ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
និសាចរ
នាមសព្ទ
( បា. ) អ្នកត្រាច់ទៅមកក្នុងវេលាយប់ ។ ព្រាយអាកាស, បិសាចដើរយប់,… ។
គុណសព្ទ
ដែលត្រាច់ទៅមក, រកស៊ីក្នុងវេលាយប់
មៀម, ទីទុយ, ខ្លែងស្រាក, ពព្លាក់ ។ ល ។ ជាពួកសត្វនិសាចរ ។ ព. ផ្ទ. ទិវាចរ ។
បណ្ដិប
នាមសព្ទ
( ព. បុ. ) សម្ដីហាមប្រាមបញ្ជាក់ហើយបញ្ជាក់ទៀត, សម្ដីហាមបញ្ជាក់ដោយដាក់កំហិតឲ្យអ្នកស្ដាប់ទទួលប្រតិបត្តិតាមដោយដាច់ខាត ជាសម្ដីដែលអ្នកស្ដាប់ច្រើនតែពុំសូវគាប់ចិត្ត : បណ្ដិបម្តាយច្រើនតែក្លាយជាទាស់ចិត្តកូន; បណ្ដិបម្តាយឪពុកថាកុំឲ្យកូនតូចៗចុះងូតទឹកជ្រៅក្រែងវាលង់, វាច្រើនតែពុំសូវស្តាប់ ។ ពាក្យកាព្យថា : ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា ពាក្យពិតរែងស្លែង ពុំពីរោះថា បណ្ដិបមេបា រែងថាពុំគាប់ ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។ ( ក្នុងសម័យតមក, មានអ្នកអក្សរសាស្ត្រខ្លះកែពាក្យកាព្យ បណ្ដិប នេះជា បណ្ដាំ ពីព្រោះពុំយល់អត្ថន័យរបស់ពាក្យ បណ្ដិប ) ។
បទ
(បត់)
នាមសព្ទ
( សំ. បា. ) ឧបាយ; រឿង, ហេតុ; ទី; ការរក្សា; ចំណែក; ជើង; ស្នាមជើង; ផ្លូវ; ទំនង, ដំណើរ, ទំនង, ដើមទង ។ គ្វាម, លំនាំ នៃសំឡេងដែលសូត្រឬដែលច្រៀង ។ បទសរភញ្ញ ( ម. ព. សរភញ្ញ ) ។
និបាតសព្ទ
ដ្បិត (ព. បុ.); (ព. កា.) ចង្អុលប្រាប់ពាក្យ បទ (ដ្បិត)
ប្រពន្ធឃើញឃាត់ទៅ ប្តីមិនត្រូវថាកុំអ្នក ឯងខឹងលោវាយធាក់ ដោយចិត្តធំបទបានស្រា ។ … ( សាស្ត្រាច្បាប់ប្រុស បណ្ឌិតមៃ ) ។ ម. ព. ដ្បិត ទៀតផង ។
បាទចារី
(បាទៈចារ៉ី)
នាមសព្ទ
(បា.; សំ. បាទចារិន៑) អ្នកត្រាច់ទៅដោយជើង, អ្នកដើរជើង; ទាហានថ្មើរជើង; បើស្ត្រីជា បាទចារិនី ។
បុរាណ
(—រ៉ាន)
គុណសព្ទ
( សំ. បា. បុរាណ ) ចាស់, ដែលកើតមានមុន, ដែលមានយូរហើយ, ដែលធ្លាប់មានពីព្រេងនាយ : ពាក្យបុរាណ, របស់បុរាណ, ប្រាសាទបុរាណ ។ ប្រើជា ន. ក៏បាន : កាលពីបុរាណ, បុរាណពីដើម ។ ល ។ សព្ទនេះច្រើនប្រើជាបទសមាសភ្ជាប់នឹងនាមសព្ទឯទៀត, ដូចជា បុរាណកាល ( —រ៉ាណ:— ) កាលឬគ្រាពីដើម កាលពីព្រេងនាយ ។ បុរាណពិធី ( —រ៉ាណ:— ) បែប, បែបបទពីព្រេងនាយ ។ បុរាណភណ្ឌ (បុរ៉ាណៈភ័ន) របស់ចាស់, ទ្រព្យចាស់ ។ បុរាណរាជ (—រ៉ាណៈរាច) ស្ដេចពីព្រេងនាយ ។ បុរាណរាជ្យ (—រ៉ាណៈរាច) រាជ្យពីដើម ( ម. ព. រាជ និង រាជ្យ ផង)។ បុរាណវត្ថុ (—រ៉ាណៈ—) វត្ថុចាស់ (ដូចគ្នានឹង បុរាណភណ្ឌ ដែរ) ។ បុរាណវាទ —រ៉ាណៈវាត) ពាក្យពីព្រេងនាយ, ពាក្យចាស់។ បុរាណសម័យ (—រ៉ាណៈសៈម៉ៃ) សម័យពីដើម (ដូចគ្នានឹង បុរាណកាល) ។ ក្នុងកាព្យ អាចប្រើ បូរាណ បាន សម្រួលតាមសម្ផស្សកាព្យ ។ ម. ព. បូរាណ និង បោរាណ ទៀតផង ។