​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ កន្លែង​លំហែកាយ ទឹក​ចេញ​ភូមិ​យើង ស្ថិតនៅក្នុង ភូមិ ខ្វិត​ទួល​ឃ្លាំង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ជាប់​រមណីយដ្ឋាន ទឹកធ្លាក់​ជ្រាវ ស្វាគមន៍​ភ្ញៀវទេសចរ មក​បោះតង់ សម្រាក​កម្សាន្ត មុជទឹក​ជ្រោះ​ទឹកធ្លាក់​ជ្រាវ និង​ជិះ​គោយន្ត​លេង​កម្សាន្ត យ៉ាង​សប្បាយរីករាយ ។​

​លោក សុខ ជា អ្នកគ្រប់គ្រង​កន្លែង​លំហែ​កម្សាន្ត ទឹក​ចេញ​ភូមិ​យើង បាន​ឲ្យ​ដឹងថាៈ ទីតាំង​លំហែ​កម្សាន្ត ទឹក​ចេញ​ភូមិ​យើង មាន​ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ ពី​ទី​រួម ស្រុក​ទឹកផុស និង​មាន​ចម្ងាយ​ប្រមាណ​ជាង ៣០ គីឡូម៉ែត្រ ពី​ស្រុក​ឧដុង្គ និង​មាន ចម្ងាយ​ប្រមាណ​ជាង មួយ គីឡូម៉ែត្រ ខាងកើត រមណីយដ្ឋាន​ទឹកធ្លាក់​ជ្រាវ ។​

​លោក សុខ ជា បាន​បន្តថាៈ កន្លែង​លំហែកាយ ទឹក​ចេញ​ភូមិ​យើង ទើបតែ​បង្កើត ឡើង នៅ​ពាក់កណ្ដាល ខែធ្នូ ឆ្នាំ​២០២១ នេះ​ទេ ដែល​អាច​ទទួលភ្ញៀវ​ទេសច​រ ជិត​ឆ្ងាយ មក​បោះតង់ មក​ជិះ​គោយន្ត ដើរលេង​កម្សាន្ត ក្នុង​តំបន់​មូលដ្ឋាន ដែលមាន​ភ្នំ​ព័ទ្ធជុំវិញ និង​មាន​ដង​ជ្រោះ​ទឹកធ្លាក់​ជ្រាវ និង​អាច​មុជទឹក​កម្សាន្ដ យ៉ាង​សប្បាយរីករាយ ។

​ជាមួយគ្នានេះដែរ កន្លែង​លំហែកាយ ទឹក​ចេញ​ភូមិ​យើង ក៏មាន​សេវា លក់ដូរ​ម្ហូប អាហារ និង​ភេសជ្ជៈ​នានា មាន​តន្ត្រីបុរាណ សម្រាប់​ភ្ញៀវទេសចរ មក​បោះតង់ លំហែកាយ​ផងដែរ ។ ក្នុងនោះ សេវា​ជួល​តង់ សម្រាក​លេង​កម្សាន្ត ក្នុង​មួយថ្ងៃ ពីរម៉ឺន​រៀល , បើ​មាន​តង់​ខ្លួនឯង សេវា​ក្នុង​ទីតាំង​លំហែកាយ មួយថ្ងៃ មួយ​ម៉ឺន​រៀល​ ​ប៉ុន្តែ​បើ​គ្រាន់តែ ចូលមក​លេង ជាធម្មតា​នោះ គឺ​មិន​តម្រូវឱ្យ​បង់ប្រាក់​នោះទេ​។​

​ជាមួយគ្នានេះដែរ ទីតាំង​លំហែកាយ ទឹក​ចេញ​ភូមិ​យើង មាន​សេវា​ម្ហូបអាហារ ភេសជ្ជៈ តន្ត្រីបុរាណ សម្រាប់​កន្លែង​ហាត់ប្រាណ វាយ​ប៊ូល លើក​អាល់​ទែ​រ​សំរាប់ បំរើ តម្រូវការ​របស់​ភ្ញៀវទេសចរ​ផងដែរ រួមទាំង​មាន បង្គន់​អនាម័យ មាន​ប្រជា ការពារ ក្នុង​មូលដ្ឋាន ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព ផងដែរ ។​

​លោក សុខ ជា បាន​ឲ្យ​ដឹង​ទៀតថាៈ ការបង្កើត​កន្លែង​លំហែកាយ ទឹក​ចេញ​ភូមិ យើង នេះ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ដែល​កន្លងមក ពួកគាត់​មានមុខ​របរ ឡើង​ភ្នំ កាប់​ឈើ ចិញ្ចឹមជីវិត​នោះ ប្រែក្លាយ មកជា​អ្នកបំរើ សេវា​ដឹក​ភ្ញៀវទេសចរ តាម​គោយន្ត ដើរ​កម្សាន្ត​លំហែកាយ ជា​អ្នក​ដាំ​ចំការ​ក្រូច ចម្ការ​មៀន ចំការចេក វិញ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ និង​ដើម្បី​ចូលរួម​ទប់ស្កាត់ ការកាប់​ដើមឈើ តាម​ព្រៃភ្នំ​របស់​រដ្ឋ ។

​បុរស​អ្នកភូមិ​ម្នាក់ ដែលជា​អ្នកបើក​គោយន្ត ដឹក​ភ្ញៀវទេសចរ ដើរលេង​កម្សាន្ដ​បានឱ្យដឹងថាៈ សេវា​ដឹក​ភ្ញៀវ​របស់គាត់ មិន​កំណត់​ថ្លៃឈ្នួល​ទេ គឺ​តាមចិត្ត​ដែល​អ្នកទេសចរ ផ្ដល់ឱ្យ​។ ចំពោះ​ការជូន​ភ្ញៀវ ដើរលេង គឺ​ដើរលេង មើល​ទឹកជ្រោះ ជ្រលង​ដងអូរ តាម​ព្រៃភ្នំ មើល​ចំការ​ដំណាំ​នានា របស់​អ្នកស្រុក និង​ក៏​អាច​មុជ ទឹកជ្រោះ លេង​កម្សាន្ត យ៉ាង​សប្បាយរីករាយ​ផងដែរ ។

​ដូច្នេះ​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​មូលដ្ឋាន ទឹក​ចេញ​ភូមិ​យើង សូម​អំពាវនាវ ដល់​ភ្ញៀវទេសចរ ជិត​ឆ្ងាយ សូម​អញ្ជើញ​មក​សម្រាក លំហែកាយ មកលេង កម្សាន្ត​យ៉ាង​សប្បាយរីករាយ ពិតជា​មិន​ខុស​បំណង​នោះឡើយ ៕/V​-PC