ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា ចក្ខុវិស័យនៃវិស័យការពារជាតិ គឺការបង្កើនប្រសិទ្ធភាព និងនិរន្តរភាព តាមរយៈការបន្តធ្វើការកែទម្រង់កងទ័ព ដែលជាការងារត្រូវអនុវត្តជាប្រចាំ និងគ្មានទីបញ្ចប់ ដោយផ្អែកលើស្មារតីសំខាន់ ០២៖ ទី១. មូលដ្ឋាននៃស្មារតីជាតិនិយម ដែលសំដៅដល់ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ, ការពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជន និងការពារសុខសន្តិភាពឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ដើម្បីប្រទេសជាតិយើងបានអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។

ការបញ្ជាក់នេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ បើកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្សភ្នំស្រង់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ដំណើរការនៃការកែទម្រង់ គឺមិនត្រូវប៉ះពាល់ដល់មូលដ្ឋាននៃស្មារតីនេះឡើយ ពីព្រោះកងទ័ពជាអាវុធមុខពីរ ដែលអាចជាកម្លាំងក្នុងការការពារសន្តិភាពផង និងបំផ្លាញសន្តិភាពផង ដូចដែលមានសរបញ្ជាក់រួចមកហើយក្នុងដានប្រវត្តិសាស្ត្រកម្ពុជា ជាអាទិ៍វិបត្តិសង្គ្រាមស៊ីវិលក្នុងទស្សវត្សរ៍ឆ្នាំ៧០ ដោយរដ្ឋប្រហារយោធា និងការទទួលបានសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានកងទ័ពជាប្រតិបត្តិករ។ ទី២. គឺស្មារតីម្ចាស់ការឯករាជ្យលើគ្រប់វិស័យ។ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ដំណើរការកែទម្រង់ ក៏ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការគិតគូរអំពីការធ្វើទំនើបកម្ម។ “ទំនើបកម្ម គឺជាការកែសម្រួលដើម្បីឱ្យឆ្លើយតបសភាពការណ៍ជាក់ស្តែង” ដូច្នេះចំពោះមុខ ដំណើរការនៃការធ្វើទំនើបកម្មគួរផ្តោតទៅលើការកែសម្រួលរចនាសម្ព័ន្ធ, ការកសាងធនធានមនុស្ស និងការផ្តល់សម្ភារគ្រឿងបំពាក់ឱ្យទាន់សភាពការណ៍ ដើម្បីឆ្លើយតបទៅនឹងសំណូមពរភារកិច្ច ដែលកំពុងប្រែប្រួលទៅតាមការវិវឌ្ឍនៃសង្គម និងបច្ចេកវិទ្យា។

មេបញ្ជាការកងទ័ពជើងគោកបានសង្កត់ធ្ងន់ថា ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ។ ការថ្លោះធ្លោយណាមួយ គឺអាចនឹងបង្កឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរដល់លំនឹងនៃស្ថិរភាពសង្គម-សេដ្ឋកិច្ច សន្តិភាព និងការអភិវឌ្ឍជាតិ ក៏ដូចជាតំបន់ទាំងមូលផងដែរ។ ក្នុងន័យនេះ បញ្ជាការដ្ឋានអង្គរក្ស គឺជាកងឯកភាពឈានមុខមួយក្នុងការបំពេញភារកិច្ចស្នូលដ៏សំខាន់ចាំបាច់នេះ ដោយកន្លងមកបានខិតខំធានាបាននូវការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិនានា យ៉ាងមានប្រសិទ្ធភាព។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ក្រៅពីនេះ អង្គភាព ក៏បានបំពេញភារកិច្ចជាច្រើនទៀត ដូចជាការការពារបូររណភាពទឹកដី ជាពិសេសការដោះស្រាយវិបត្តិយថាហេតុនានា ដែលតម្រូវឱ្យមានអន្តរាគមន៍បន្ទាន់ រួមមាន ការសង្គ្រោះគ្រោះមហន្តរាយ, អំពើភេរវកម្ម និងជំងឺរាតត្បាត ជាដើម។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ និងដំណើរការបន្តនៃវគ្គជំនាន់ទី២៧ ស្របតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ ដើម្បីកសាងសមត្ថភាពយោធិន និងបង្កើនធានធានមនុស្សលើមុខជំនាញនេះ ជាការត្រៀមលក្ខណៈអនុវត្តបទបញ្ជា និងសម្រេចភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានប្រគល់ជូន៕srn