ព​សោធន៍​របស់គាត់​ដែល​បាន​ជួបប្រទះ​និង​ឆ្លងកាត់​របប​ខ្មែរក្រហម​។ ហោ និយាយ​រៀបរាប់ថា បច្ចុប្បន្ន​ត្រចៀក​របស់គាត់​ស្តាប់​មិនសូវ​ឮ​ទេ​ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ​។

​ហោ បន្តថា​នៅក្នុង​របប​ខ្មែរក្រហម​ជា​រៀងរាល់ថ្ងៃ គាត់រ​ស់ទាំង​មាន​ភាពភ័យខ្លាច​ព្រោះ​គាត់​ជា​ប្រជាជន​ត្រៀម មិនដឹងថា​ថ្ងៃ​ណា​ខ្មែរក្រហម​យក​គា​ត់ទៅ​សម្លាប់​ទេ​។ គាត់​ស្ទើរតែ​បាត់បង់​ស្មារតី​នៅពេលដែល​គាត់​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ទិដ្ឋភាព​ខ្មែរក្រហម​បណ្តើរ​មនុស្ស​ជាច្រើន​នាក់​យកទៅ​សម្លាប់​នៅ​ទួល​តា​អន​។ គាត់​មិន​ហ៊ាន​ត្អូញត្អែរ​ជាមួយ​ការងារ​ដែល​ខ្មែរក្រហម​ដាក់​ឲ្យ​ធ្វើ​ឡើយ​។ គាត់​ខំប្រឹង​ធ្វើការ ដើម្បី​ឲ្យ​តែ​បាន​រស់​ជីវិត​។ ហោ គឺជា​កូន​កសិករ​ក្រីក្រ​ម្នាក់​ដែល​មិនបាន​ទទួល​ឱកាស​សិក្សា​ទេ​។ នៅ​ឆ្នាំ​១៩៧០ ដោយសារតែ​នៅ​បរិវេណ​ផ្ទះ​របស់ ហោ មានព្រៃ​ស្តុក​ច្រើន ទើប​ទាហាន​ធី​វ​គី​ចូលមក​អុកឡុក ហើយ​ម្យ៉ាងទៀត​មិនអាច​ទ្រាំទ្រ​នូវ​ការទម្លាក់​គ្រាប់បែក​នៅក្នុង​ភូមិ​បាន ហោ និង​គ្រួ​សារបាន​សម្រេចចិត្ត​ចាក​ចេញពីផ្ទះ​ទៅ​រស់នៅ​ក្នុងភូមិ ពញា​កើត ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​វិញ​។ មិន​ដូច​ការគិត​ឡើយ ការ​មក​រស់នៅ​ក្នុងភូមិ​ពញា​កើត​មិនសូវ​ខុសប្លែក​ពី​ភូមិ​ប្រ​ច្រត់​ទេ ការទម្លាក់​គ្រាប់បែក និង វត្តមាន​ទាហាន​ធី​វ​គី​នៅតែមាន​ស្ទើរតែ​ពេញ​ក្នុងភូមិ​ពញា​កើត​។
​គ្រាប់បែក​ដែល​ត្រូវបាន​ទម្លាក់​ដោយ​អាមេរិក​ធ្វើ​ឲ្យ ហោ និង​គ្រួសារ​រត់​ភៀសខ្លួន​ទៅរក​តំបន់​សុវត្ថិភាព​ជាច្រើន​កន្លែង​ទៀត​។ មាន់ ទា ជ្រូក គោ ក្របី ដែល ហោ ខំ​ចិញ្ចឹម​ត្រូវ​ទាហាន​ធី​វ​គី​ចាប់​យកទៅ​អស់ ។ ហោ ត្រឡប់មក​នៅផ្ទះ​វិញ នៅ​ឆ្នាំ​១៩៧៤ នៅពេល​កងទ័ព​ធី​វ​គី និង​យៀកកុង បាន​ចាក​ចេញពី​ទឹកដី​កម្ពុជា​អស់​។
​នៅ​ឆ្នាំ​១៩៧៥ បន្ទាប់ពី​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​ទាំងស្រុង នៅក្នុង​ភូមិ​របស់ ហោ បានចាប់ផ្តើម រៀបចំ​រចនាសម្ព័ន្ធ​ការងារ​សម្រាប់​ប្រជាជន​ធ្វើ​។ ការងារ​ដំបូង​សម្រាប់​គាត់ គឺ​ភ្ជួរស្រែ​១​ហិកតា​ក្នុង​មួយថ្ងៃ ប៉ុន្តែ​នៅពេល​គាត់​ធ្វើ​ការងារ​លឿន​ជាង​ការកំណត់​នោះ​គាត់​នឹង​ត្រូវបានចាត់តាំង​ឲ្យ​ទៅ​ជួយ​ដក​ស្ទួ​ង លើកដី លើកភ្លឺស្រែ និង​ឃ្វាល​គោក្របី​នៅ​រដូវវស្សា​។ រីឯ​រដូវ​ប្រាំ ប្រធាន​សហ​រណ៍​របស់ ហោ ឈ្មោះ ស្រី ឈុំ បាន​ចាត់តាំង​គាត់​ឲ្យ​ទៅ​ស្តារ​ត្រពាំង​នៅ​ជិតៗ​ភូមិ​។ នៅ​ឆ្នាំ​១៩៧៦ ហោ បាន​ទៅ​ដាំពោត​នៅ​ពាម​ជរ ។ នៅ​ទីនោះ ហោ បានទទួល​ការពិន័យ​ម្តង គឺ​ឈរជើង​មួយ​ជាមួយនឹង​មនុស្ស​១១​នាក់​ទៀត តាំងពី​ល្ងាច រហូតដល់​ម៉ោង​១២​យប់ ដោយសារ​គាត់​ចាប់​កង្កែប​អាំង​ហូប​ជាមួយនឹង​មនុស្ស​១១​នាក់​នោះ​។ នៅ​ឆ្នាំ​១៩៧៧ នៅពេលដែល​ប្រមូល​ផល​ពោត​រួចរាល់ ហោ បាន​ត្រឡប់មក​ធ្វើស្រែ​នៅក្នុង​ភូមិ​វិញ​។

