ដោយៈ ជា សីហៈ /​ភ្នំពេញៈ គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance បាន​ដោះលែង​សត្វ​ស្លាប​៣​ប្រភេទ​ចំនួន​១៨​ក្បាល និង​ទោច​មកុដ​១​គូ បាន​ដោះលែង​បន្ថែម​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​។

​ក្រសួង​វប្បធម៌​បាន​ឲ្យ​ដឹងថា សត្វ​ស្លាប​៣​ប្រភេទ​ចំនួន​១៤​ក្បាល​រួមមាន សត្វ​ក្ងោក​(Peafowl)​ចំនួន​៤​ក្បាល មាន​ឈ្មោល​៣ ញី​១, សត្វ​កេងកង​ធំ​(Great Hornbill) ចំនួន​៦​ក្បាល ពោលគឺ​ឈ្មោល​៥ ញី​១ និង​សត្វ​ព្វាំ​ង​(Wreathed Hornbill) ចំនួន​៤​ក្បាល ដែល​ទទួល​បានជា​អំណោយ​ពី​អង្គការ​អភិរក្ស​សត្វព្រៃ​នានា និង​ប្រជាពលរដ្ឋ បាន​យកមក​ផ្សាំង​ក្នុង​ទ្រុង​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​។

​ប្រភព​ដដែល​បាន​បន្តថា ចំណែក​សត្វ​ទោច​មកុដ​១​គូ​(Pileated Gibbon) ដែលជា​គូ​ចុងក្រោយ និង​បាន​យកមក​ផ្សាំង​ក្នុង​ទ្រុង​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ក៍​ត្រូវបាន​ដោះលែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គ​រដែរ​។ ក្នុងពេល​ជាមួយគ្នា​នោះ អង្គការ ACCB ក្រោម​ការសម្របសម្រួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ Wildlife Alliance ក៏បាន​នាំយក​សត្វ​ក្ងោក​៤​ក្បាល មក​ដោះលែង​ក្នុងពេល​នោះដែរ​(Hard releasing)​។​

​ចាប់តាំងពី​ឆ្នាំ​២០១៣ មក​គម្រោង​ទទួលបាន​ជោគជ័យ​ក្នុងការ​ដោះលែង​សត្វព្រៃ​ជាច្រើន​ប្រភេទ​ចូល​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​មានដូចជា សត្វ​ទោច​មកុដ​(Pileated Gibbon) ចំនួន​១៣​ក្បាល​(​កើតកូន​បាន​ចំនួន​៧​ក្បាល​) សត្វ​ឈ្លូស​(Red Muntjac)​ចំនួន​៤​ក្បាល សត្វ​ស្វា​ព្រាម​(Silvered Langurs) ចំនួន​១២​ក្បាល សត្វ​សំពោចក្រអូប​(Common palm Civets) ចំនួន​៥​ក្បាល សត្វ​ភេ​ខ្លួន​រលោង​(Smooth-coated Otter) ចំនួន​៥​ក្បាល​(​កើតកូន​បាន​ចំនួន​២​ក្បាល​) សត្វ​ឆ្មារ​ដាវ​(Leopard Cat) ចំនួន​២​ក្បាល និង​សត្វ​កេងកង​តូច​(Oriental Pied Hornbill) ចំនួន​៧​ក្បាល និង​សត្វ​ផ្សេងៗ​មួយចំនួនទៀត ដែល​មកដល់​ឥឡូវ​សត្វ​ទាំងអស់នេះ​នៅតែមាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ ក្រោម​ការយកចិត្តទុកដាក់​តាមដាន និង​ថែទាំ​ជាប្រចាំ​ពី​ក្រុមការងារ​៕