ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកម្ពស់៣៥ជាន់ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ២៣ ខែធ្នូឆ្នាំ២០២១ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា។

អគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានចាប់ផ្តើមសាងសង់នៅខែកុម្ភៈឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដាឆ្នាំ២០២០ មានកម្ពស់៣៥ជាន់ (ដោយមិនគិតជាន់ ក្រោមដី២ជាន់) កម្ពស់១២០ម៉ែត្រមានបណ្តោយប្រវែង ៥៤ម៉ែត្រទទឹងប្រវែងជាង ២៦ម៉ែត្រ។

អគារនេះត្រូវបានរៀបចំឡើងដោយបានចែកចេញជាផ្នែកជាច្រើនសម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រីនិងការផ្តល់សេវា។អគារនេះមានចំណត៨ជាន់(រួមទាំង ជាន់ក្រោមដី២ជាន់)អាចចតរថយន្តបាន១៤២គ្រឿងនិងទោចក្រយានយន្ត១០២គ្រឿងបញ្ជរព័ត៌មាន(ជាន់ទី១)ច្រកចេញ-ចូលតែមួយ(ជាន់ទី៦)សាលប្រជុំនិងបន្ទប់ ប្រជុំ សាលប្រជុំធំ២សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨នាក់និងសម្រាប់ ១២៨នាក់និងបន្ទប់ប្រជុំតូចមួយចំនួន ការិ យាល័យ ២៣ជាន់ការិយាល័យអគ្គនាយកបន្ទប់ទទួល ភ្ញៀវ ការិយាល័យអគ្គនាយករង ការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យមន្រ្តី អាហារ ដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីម និងសោណា (ជាន់ទី៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។

ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលហើយនោះនៅក្នុងកម្មវិធីថ្ងៃស្អែកនេះក៏ភ្ជាប់ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាជាតិ គយនិងអគារសារមន្ទីរគយផងដែរ។ អគារសាលាជាតិគយចាប់ផ្តើមសាងសង់នៅខែតុលាឆ្នាំ២០១៩ហើយបញ្ចប់នៅខែតុលាឆ្នាំ២០២១។ អគារនេះសាង សង់លើលើផ្ទៃដីទំហំជាង ១០,០២៦ ម៉ែត្រក្រឡាស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។ អគារសាលាជាតិ គយមានកម្ពស់ ១២ជាន់ស្មើនឹង៥០ម៉ែត្របណ្តោយ ប្រវែង៤៩,២០ម៉ែត្រទទឹងប្រវែង៤៨ម៉ែត្រទំហំសរុប២០,២២៥ម៉ែត្រការ៉េ។ដោយឡែកអគារសារមន្ទីរ គយ ត្រូវបានរៀបចំជួសជុលកែលម្អឡើងវិញនៅខែសីហាឆ្នាំ២០២០ ហើយបញ្ចប់នៅខែវិច្ឆិកាឆ្នាំ២០២០។ អគារនេះមានបណ្តោយប្រវែង ៣៨,៧០ម៉ែត្រ ទទឹងប្រវែង ១៨ម៉ែត្រ។

សូមបញ្ជាក់ថាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាស្ថាប័នមួយដ៏សំខាន់ក្នុងការរកប្រភពចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមដោយព្រះរាជក្រមចុះថ្ងៃទី២៩ខែមិថុនាឆ្នាំ១៩៥១។ កិច្ចដំណើរការរបស់អគ្គនាយក ដ្ឋានគយនិងរដ្ឋាករត្រូវបានបញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ក្រោមរបបខ្មែរក្រហម។អង្គភាពនេះចាប់ដំណើរការឡើងវិញនៅថ្ងៃទី១៣ខែកក្កដាឆ្នាំ១៩៧៩ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម។តែត្រូវបានផ្ទេរទៅនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈអនុក្រឹត្យចុះថ្ងៃ ទី១១ ខែ មិនា ឆ្នាំ១៩៨៨។ ទីចាត់ការគយនិងរដ្ឋាករត្រូវបាន តម្លើងជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) តាមរយៈអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨។

យោងតាមរបាយការណ៍របស់អគ្គនាយកគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថាឆ្នាំ ២០១៩ ជាឆ្នាំនៃការប្រមូលចំណូលបានល្អបំផុតដោយសម្រេចបានក្នុងទំហំប្រមាណ ៣,២១៤លានដុល្លារត្រូវជា១៤២.៣ភាគរយនៃផែនការចំណូលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

ប៉ុន្តែចាប់ពីដើមឆ្នាំ២០២០មក ការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរលើសេដ្ឋកិច្ចសក រួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរនិងបានធ្វើឲ្យរង្គោះរង្គើរយ៉ាង ខ្លាំងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពាណិជ្ជកម្មអន្តរជាតិ។ កត្តានេះបានធ្វើឲ្យចំណូលប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងក្នុង ឆ្នាំ២០២០ ចំណូលពន្ធនិងអាករប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបានចំនួនតែ ៩,៧៩៨.៤ប៊ីលានរៀលគឺត្រូវជាប្រមាណ៨៣.៥ភាគរយនៃផែន ការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ នៅឆ្នាំ ២០២១ចំណូលប្រមូលដោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានប្រមាណជា ៩,២៨៣ប៊ីលានរៀល ឬ ត្រូវជា ៩៧ភាគរយនៃផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១៕