​នៅ​ចុងឆ្នាំ​១៩៧៨ ហោ បាន​រៀបការ​ប្រពន្ធ​ឈ្មោះ ព្រំ ខិ​ន ដែលជា​គ្រូបង្រៀន​កុមារ​តាម​ការចាត់ចែង​របស់​ខ្មែរក្រហម​។ នៅ​ដើមឆ្នាំ​១៩៧៩ ពេល​សភាពការណ៍​កងទ័ព​វៀតណាម​វាយ​ចូលមក​ប្រធាន​សហករណ៍​បាន​កៀរ​ប្រជាជន​រួមជាមួយ​នឹង​គ្រួសារ​របស់ ហោ ឲ្យ​ទៅ​ស្រុក​ព្រះស្តេច​ដោយ​ប្រាប់​ហេតុផល​ថា ឥឡូវ​ខ្មាំង​បាន​ចូល​មកហើយ ដូច្នេះ​យើង​ត្រូវតែ​ដកថយ​ជា​ប្រញាប់ ទុក​ឲ្យ​កងទ័ព​នៅ​តតាំង​គ្នា​ទៅ​។ ពេលទៅដល់​ស្រុក​ព្រះស្តេច ប្រជាជន​បាន​ស្រែកថា​អាពត​បែក​ហើយ​។ ឮសូរ​ដូច្នេះ ហោ មានការ​ត្រេកអ​រណាស់ ហើយ​ប្រញាប់ប្រញាល់​ត្រឡប់មក​ស្រុកកំណើត​វិញ​។ ហោ ទៅ​ប្រមូលស្រូវ​អង្ករ​ចានឆ្នាំង​យកទៅ​ផ្ទះ​វិញ ។ ចាប់តាំងពី​ពេលនោះ​មក ប្រជាជនមាន​សិទ្ធិសេរីភាព​ឡើងវិញ ហើយ​ប្រក​បរបរ​រៀងៗ​ខ្លួន ចំណែក ហោ បាន​ធ្វើស្រែ​រហូតមកដល់​បច្ចុប្បន្ន​។​

(រូបខាងលើ) វឹក រីម ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិពញាកើត ឃុំជាងដែក – សម្ភាសដោយ ភា រស្មី នៅថ្ងៃ២៦ វិច្ឆិកា ២០២១

