ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ​ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០២១​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​បានដាក់​ពង្រាយ​នៅតាម​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​នៅក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ថែរក្សា​សុវត្ថិភាព​របៀប​រយ​ល្អ និង សន្តិសុខ​សណ្ដាប់ធ្នាប់​។​

​បើ​យោងតាម​ផេ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ឱ្យដឹងថា រាជធានី​ភ្នំពេញ មាន​មណ្ឌល​ប្រឡង​២៨​មណ្ឌល ស្មើ​៨៤០​បន្ទប់ ។​ការប្រឡង​នៅ​ថ្ងៃ​ដំបូង​នេះ​គឺ​គេ​សង្កេតឃើញ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ​។​ការប្រឡង​នៅ​ឆ្នាំនេះ​ផងដែរ​គឺមាន​ការពង្រឹង​ម៉ឺងម៉ាត់​ដូច​ឆ្នាំកន្លងមក​ទាំង​សកម្មភាព​ឆែក​ប្រមូល​សំណៅ​ឯកសារ ឧបករណ៍​អេឡិចត្រូនិក និង​សម្ភារ​ហាមឃាត់​ផ្សេងៗ ពី​បេក្ខជន​ថែមទាំង​មានការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គណៈមេប្រយោគ អាជ្ញា​ធរមាន​សមត្ថកិច្ច អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​២៧​និង​២៨ ខែធ្នូ​ដោយ​អនុវត្តតាម​វិធាន​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ៕​សរន​