ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនសព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ ស្អែកនេះនឹងអញ្ជើញ ទៅទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ២,៣០ លានដូសនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ។

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យដឹងកាលពីពេលថ្មីៗនេះវ៉ាក់សាំង Pfizer ចំនួន ២,៣០ លានដូសដែលជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីផ្តល់ឲ្យកម្ពុជានឹងមក ដល់កម្ពុជានៅព្រលប់ថ្ងៃទី ២៦ ខែធ្នូ និង ២៨ ខែធ្នូ ហើយសម្តេចនឹងអញ្ជើញទៅទទួលដល់ប្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«​កម្ពុជាគឺជា​ប្រទេស​ដែល​រកបាន​វ៉ាក់សាំង​បាន​លឿន​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ ។ តាមរយៈ​ផែនការ​មួយ​ច្បាស់លាស់​ទាំង​ការ​ ទិញជំនួយ​ពី​ប្រទេស​ជា​មិត្តនិង​មជ្ឈមណ្ឌល​កូវ៉ាក់​នោះមកដល់​ពេល​នេះកម្ពុជា​រក​បាន​វ៉ាក់សាំង​សរុប​ជាង ៤០ ​លានដូស​»​។

ភាពជោគជ័យ​របស់​កម្ពុជា​លើ​ការរកបាន​វ៉ាក់សាំងនិង​ការសម្រេច​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ស្ទើរតែ​ ១០០ ​ភាគរយលឿន​ជាង​ផែនការ​គ្រោងទុក​នេះនាំឱ្យ​អង្គការ​សុខភាព​ពិភពលោក អង្គការ​ដៃគូ​អភិវឌ្ឍន៍និង​ប្រទេស​ជាច្រើនបង្ហាញ​នូវ​ការស្ញប់ស្ញែងនិង​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ធ្វើឱ្យ​កម្ពុជា​ឆ្លង​ផុតពី​ហានិភ័យនិង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ហើយ​កំពុង​បើក​ប្រទេសជាតិ​ឡើងវិញ​គ្រប់​វិស័យ​ផងដែរ​។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជាលោកស្រី លី អៃឡែន ធ្លាប់បាន​ថ្លែង​ថាប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​សំណាង​ដោយ​មាន​ការដឹកនាំ​ដ៏ត្រឹមត្រូវ​មួយ ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មិនមាន​ការខ្វះខាត​វ៉ាក់សាំង​ ។ ជំងឺ​រាតត្បាត​វីរុស​កូវីដ​១៩ នៅ​មិនទាន់​ចប់​នៅឡើយ​ទេអ៊ីចឹង​ដរាបណា​មាន​ហានិភ័យ​កើតឡើង​ដោយសារ​ជំងឺ​នេះ​នៅ​ប្រទេស​ផ្សេងៗ​ទៀតប្រទេស​កម្ពុជា​នឹង​រង​នូវ​ហានិភ័យ​ជាមិនខាន​។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «​វ៉ាក់សាំង​គឺជា​ឧបករណ៍​មួយដែល​យើង​ប្រើប្រាស់​ដើម្បី​បញ្ចប់​នូវ​ជំងឺ​រាតត្បាត​នេះហើយក៏​ជា​ឧបករណ៍​មួយដែល​ជួយ​ឱ្យ​យើ ង​អាច​ផ្លាស់ប្តូរ​ ឬក៏​សម្រប​ខ្លួន​របស់​យើង​នៅក្នុង​បរិបទ​ថ្មី​។ អ៊ីចឹង​ហើយ​យើង​បាន​ប្រមើ​មើល​ថាប្រទេស​កម្ពុជា​នៅ​តែ​ត្រូវការ​វ៉ាក់សាំង​បន្ថែមទៀត​នៅ ពេល​អនាគត​»​។ លោកស្រី​គិតថាប្រទេស​កម្ពុជានៅតែ​ត្រូវការ​វ៉ាក់សាំង​នេះ​ដើម្បី​ឆ្លើយតប​ឬ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​រាតត្បាត​នេះ​ទៅ​ថ្ងៃ​អនា គត​បន្តទៀត​ ។បើតាម​លោកស្រី លី អៃឡែន យន្តការ​កូវ៉ាក់​បាន​សន្យាថា ផ្តល់​វ៉ាក់សាំង​កូវីដ​១៩ ​មកដល់​ប្រជាជន​កម្ពុជា​ចំនួន ២០% ហើយ​មកដល់​ពេលនេះ​បាន​ផ្តល់​បាន​ប្រមាណ​ជាង​ពាក់កណ្តាល​ហើយហើយ​នៅ​ឆ្នាំក្រោយ​ឬ​ថ្ងៃ​ខាងមុខ​នឹងមាន​ផ្តល់​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៀត​ ។

​មជ្ឈមណ្ឌល​កូវ៉ាក់​បាន​កំណត់​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ប្រមាណ ៦,៦ ​លានដូស​មកដល់​ប្រទេស​កម្ពុជា​ក្នុង​ជំហាន​ដំបូង​ ។ មកដល់​ពេល​នេះវ៉ាក់សាំង​ចម្រុះ​ជាង ៣ ​លានដូស​ហើយ​តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ ។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេសគិតត្រឹមថ្ងៃទី២៤ខែធ្នូ ឆ្នាំ ២០២១៖(ក្រុមដែល មានអាយុចាប់ពី១៨ឆ្នាំឡើង)អ្នកចាក់ដូសទី១ចំនួន១០,១៤០,២៨០នាក់ ។អ្នកចាក់ដូសទី២ចំនួន ៩,៧៨៤,១៩៦នាក់ ស្មើនឹង ១០១. ៤០% នៃប្រជាជនគោលដៅសរុប ១០លាននាក់។អ្នកចាក់ដូសទី៣ចំនួន ៣ ៣២៧ ២០៨ នាក់ ។(កុមារនិងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ) អ្នកចាក់ដូសទី១ ចំនួន ១,៨០៩,៧៦៣នាក់។ អ្នកចាក់ដូសទី២ចំនួន១ ៧២៧ ៨៤២ នាក់ស្មើនឹង ៩៩.០៤% នៃក្រុមគោលដៅសរុបជាង១លាន៨សែននាក់។(កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ) អ្នកចាក់ដូសទី១ចំនួន ១ ៩៩៣ ៨៨៥នាក់​។ អ្នកចាក់ដូសទី២ចំនួន១៨៩៨ ៤៤០នាក់ស្មើនឹង១០៥ .០៩% នៃក្រុមគោលដៅសរុបជិត១លាន៩សែននាក់។(កុមារ អាយុ ០៥ឆ្នាំ)អ្នកចាក់ដូសទី១ ចំនួន ២៩៨ ៦៨៨ នាក់​ ។  អ្នកចាក់ដូសទី២ ចំនួន ២១២ ០៥៤ នាក់ស្មើនឹង ៩៨.១៥% នៃក្រុមគោលដៅសរុបប្រមាណ៣០ម៉ឺននាក់។ ប្រៀបធៀបនឹង ប្រជាជនសរុប១៦លាននាក់ស្មើនឹង ៨៩.០២% ៕