ដោយៈ បូកគោ / កំពតៈ ផលនេសាទសមុទ្រ ឆ្នាំ២០២១ ដែលទទួលបាន មានការថយចុះ ប្រមាណជាង ពីរ ពាន់តោន បើប្រៀបធៀបនឹងឆ្នាំ កន្លងទៅ។ ក្នុងបំណងអភិរក្ស និងការពារធនធានសមុទ្រ ដែលតែងថយចុះ ពីមួយឆ្នាំ ទៅមួយឆ្នាំ ឱ្យមានភាពប្រសើរឡើងវិញ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានដាក់ចេញនូវផែនការ ចាំបាច់មួយចំនួន សម្រាប់អនុវត្តបន្ត នាឆ្នាំខាងមុខ។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានបញ្ជាក់ឱ្យដឹងថាៈ ក្នុងឆ្នាំ២០២១ ទិន្នផលសមុទ្រសរុប ដែលបងប្អូនប្រជានេសាទ ប្រមូលបាន មានទម្ងន់ ១៨.០០០ តោន។ បរិមាណនេះ មានការថយចុះ ២.៣០០ តោន ឬស្មើនឹង ១១ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈដែលឆ្នាំមុន ទទួលបាន ២០.៣០០ តោន។
លោកនាយខណ្ឌ បានបន្តថាៈ ផលសមុទ្រ ថយចុះបែបនេះ បណ្តាលមកពីកត្តា មួយចំនួន រួមមាន បម្រែបម្រួលអាកាសធាតុ ដូចជាខ្យល់ព្យុះ ភ្លៀងផ្គរ ជាញឹក ញយ។ ជាមួយនេះ ក៏ផ្តើមឡើងដោយកត្តាមនុស្សដែលបានធ្វើឱ្យ បាត់បង់ជម្រក ក្នុងដែននេសាទ ព្រោះតែសកម្មភាពអភិវឌ្ឍន៍ នៅតំបន់ឆ្នេរ ការលួចប្រើឧបករណ៍ នេសាទល្មើសច្បាប់ និងការយល់ដឹង លើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ នៅមានកម្រិត។
លោក ស សូរិន បានបញ្ជាក់ឱ្យដឹងផងដែរថាៈ ដើម្បីអភិរក្សធនធានសមុទ្រ ឱ្យមាននិរន្តរភាព ខណ្ឌរដ្ឋបាលជលផល បានដាក់ចេញនូវផែនការ និងទិសដៅ សម្រាប់អនុវត្ត ចាំបាច់មួយចំនួន ដូចជា មន្ត្រីជលផល ត្រូវបន្តកៀរគរអង្គការដៃគូ ធ្វើការបោះបង្គោល ដែនព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្មជាដើម។ បន្តផ្សព្វ ផ្សាយ ច្បាប់ជលផល ដល់ប្រជានេសាទ ឱ្យបានទូលំទូលាយ ដើម្បីមានកិច្ច សហការ ក្នុងការលុបបំបាត់ ឧបករណ៍នេសាទខុសច្បាប់។ បញ្ជ្រាបអំពីការរៀប ចំបច្ចេកទេស ឱ្យប្រជានេសាទ ចូលរួមបង្កើនមុខរប រចិញ្ចឹមត្រី ក្តាម បង្គា បំណងកាត់បន្ថយ ការនេសាទ នៅលើផ្ទៃសមុទ្រ។
លោកនាយខណ្ បានបន្ថែមថាៈ មន្ត្រីជលផល នៅតែបន្តសកម្មភាពល្បាត ដូចភ្លៀងរលឹម ដើម្បីបង្ការទប់ស្កាត់ បទល្មើសនេសាទ។ លើសពីនេះខណ្ឌរដ្ឋបាល ជលផល នឹងរៀបចំសហគមន៍នេសាទ ទាំង៩ ក្នុងខេត្តកំពត ឱ្យក្លាយជាតំបន់ទេស ចរណ៍ធម្មជាតិ ដើម្បីប្រជានេសាទរកប្រាក់ចំណូលបន្ថែម ក្រៅពីការចេញទៅ សមុទ្រ៕/V-PC