ដោយៈ សុផល / ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ក្រសួងទេសចរណ៍ បានរៀបចំ សិក្ខាសាលា ពិគ្រោះ​យោបល់ លើ​ការរៀបចំ​យុទ្ធសាស្ត្រ ការពង្រឹង​គុណ ភាព និង​អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា (២០២២-២០៣៥) ក្រោម​អធិបតីភាព​របស់ លោក ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ ដើម្បី​សិក្សា និង​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ អភិវឌ្ឍន៍​ទេសចរណ៍ ដោយមាន​ការចូលរួម​ពី​លោក​-​លោកស្រី មកពី​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​។​

​សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បីៈ បង្ហាញ​ពី​សេចក្តីព្រាង​យុទ្ធសាស្ត្រ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​ធនធានមនុស្ស ដែល​ផ្តោតទៅលើ​កត្តា​ជំនាញ​វិជ្ជាជីវៈ​, ក្រមសីលធម៌ ក្រម​វិជ្ជាជីវៈ និង​ផ្សារភ្ជាប់​ភាពជា​ខ្មែរ សំដៅ​ពង្រឹងគុណភាព​សេវាកម្ម ,​បង្កើន​ផលិតភាព​ការងារ , ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង ,​ជំរុញ​ការបង្កើត​ថ្មី និង​ភាព​ច្នៃប្រឌិត ,​ការពារ និង​លើកកម្ពស់​សម្បត្តិ​វប្បធម៌ ប្រពៃណី និង​ធនធានធម្មជាតិ របស់​កម្ពុជា​។​

​សិក្ខាសាលា​នេះ ក៏បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ នៃ​ការពង្រឹង​គុណភាព និង​សុវត្ថិភាព ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ផ្តោតលើ សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ដោយ​រៀបចំ​ប្រព័ន្ធ​សង្គ្រោះ​ទេសចរណ៍​, ការអនុវត្ត​វិធាន សុវត្ថិភាព និង​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិ​ភា​ព៉​”​។​

​ជាងនេះទៅទៀត សិក្ខាសាលា បានផ្តល់​ជា​ធាតុ​ចូល​បន្ថែមទៀត ទៅក្នុង​ការរៀបចំ សេចក្តីព្រាង​នៃ “​ផែនការ​យុទ្ធសាស្ត្រ​ជាតិ អភិវឌ្ឍន៍​ទេសចរណ៍ ឆ្នាំ​២០២២-២០៣៥” មុន​ដឹង​ដាក់ជូន​ថ្នាក់ដឹកនាំ ក្រសួង​ពិនិត្យ​បន្ថែម​៕/V​