ដោយៈ ភ្នំស្វាយ-ភ្នំស្វាយ / កំពង់ធំៈ រដ្ឋលេខាធិការម្នាក់ នៃក្រសួងបរិស្ថាន បានថ្លែងថាៈ ដើម្បីជួយសហគមន៍យើងបាន គឺយើងត្រូវទាញយកវិស័យឯកជន អោយធ្វើការជាដៃគូជាមួយរដ្ឋ ឬអាជ្ញាធរ តាមមូលដ្ឋាន ព្រោះវិស័យឯកជន មានដើមទុនច្រើន ក្នុងការចូលរួមអភិវឌ្ឍន៍ នៅតាមមូលដ្ឋាន តាមសហគមន៍ របស់យើង។
លោក សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅពេលលោក បានចូលរួមក្នុងពិធីបូកលទ្ធផល ការងារបរិស្ថាន ទូទាំងខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ។
លោក សៅ សុភាព បានមានប្រសាសន៍ថាៈ ដៃគូមកពីវិស័យឯកជន គេមានគ្រប់ យ៉ាង ដូចជា គេមានទុន ទីផ្សារ បច្ចេកវិទ្យា គេមានមធ្យោបាយជាច្រើន ។ ចំណែក សហគមន៍ខ្លះ គេមានរាប់ពាន់ហិកតា ឧទាហណ៍ ដីសហគមន៍ ត្រឹមតែ ៥.០០០ ហិកតា ចុះ ស្រាប់តែយើង គ្មានដៃគូទេ។ ដីទាំងអស់នោះ វារេចរិលហើយ តែដោយ ឡែក យើងចាប់ដៃគូ ជាមួយវិស័យឯកជន ស្រាប់គេមកអភិវឌ្ឍន៍ ដូច្នេះហើយ ធ្វើអោយសហគមន៍យើង មានការរីកចម្រើនទៅមុខ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។
ដូច្នេះហើយ ត្រូវប្រើប្រាស់ដី ក្នុងសហគមន៍នោះ អោយក្លាយទៅជាដីកសិកម្ម ហើយចេះថែរក្សា នូវបរិស្ថាន បានមួយចំនួនធំ ហើយក៏អាចមានការងារជាច្រើន សំរាប់បងប្អូនរស់ ទៅបំរើការងារ នៅក្បែរសហគមន៍ យើងដែរ។
លោក សៅ សុភាព បានបន្ថែមថាៈ នៅថ្ងៃខាងមុខ ក្រសួងបរិស្ថាន មានគម្រោង នឹងរៀបចំទីលាន គ្រប់គ្រងសំរាម ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងបង្កើតឱ្យមានអាង ប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីចម្រោះទឹកកខ្វក់ ឱ្យបានស្អាត មុនពេលបង្ហូរទឹកចូល ក្នុងស្ទឹងសែន។ ក្រៅពីនេះ ក្រសួងបរិស្ថាន ក៏នឹងរៀបចំបំពាក់ អំពូលសូឡា ដើម្បីបំភ្លឹផ្លូវ ក្នុងក្រុងកំពង់ធំ នាពេលខាងមុខ។
លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើសមិទ្ធផល ដែលបានសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែង នាពេលកន្លងមក របស់មន្ទីរបរិស្ថាន ខេត្តកំពង់ធំ ពិសេសទៅលើកិច្ចការពារ ធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ការទប់ស្កាត់នូវ រាល់ការបំពុលបរិស្ថាន ការបំផ្លាញធម្មជាតិ និងការអភិវឌ្ឍ សហគមន៍មូលដ្ឋាន ជាដើម។
ឯលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានលើកឡើង ក្នុងពិធីនេះ ដែរថាៈ ការងារសំខាន់ៗ ដើម្បីឆ្លើយតប ទៅនឹងគោលដៅចំបងៗ រួមមាន កិច្ចការពារ អភិរក្ស និងពង្រឹងការអនុវត្តច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ការធានានូវគុណភាព បរិស្ថានល្អ នៅតាមទីប្រជុំជន ការចូលរួមគ្រប់គ្រង ធនធានធម្មជាតិ ដោយសហគមន៍ មូលដ្នាន ការលើកស្ទួយជីវភាព រស់នៅរបស់សហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយ សម្ពាធទៅលើធនធានធម្មជាតិ និងការអប់រំផ្សព្វផ្សាយបរិស្ថាន ជូនសាធារណជន សំដៅសម្រេចបាននូវ គោលបំណងរួមមួយ របស់មន្ទីរបរិស្ថាន ខេត្តកំពង់ធំ៕/V