ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថាលទ្ធផលនៃការ សម្រេចចិត្តរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានាពេលនេះគឺជាការសម្រេចចិត្តមួយប្រកបដោយ សុភវិនិច្ឆ័យ និងក៏ជាការសម្រេចចិត្តដែលបន្តធានាបាននូវភាពជឿជាក់ពីសំណាក់សមាជិក សមាជិការបស់គណបក្ស ក៏ដូចជាការបន្តរក្សាបាននូវនិរន្តភាពជាតិ និងសុខសន្តិភាពសង្គមកម្ពុជាសម្រាប់ថ្ងៃអនាគត។
លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ានី នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២១បានសរសេរថា ខ្ញុំសូមចូលរួមអបអរសាទរចំពោះលទ្ធផល នៃសន្និបាតកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តីទី៥ ដែលបានប្រព្រឹត្តទៅដោយជោគជ័យនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ។
លោកបញ្ជាក់ថា “ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរដោយស្មោះស្ម័គ្របំផុតជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ឆ្លៀតឱកាសនេះផងដែរ ខ្ញុំក៏សូមចូលរួមអបអរសាទរ និងគាំទ្រចំពោះការសម្រេចចិត្តរបស់សម្តេចប្រធានគណបក្ស ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ ដែលបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត”។
លោកបន្តថា លទ្ធផលនៃការសម្រេចចិត្តរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាការសម្រេចចិត្តមួយប្រកបដោយសុភវិនិច្ឆ័យ និងក៏ជាការសម្រេចចិត្តដែលបន្តធានាបាននូវភាពជឿជាក់ពីសំណាក់សមាជិក សមាជិការបស់គណបក្ស ក៏ដូចជាការបន្តរក្សាបាននូវនិរន្តភាពជាតិ និងសុខសន្តិភាពសង្គមកម្ពុជាសម្រាប់ថ្ងៃអនាគត៕សរន