វឹក រី​ម​៖
​វឹក រី​ម ភេទ​ប្រុស អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ពញា​កើត ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ នៅ​អាយុ​៩​ឆ្នាំ រី​ម បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​ពេ​ជ្ជី​រតន៍​។ គាត់​បាន​រៀន​ពី​ថ្នាក់​ទី​១២ ដល់​ថ្នាក់​ទី​៩ ទើប​ឈប់​ដោយសារ​តែមាន​សង្គ្រាម​កើតឡើង​ច្រើនលើកច្រើនសារ​នៅក្នុង​ភូមិ​ពេ​ជ្ជី​រតន៍ និង​មានការ​ទម្លាក់​គ្រាប់បែក​ជាច្រើន​។ នៅ​ឆ្នាំ​១៩៧១ រី​ម បាន​រៀបការ​ជាមួយ​នារី​ម្នាក់​ឈ្មោះ ប្រាក់ អ៊ី រស់នៅក្នុង​ភូមិ​ពញា​កើត​។ ប្រជាជន​នៅក្នុង​ភូមិ ក៏ដូចជា​គ្រួសារ រី​ម បាន​រត់​ចេញពីផ្ទះ​រាល់ពេល​ដែល​ឃើញ​មាន​វត្តមាន​កងទ័ព ធី​វ​គី ចូលមក​ម្ដងៗ​។ ចាប់តាំងពី​ឆ្នាំ​១៩៧៥ រហូតដល់​ឆ្នាំ​១៩៧៨ រី​ម ត្រូវ​អង្គការ​ចាត់តាំង​ឲ្យ​ភ្ជូ​រ​ស្រែ​, ឃ្វាលក្របី​, ដកសំណាប សែង​កងទ័ព​របួស ឬ​ស្លាប់​នៅក្នុង​សមរភូមិ​មុខ និង​ធ្វើ​ចម្ការ​។ នៅ​ចុងឆ្នាំ​១៩៧៨ រឹម និង​អ្នក​ឯទៀត ត្រូវ​អង្គការ​រៀបចំ​ជម្លៀស​ទៅ​ភាគ​ខាងលិច​ប្រទេស​កម្ពុជា ប៉ុន្តែ​បាន​បញ្ឈប់​ដំណើរ​នៅពេល​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បាន​ចូល​មកដល់​ពេលដែល​គាត់​និង​ប្រជាជន​ផ្សេងទៀត​ធ្វើដំណើរ​ដល់​អ្នក​លឿង​។ នៅ​ឆ្នាំ​១៩៩២ រី​ម ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​មេភូមិ​រយៈ​១០​ឆ្នាំ ទើប​គាត់​ឈប់​។ សព្វថ្ងៃ រី​ម មានកូន​១០​នាក់ ស្រី​៦​នាក់ ហើយ​គាត់​រស់នៅ​ជាមួយ​កូនស្រី​ពៅ​របស់គាត់​៕សរន

ទេសភាព៖ ប្រជាជនភាគច្រើនលើសលុបដែលរស់នៅក្នុងឃុំជាងដែក ប្រកបរបរធ្វើស្រែ។ នៅចុងរដូវវស្សាឆ្នាំ២០២១នេះ វាលស្រែជាច្រើនហិកតាត្រូវជនលិចដោយទឹកភ្លៀង។ ប្រជាកសិករ មានភាពលំបាកក្នុងការប្រមូលផលស្រូវ ហើយពួកគាត់ហាក់ដូចជារវល់ច្រើនជាងពេលណាៗទាំងអស់ ក្នុងការស្វះស្វែងរកវិធីបង្ហូរទឹកចេញពីវាលស្រែរបស់ខ្លួន មុនពេលដែលដំណាំស្រូវត្រូវបានច្រូតកាត់។ ផ្លូវលំដែលតភ្ជាប់ពីភូមិមួយទៅមួយ បានក្លាយជាផ្លូវដែលពិបាកធ្វើដំណើរ ដោយសារតែចរាចរណ៍ខ្វាត់ខ្វែងរបស់រថយន្តដឹកស្រូវធន់ធ្ងន់ និងម៉ាស៊ីច្រូតស្រូវស្អេកស្កះបើកបរកាត់ទៅកាន់ទីតាំងដែលជាតម្រុវការរបស់ប្រជាកសិករក្ន្ងងការប្រមូលផលស្រូវ។
​រូបថត ៖ ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​