ដោយៈសុផល/ភ្នំពេញ:គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍កាលពីថ្ងៃទី២៣ខែធ្នូ បានប្រកាសកែសម្រួលសមាសភាពមន្រ្តីនៅស្ថានីយជញ្ជីងអចល័តរលួស-ខេត្តសៀមរាប ស្ថានីយអង្គស្នួល-ខេត្តកណ្តាល ស្ថានីយកំពង់ទួល-ខេត្តកណ្តាល និងស្ថានីយអូរចំណារ-ខេត្តព្រះសីហនុ ដើម្បីពង្រឹងប្រសិទ្ធភាពការងារលើការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

លោកសេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបញ្ជាក់ថាការកែសម្រួលមន្រ្តីថ្មីដែលបម្រើការងារក្នុងស្ថានីយជញ្ជីងនេះ គឺមានគោលបំណងផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្ត្រីថ្មីៗ និងពង្រឹងការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបន្តការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើបទល្មើសការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាមូលហេតុចំបងបណ្តាលឲ្យផ្លូវឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ចរាចរណ៍។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក៏បានធ្វើការផ្លាស់ប្តូរសមាសភាពមន្រ្តីនៅតាមបណ្តាស្ថានីយមួយចំនួន៕សរន