ប្រែសម្រួលៈវាសនា៖ ដោយប្រកាសមរណភាព ប្រធានាធិបតីអាហ្វ្រិកខាត្បូងលោក ស៊ីរីក រ៉ាម៉ាផូសា បាននិយាយថា វាជា«ការលាចាកលោកមួយទៀតនៃជនអាហ្វ្រិកខាងត្បូងជំនាន់លេចធ្លោមួយដែលបានបន្សល់ទុកមរតកអាហ្វ្រិកខាងត្បូងសេរីមួយដល់ពួកយើង»។
ដេសម៉ុន ទូទូ
ជាសត្រូវគ្មានការស្រុះស្រួលមួយរូបចំពោះរបបប្រកាន់ពូជសាសន៍នៅអាហ្វ្រិកខាងត្បូង លោកតាទូទូ បានធ្វើការមិនខ្លាចនឿយហត់និងដោយអហិង្សាដើម្បីការដួលរលំរបបប្រកាន់ពូជសាសន៍មួយ។
អាចារ្យសម្តីមុតតែទឹកមុខរីករាយជាប់រូបនេះ បានប្រើតុទេសនារបស់លោកក្នុងនាមជាអ្នកបួសនៅទីក្រុងចូហានេស្បឺក និងក្រោយមកជាប្រធានសង្ឃនៃទីក្រុងកេបថោន ព្រមទាំងនៅក្នុងបាតុកម្មសាធារណៈជាញឹកញយដើម្បីជំរុញសាធារណជនអោយប្រឆាំងនឹងវិសមភាពពូជសាសន៍ ទាំងនៅក្នុងស្រុកនិងនៅបរទេស។
លោក រ៉ាម៉ាផូសា បានបន្ថែមថា « ចេញពីវិថីនៃការតស៊ូប្រឆាំងនៅអាហ្វ្រិកខាងត្បូង រហូតដល់តុទេសនាននៃព្រះវិហារធំៗក្នុងលោកនិងទីកន្លែងសក្ការព្រមទាំំងនៅពិធីប្រគល់រង្វាន់ណូបែលសន្តិភាព អាចារ្យរូបនេះបានបង្ហាញអោយឃើញថាខ្លួនឯងជាជនមិនប្រកាន់សាសនាខាងណា រួមទាំងជាជើងឯកនៃសិទ្ធិមនុស្សសកលផង»។
ទូទូ បានស្លាប់ដោយស្ងៀមស្ងាត់នៅមជ្ឈមណ្ឌលសុខភាពមួយនៅទីក្រុងកេបថោន នេះបើតាមអង្គការArchbishop Desmond Tutu Trust បានប្រកាសកាលពីថ្ងៃអាទិត្យទី២៦ធ្នូ។លោកបានចូលដេកពេទ្យជាច្រើនលើកចាប់តាំងពីឆ្នាំ២០១៥ ក្រោយរកឃើញថាមានជំងឺមហារីកប្រូស្តាតនៅឆ្នាំ១៩៩៧។
ពេញទសវត្សរ៍១៩៨០ នៅពេលអាហ្វ្រិកខាងត្បូងញាំញីដោយអំពើហិង្សាប្រឆាំងការប្រកាន់ពូជសាសន៍ និងការអនុញ្ញាតអោយប៉ូលិសប្រើច្បាប់ប្រទេសក្នុងគ្រាអាសន្ន ហើយយោធាមានសិទ្ធិអំណាចទូទៅលោកទូទូជាជនស្បែកខ្មៅលេចធ្លោបំផុតតែម្នាក់គត់ដែលអាចនិយាយប្រឆាំងនឹងការរំលោភ។លោកជាកម្លាំងធំសម្បើមគួរអោយខ្លាចសំរាប់ការផ្លាស់ប្តូរ។
ការប្រគល់រង្វាន់ណូបែលដល់រូបលោកនៅឆ្នាំ១៩៨៤បានរំលេចឋានៈខ្ពង់ខ្ពស់របស់លោកជាជើងឯកមានឥទ្ធិពលបំផុតម្នាក់នៅក្នុងលោកខាងសិទ្ធិមនុស្ស និងជាការទទួលខុសត្រូវមួយដែលលោកបានប្រកាន់ខ្ជាប់ពេញមួយជីវិតរបស់លោកក្រោយមក។
ជាមួយនឹងការបញ្ចប់របបប្រកាន់ពូជសាសន៍និងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកដំបូងនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ១៩៩៤ លោកទូទូបានអបអរសង្គមពហុជាតិសាសន៍លើកដំបូងរបស់ប្រទេស ដោយបានហៅវាថាជា«ប្រជាជាតិឥន្ទធនូ»។
ទូទូ និងមិត្តរួមការតស៊ូអតីត ប្រធានាធិបតី ណែលសុន ម៉ង់ដេឡា បានប្តេជ្ញាចិត្តរួមគ្នាថានឹងស្ថាបនាអាហ្វ្រិកខាងត្បូងស្មើភាពនិងកាន់តែល្អប្រសើរឡើងមួយ។
ក្រោយក្លាយជាប្រធានាធិបតីនៅឆ្នាំ១៩៩៤ ម៉ង់ដេឡាបានតែងតាំងទូទូជាប្រធានគណៈកម្មាធិការស្វែងរកការពិតនិងផ្សះផ្សារ ជាអង្គការស្វែងរកការរំលោភរបស់ប្រព័ន្ធគ្រប់គ្របនៃរបបប្រកាន់ពូជសាសន៍។
ទូទូក៏ដឹកនាំយុទ្ធនាការជាអន្តរជាតិសំរាប់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិមនុស្សភេទទី៣ និងអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នា៕